វិសោធនកម្មច្បាប់បក្សនយោបាយដែល​បើក​ផ្លូវឲ្យ​អតីត​មន្រ្តី​ CNRP 118 នាក់​ធ្វើ​សកម្មភាពវិញ​ ចូល​ជាធរមាន​


|
https://www.vodhotnews.com

ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

វិសោធនកម្មច្បាប់គណបក្សនយោបាយត្រូវបានព្រះមហាក្សត្រប្រកាសឲ្យប្រើហើយបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញយល់ព្រមទាំងស្រុងទៅលើខ្លឹមសារនៃច្បាប់នេះ។

យោងតាមព្រះរាជ្យក្រមចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ដែល VOD ទើបតែទទួលបាននៅថ្ងៃនេះ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានសម្រេចឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ក្រោយពី​សភាគណបក្សកាន់អំណាចអនុម័តកាលពី១៣ ខែធ្នូ និងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញឯកភាពទាំងស្រុងទៅលើខ្លឹមសារនៃច្បាប់នេះ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។

ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ។ រូបភាព៖ ហ្វេសប៊ុក អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ


វិសោធនកម្មច្បាប់គណបក្សនយោបាយដែលគេជឿថាអាចបើកផ្លូវឲ្យអតីតគណបក្សសង្គ្រោះជាតិធ្វើនយោបាយវិញនេះ បានចំណាយពេលប្រមាណ ១ខែបន្ទាប់ពីសមាជិកសភាគណបក្សប្រជាជនកម្ពុជាបានអនុម័តទាំងស្រុងលើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់នេះ ដោយថា ដើម្បីផ្តល់ឱកាសឲ្យអ្នកនយោបាយដែលត្រូវតុលាការកាត់ទោស​មានសិទ្ធិស្នើសុំធ្វើនយោបាយ
ឬបង្កើតគណបក្សថ្មី ដើម្បីប្រកួតប្រជែងការបោះឆ្នោតនៅអាណត្តិក្រោយ។

សម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ហ្វេសប៊ុក Senate Spokesperson អ្នកនាំពាក្យព្រឹទ្ធសភា


ច្បាប់ស្តីពីគណបក្សនយោបាយ​នេះ ត្រូវ​បាន​រដ្ឋាភិបាលបក្សកាន់អំណាច​ ធ្វើវិសោធនកម្ម​ចំនួន២ដងរួចមក​ហើយ ដែលលើកទី១ ធ្វើនៅថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៧ និងលើកទី២ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ក្រោយពីស្ថានការណ៍នយោបាយនៅកម្ពុជាឡើងកម្តៅ៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles