បរិស្ថាន
|
https://www.vodhotnews.com
បណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តចំនួន៤ អះអាងថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់កំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានអាជ្ញាធរណាធ្វើការទប់ស្កាត់នោះឡើយ ខណៈរយៈពេល១ ឆ្នាំកន្លងមកនេះពួកគេចាប់បានអ្នកប្រព្រឹត្តបទល្មើសចំនួន៧៣ នាក់។
កាលចុះល្បាតរបស់ក្រុមការពារព្រៃឡង់ខេត្តកំពង់ធំនៅថ្ងៃ ទី ១៣ -១៥ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ផ្ដល់ដោយ ប្រភពបណ្តាញការពារព្រៃឡង់ខេត្តកំពង់ធំ)
តំណាងបណ្ដាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ លោក ឯក សុវណ្ណ ប្រាប់ វី.អូ.ឌី នាថ្ងៃនេះថា ក្នុងឆ្នាំ២០១៨ សហគមន៍ ចាប់អ្នកដែលចូលកាប់ឈើក្នុងតំបន់ព្រៃឡង់បានចំនួន ៧៣ នាក់ និងសម្ភារមួយចំនួនដូចជា រណារ គោយន្ត កាំភ្លើងឆ្នៃ អន្ទាក់ដាក់សត្វ ជាដើម។ លោក បន្តថា ប្រជាពលរដ្ឋដែលស៊ីឈ្នួលកាប់ឈើ ឈ្មូញកណ្ដាល និង ក្រុមហ៊ុនកំពុងកាប់និងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងនៅក្នុងតំបន់ព្រៃឡង់ ដោយអាជ្ញាធរមិនបានធ្វើការទប់ស្កាត់ចំពោះសកម្មភាពទាំងអស់នោះឡើយ។
រូបភាពកំណាត់ឈើ ពេលដែលចុះល្បាតរបស់ក្រុមការពារព្រៃឡង់ខេត្តកំពង់ធំនៅថ្ងៃ ទី ១៣ -១៥ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ផ្ដល់ដោយ ប្រភពបណ្តាញការពារព្រៃឡង់ខេត្តកំពង់ធំ)
លោកថា៖ «នៅខាងខេត្តក្រចេះ គឺការកាប់បំផ្លាញខ្លាំងមែនទែន ដោយសារ បណ្ដាញរាយការណ៍ស្ទើរតែគ្រប់កន្លែង សំឡេង ម៉ាស៊ីន។ និយាយរួមទៅ ទាំងឈ្មួញដែលមានលុយមានអំណាចក៏កាប់ដែរ។ បើតាមរាយការណ៍បណ្ដាញយើងថា រាល់ពេលយប់គឺមានការដឹកចេញយ៉ាងគគ្រឹកគគ្រេងតែមែនទែន ភាគច្រើនគឺពេលយប់ ហើយដឹកចេញគឺកាត់ប៉ុស្តិ៍មន្ត្រីបរិស្ថាន ហើយមិនដឹងថាម៉េចទេ មានការយកលុយយកកាក់អីមិនដឹងទេ ដោយសារ ដឹកហើយមិនមានការបង្រ្កាបមានអី។ មួយវិញទៀត សកម្មភាពក្រុមហ៊ុនកំពុងយាយីដល់ច្បោះជ័ររបស់ប្រជាពលរដ្ឋ ហើយធ្វើការកាប់បំផ្លាញដើរច្បោះជ័ររបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ»។
តំណាងបណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តព្រះវិហារ លោក ស្រី ថី លើកឡើងថា កន្លងមក ពួកគាត់បាននាំគ្នារាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីបរិស្ថាន ដើម្បីធ្វើការទប់ស្កាត់សកម្មភាពកាប់ និងដឹកឈើក្នុងតំបន់ព្រៃឡង់ ប៉ុន្តែអាជ្ញាធរមិនបានទប់ស្កាត់នោះឡើយ ដោយថា ជាឈើរបស់មេ។ លោកបន្តថា ប្រសិនបើក្រសួងបរិស្ថានមិនមានវិធានការចុះបង្កា្រប និងទប់ស្កាត់សកម្មភាពការកាប់ និងដឹកញ្ជូនឈើនៅក្នុងតំបន់ព្រៃឡង់នោះទេ លោកថា ព្រៃឈើនៅក្នុងតំបន់អភិរក្សនេះ នឹងត្រូវវិនាសអស់ក្នុងរយៈពេល៣ ឆ្នាំខាងមុខនេះ។
លោកថា៖ «កើនឡើង បើគេកាប់ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃអញ្ចឹង ឃើញថាសស្រាក់ស្រាំពេក ហើយមិនថាឈើច្បោះ មិនថាឈើព្រៃផ្សេងៗទេកាប់ដូចតែគ្នា ស្រឡៅអីហ្នឹង។ អាជ្ញាធរដែលគាត់ធ្វើសកម្មភាពកន្លងមក ការដោះស្រាយរបស់គាត់មិនជាមានប្រសិទ្ធភាពទេ ដោយសារ តែគាត់ដាក់តែហោប៉ៅគាត់ច្រើនជាង។ ខ្ញុំបានជួបបទល្មើសដែលខ្ញុំចាប់ប៉ុន្មានដង សួរទៅថា ប្អូនឯងកាប់ ដឹកអត់ខ្លាចបរិស្ថានទេឬ? គាត់ថាខ្លាចអីបរិស្ថាន បើខ្ញុំឲ្យលុយគាត់ប្រចាំ មួយជើងឲ្យ ៥ម៉ឺនរៀល មួយគោយន្ត៥ ម៉ឺនរៀលដឹកហ្នឹង»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភ័ក្រ្តា ច្រានចោលការលើកឡើងរបស់ក្រុមបណ្ដាញសហគមន៍។ លោកថា ការកាប់បំផ្លាញព្រៃឈើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការថយចុះ ប៉ុន្តែ លោកស្នើឲ្យក្រុមបណ្ដាញសហគមន៍ដាក់របាយការណ៍មកកាន់ក្រសួង ប្រសិនបើរកឃើញថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់កើនឡើងនោះ។
លោកថា៖ «យើងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋ បើសិនឃើញមានបទល្មើស បើសិនឃើញមានការកាប់រុករានទន្ទ្រានយកដីធ្លីខុសច្បាប់ គឺសូមជូនព័ត៌មានមកឲ្យខាងសមត្ថកិច្ច មន្ទីរបរិស្ថានខេត្ត។ ហើយបើចាំបាច់សូមទាក់ទងមកកាន់ក្រសួងបរិស្ថាន ដើម្បីយកងាយស្រួលក្នុងការដោះស្រាយ ជាជាងបង្ហើរសំឡេងតាមប្រព័ន្ធផ្សព្វផ្សាយ ដែលយើងមិនអាចធ្វើការងារនេះមានប្រសិទ្ធភាពនោះទេ ដោយសារ ការផ្សព្វផ្សាយជួនកាលវាធ្វើឲ្យប៉ះពាល់ទៅដល់ដំណើរការស៊ើបអង្កេត។ អញ្ចឹង សូមឲ្យបងប្អូនរក្សាការសម្ងាត់មួយចំនួនហើយបញ្ជូនរបាយការណ៍មកក្រសួង»។
រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បង្កើតតំបន់ព្រៃឡង់ ជាតំបន់ដែនជម្រកសត្វព្រៃ មានផ្ទៃដីជាង ៤៣ម៉ឺនហិកតា (៤៣១,៦៨៣) គ្របដណ្ដប់លើខេត្តចំនួន ៤ រួមមានខេត្តព្រះវិហារ ខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។ តាមអនុក្រឹត្យដដែល តំបន់នេះស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួងបរិស្ថាន ដោយមានការសហការជាមួយអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត៕