ដោយ វណ្ណ សុគន្ធា
02/01/2019
RFI

ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលមានរូបសំណាក់ទាហានវៀតណាម (រូបតំណាង) The TRVL Blog
The TRVL Blog
ក្រសួងការពារជាតិនៅព្រឹកថ្ងៃពុធនេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៩។ ក្នុងមួយឆ្នាំទៅនេះ ក្រសួងការពារជាតិ បានលើកឡើងពីលទ្ធផលការងារល្អប្រសើរ ដែលខ្លួនបានអនុវត្ត។ ក្រសួងការពារជាតិក៏បានអះអាងឲ្យដឹងដែរថាកងទ័ពកម្ពុជាបានចូលរួមរុករកឃើញអដ្ឋិធាតុទាហានវៀតណាមបាត់ខ្លួនជិត៦០០អដ្ឋិធាតុនៅក្នុងឆ្នាំ២០១៨។
លោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបង្ហាញឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ កងទ័ពជើងគោកកម្ពុជាបានសហការជាមួយក្រុមរុករកអដ្ឋិធាតុទាហានវៀតណាម បានរកឃើញអដិ្ឋធាតុទាហានវៀតណាមចំនួន៥៩០ធាតុ។ ក្នុងនោះ យោធភូមិភាគពិសេសចំនួន៥២ធាតុ យោធភូមិភាគទី១ចំនួន៣៦ធាតុ យោធភូមិភាគទី២ចំនួន២០៧ធាតុ យោធភូមិភាគទី៣ចំនួន១៣៥ធាតុ យោធភូមិភាគទី៤ ចំនួន៩២ធាតុ និងយោធភូមិភាគទី៥ចំនួន៦៨ធាតុ។
រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានចុះកិច្ចព្រមព្រៀងរុករក និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់ទាហានវៀតណាមដែលស្លាប់ក្នុងសម័យសង្រ្គាមនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០០កន្លងទៅ។ គិតដល់ពេលបច្ចុប្បន្ននេះ អដ្ឋិធាតុកងទាហានវៀតណាមប្រមាណ ១៧,៨៥០អដិ្ឋធាតុហើយត្រូវបានរុករកឃើញ និងបានបញ្ជូនទៅបញ្ចុះនៅក្នុងប្រទេសវៀតណាម។
ទោះជាបែបនេះក្តី សកម្មភាពរុករកអដ្ឋិធាតុទាហានវៀតណាមនៅតែបន្តធ្វើទៅទៀត។ កាលពីខែតុលា ឆ្នាំ២០១៨ គណៈកម្មាធិការជំនាញរុករកអដ្ឋិធាតុរវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ វៀតណាមបានឯកភាពគ្នារួចរាល់ហើយលើការងាររុករកអដ្ឋិធាតុទាហានវៀតណាមនៅកម្ពុជាសម្រាប់ឆ្នាំ២០១៨-ឆ្នាំ២០១៩។ តាមគណៈកម្មាធិការពិសេសស្វែងរកអដ្ឋិធាតុ គឺនៅសល់អដ្ឋិធាតុរបស់ទាហានវៀតណាមជិត៤ពាន់នាក់ទៀតនៅកម្ពុជា ដែលមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ កម្ពុជា និងវៀតណាម បានកំណត់គោលដៅបញ្ចប់ការស្វែងរកអដ្ឋិធាតុទាហានវៀតណាមនៅកម្ពុជាទាំងអស់ឲ្យបានត្រឹមឆ្នាំ២០២០ខាងមុខនេះ។
សូមបញ្ជាក់ថា ក្រៅពីទាហានវៀតណាម កម្ពុជាក៏បើកឲ្យមានការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបានស្លាប់ក្នុងសម័យសង្រ្គាមនៅកម្ពុជាផងដែរ។ ប៉ុន្តែការរុករកអដ្ឋិធាតុទាហានអាមេរិកនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកជាង១ឆ្នាំ គឺតាំងពីខែកញ្ញាឆ្នាំ ២០១៧មក ដោយសារតែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានរឹតត្បិតទិដ្ឋាការប្រឆាំងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា។
តែទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីខែតុលា ឆ្នាំ២០១៨ ក៏បានយល់ព្រមឲ្យមានការរុករកអដ្ឋិធាតុទាហានអាមេរិកឡើងវិញតាមសំណើរបស់សមាជិកព្រឹទ្ធសភាអាមេរិក។ តាមរដ្ឋាភិបាលកម្ពុជា ទាហានអាមេរិកជាង៨០នាក់ បានបាត់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងសម័យសង្គ្រាមវៀតណាម។ ប៉ុន្តែគិតមកដល់ពេលនេះ គឺអដ្ឋិធាតុទាហានអាមេរិកតែ៤២ធាតុទេ ដែលត្រូវបានរុករកឃើញនៅក្នុងប្រទេស កម្ពុជា៕