លោក ហ៊ុន សែន និងលោក សម រង្ស៊ី នៅព្រលានយន្តហោះភ្នំពេញនាពេលកន្លងមក។ រូប ហ្វេសប៊ុក SR
Thu, 15 November 2018
បែន សុខហ៊ាន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីម្សិលមិញចាត់ទុកក្រុមមេធាវីការពារក្តីឲ្យក្រុមប្រឆាំងថា ជាអ្នកច្បាប់ដែលមិនមានលក្ខណសម្បត្តិ និងសម្បទាគ្រប់គ្រាន់ក្នុងតួនាទីជាអ្នកការពារក្តី ដោយសារថាពួកគេខ្វះសមត្ថភាពផ្នែកច្បាប់ក្នុងការបកស្រាយទៅលើសាររបស់លោកឆ្លើយឆ្លងជាមួយប្រធានចលនាសង្គ្រោះជាតិលោក សម រង្ស៊ី ក្នុងការលេងល្បែងភ្នាល់លើសំណុំរឿងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Fresh News ពីម្សិលមិញលោក ហ៊ុន សែន បញ្ជាក់ជាថ្មីថានាយករដ្ឋមន្ត្រីមិនមានសិទ្ធិស្នើឲ្យមានការលើកលែងទោសដល់ពិរុទ្ធជនដែលមិនទាន់ទទួលការកាត់ទោស ឬសាលក្រមមិនទាន់ស្ថាពរនោះទេ។ ទោះបីជាលោកថ្លែងដោយមិនបានសំដៅចំឈ្មោះបុគ្គលណាមួយដែលក្រុមមេធាវីទាំងនោះការពារសិទ្ធិក៏ដោយ ប៉ុន្តែតាមរយៈការថ្លែងរបស់លោកថា មេធាវីការពារឲ្យក្រុមប្រឆាំងនោះគឺត្រូវបានគេដឹងថាលោក ហ៊ុន សែន ចង់សំដៅទៅរកក្រុមមេធាវីការពារលោក កឹម សុខា ឬលោក សម រង្ស៊ី។ លោកថាក្រុមមេធាវីទាំងនោះបានធ្វើការបកស្រាយ «ទាំងមិនដឹងខ្យល់អី» និងជាអ្នកច្បាប់ដែលខ្វះ «សមត្ថភាពផ្នែកផ្លូវច្បាប់ធ្ងន់ធ្ងរ» ឬ «គ្មានកាយសម្បទាគ្រប់គ្រាន់ក្នុងការស្តាប់ និងវិភាគ» សាររបស់លោក។
លោកត្រូវបានដកស្រង់សម្តីថា៖ «ក្រុមអ្នកច្បាប់ និងមេធាវីដែលគាំទ្រជនពាលខាងនយោបាយត្រូវរៀនស្តាប់សម្តីរបស់ខ្ញុំឲ្យច្បាស់មុនធ្វើការបកស្រាយទាំងមិនដឹងខ្យល់អី។ អ្នកឯងមិនត្រឹមតែខ្វះសមត្ថភាពផ្នែកផ្លូវច្បាប់ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែជាបុគ្គលគ្មានកាយសម្បទាគ្រប់គ្រាន់ក្នុងការស្តាប់យល់ និងវិភាគឲ្យបានត្រឹមត្រូវនូវភាសារបស់នាយករដ្ឋមន្ត្រី»។
ក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា កាលពីសប្ដាហ៍មុនបានចេញសេចក្ដីថ្លែងការណ៍មួយដោយយល់ឃើញថាការដោះលែង ឬការលើកលែងបទចោទប្រកាន់ ដើម្បីឲ្យលោក កឹម សុខា មានសេរីភាពវិញគឺជាសមត្ថកិច្ចតុលាការមិនស្ថិតក្រោមល្បែងភ្នាល់គ្នានោះទេ។ ក្រុមមេធាវីចាត់ទុកការភ្នាល់គ្នារវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ចំពោះអនាគតលោក កឹម សុខា ថា អាចធ្វើឲ្យប៉ះពាល់ដល់នីតិវិធីស៊ើបសួររបស់តុលាការក្នុងសំណុំរឿងចោទពីបទ «ក្បត់ជាតិ»។
សេចក្ដីថ្លែងការណ៍ថា៖ «សហមេធាវីយល់ឃើញថា ការយកសេរីភាពបុគ្គល ជាពិសេសគឺឯកឧត្តម កឹម សុខា ដែលជាអ្នកនយោបាយផ្សារភ្ជាប់ទៅនឹងនយោបាយជាតិមកភ្នាល់គឺធ្វើឱ្យជាតិកាន់តែបែកបាក់ធ្ងន់ធ្ងរឈឺផ្សាថែមទៀត។ យើងខ្ញុំសូមឲ្យអ្នកនយោបាយខ្មែរប្រកាន់នូវគុណធម៌ សីលធម៌ ជាអ្នកនយោបាយគំរូល្អសម្រាប់ខ្មែរបន្តវេនជំនាន់ក្រោយ»។
ជាមួយគ្នានេះលោក ផាន់ ច័ន្ទសាក់ មេធាវីម្នាក់ក្នុងចំណោមមេធាវីការពារក្ដីឲ្យលោក កឹម សុខា ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រុមមេធាវី និងលោក សម រង្ស៊ី មិនបានពិគ្រោះផ្នែកផ្លូវច្បាប់ណាមួយលើការលេងល្បែងភ្នាល់រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី លើសំណុំរឿងលោក កឹម សុខា នោះទេ ហើយលោកនៅតែចាត់ទុកការភ្នាល់របស់អ្នកនយោបាយទាំង ២ ថាបានធ្វើឲ្យប៉ះពាល់ដល់នីតិវិធីនៃការស៊ើបអង្កេតលើសំណុំរឿងនេះ។
អ្នកវិភាគនយោបាយលោក មាស នី បានថ្លែងថាតាមការសង្កេតឃើញប្រតិកម្មភាគច្រើនអំពីបញ្ហានេះគឺចេញពីក្នុងចំណោមអ្នកគាំទ្រលោក កឹម សុខា ដែលមិនពេញចិត្តនឹងការភ្នាល់គ្នានេះដែលអាចធ្វើឲ្យលោកនឹងនៅបន្តជាប់ឃុំនៅក្នុងផ្ទះក្នុងរយៈពេលវែងបន្ថែមទៀត។
លោកថ្លែងថា៖ «រឿងនេះវាប៉ះពាល់ទៅដល់អនាគតរបស់លោក កឹម សុខា។ យើងត្រូវទទួលស្គាល់ថាការធ្វើបែបនេះវានឹងអាចធ្វើឲ្យសម្ដេចនាយក [រដ្ឋមន្ត្រី ហ៊ុន សែន] នឹងគ្មានជម្រើសអ្វីក្រៅពីរឿងរក្សាលោក កឹម សុខា ទុកឲ្យនៅក្នុងការឃុំខ្លួនបន្តទៀតដែលធ្វើឲ្យសហគមន៍អន្តរជាតិនៅតែបន្តធ្វើការគាបសង្កត់»។
លោកបន្ថែមថាទោះបីលោក សម រង្ស៊ី ធ្វើការក្នុងគោលបំណងបង្ហាញថា តុលាការមិនឯករាជ្យក្ដី ក៏វានឹងប្រឈមផលវិបាកនៃការប្រេះឆាកាន់តែខ្លាំងក្នុងចំណោមអ្នកស្មោះស្ម័គ្រអតីតបក្សប្រឆាំង។
លោកបន្តថា៖ «វាហាក់ដូចហែកចែកគ្នាកាន់តែឆ្ងាយទៅ។ ត្រង់ថា គាត់ចង់បានប្រៀបនយោបាយ ឬធ្វើដើម្បីសង្គ្រោះជាតិឬយ៉ាងណានោះដូចដែលយើងដឹងហើយថា បើ ២ នាក់នេះបែកគ្នា ក៏មិនអាចទៅធ្វើការផ្លាស់ប្ដូរអ្វីបានដែរ»៕
Contact author: បែន សុខហ៊ាន