ដោយ ថន ថារ៉ូ
2019-01-09
RFA

រោងចក្រ W&D នៅខណ្ឌមានជ័យ តវ៉ាបន្ទាប់ពីថៅកែរោងចក្របញ្ឈប់កម្មករជាង ១.២០០នាក់។ Provided photo
![]()
កម្មកររោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) នៅខណ្ឌមានជ័យ ជាច្រើននាក់ នៅថ្ងៃទី៨ មករា បានប្រមូលផ្ដុំគ្នាតវ៉ាទ្រង់ទ្រាយធំ នៅមុខរោងចក្រ ទាមទារឲ្យថៅកែរោងចក្រ សងប្រាក់អតីតភាពការងារ ប្រាក់ឈ្នួលសម្រាប់ខែចុងក្រោយ ប្រាក់ជំងឺចិត្តនៃការបណ្ដេញចេញជាដើម ក្រោយពេលថៅកែសម្រេចបញ្ឈប់កម្មករជាង ១.២០០នាក់ ដោយសារការតវ៉ារយៈពេល ១០ថ្ងៃមកនេះ។
កម្មការិនីនៃរោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) ម្នាក់ លោកស្រី សំ សុខស្រីមុំ ប្រាប់ថា ក្រោយត្រូវបានថៅកែ ជូនដំណឹងបញ្ឈប់ពីការងារ កម្មករទាមទារ លក្ខខណ្ឌ ៥ចំណុច គឺប្រាក់ឈ្នួលសម្រាប់ខែចុងក្រោយ ប្រាក់បណ្ដេញចេញ សំណងជំងឺចិត្ត ប្រាក់ថ្លៃក្រុមហ៊ុនមិនជូនដំណឹង និងប្រាក់អតីតភាពការងារ ៥ភាគរយ ក្នុងមួយឆ្នាំ។
កម្មការិនីរូបនេះ បន្តថា កម្មករជាច្រើននាក់ កំពុងបន្តសកម្មភាព តវ៉ាទាំងថ្ងៃទាំងយប់ នៅមុខរោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) ឯកម្មករភាគតិច ប្រហែលខ្ទង់ ១០០នាក់ ក្នុងចំណោម ១.៨០០នាក់ បានចូលធ្វើការវិញ ដោយសារភ័យព្រួយបាត់បង់ការងារ ព្រោះថៅកែរោងចក្រព្រមានបញ្ឈប់កម្មករបន្ថែមទៀត បើមិនព្រមចូលធ្វើការទេ៖ «ដល់ពេលថ្ងៃ (ទី) ៥ ហ្នឹង អត់មានបើកប្រាក់ខែ ឲ្យពួកខ្ញុំ។ រោងចក្រគេបិទឈ្មោះបញ្ឈប់ពួកខ្ញុំ លុបឈ្មោះពួកខ្ញុំចេញពីរោងចក្រហ្នឹង ថ្ងៃទី៨ ហ្នឹង ម៉ោង៣ ថ្ងៃទី៨ ហ្នឹង»។
រោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានអះអាងថា មានកម្មករសរុបចំនួន ១ពាន់ ៨រយ (១.៨០០) នាក់។ គិតត្រឹមថ្ងៃទី៨ មករា កម្មករតវ៉ារយៈពេល១០ថ្ងៃហើយ ដើម្បីទាមទារប្រាក់អតីតភាពការងារ នៅមុនឆ្នាំ២០១៩។ ពួកគេបាននាំគ្នា ចាប់ផ្ដើមធ្វើកូដកម្ម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ និងបានហែញត្តិយកទៅដាក់នៅខុទ្ទកាល័យមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន នៅម្ដុំដើមពោធិ៍ មុខវត្តបទុមវតីម្ដង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីសុំកិច្ចអន្តរាគមន៍ ប៉ុន្តែមិនទាន់មានដំណោះស្រាយទេ។
ដើមហេតុនៃការតវ៉ា របស់កម្មកររោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) ត្រូវបានកម្មករអះអាងថា ពួកគេបារម្ភថា ឆ្នាំ២០១៩ របបក្រុងភ្នំពេញ នឹងអនុវត្តច្បាប់ថ្មី គឺបើកប្រាក់អតីតភាពការងារក្នុងមួយឆ្នាំ ២ដង ហើយអាចធ្វើឲ្យបាត់បង់ប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ ដូច្នេះ កម្មករទាមទារឲ្យរោងចក្រ បើកប្រាក់អតីតភាពមុនឆ្នាំ២០១៩ ឲ្យកម្មករឲ្យអស់សិន។
អាស៊ីសេរី គ្មានប្រភពសុំការបញ្ជាក់ពីខាងភាគីថៅកែរោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) ទេ នៅថ្ងៃទី៨ មករា។ ឯអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មិនលើកទូរស័ព្ទ។
ទោះយ៉ាងណា កាលពីថ្ងៃទី២៨ ខែធ្នូ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញសេចក្ដីប្រកាស កុំឲ្យ កម្មករ និយោជិក ភ័យបារម្ភ ពីការខាតបង់ប្រាក់អតីតភាពការងារ។ ក្រសួងបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩ តទៅ ក្រសួងការងារ តម្រូវឲ្យភាគីក្រុមហ៊ុន បើកប្រាក់អតីតភាព ២ដង ក្នុងមួយឆ្នាំ ផ្ដល់ឲ្យកម្មករ គឺនៅខែមិថុនា និងខែធ្នូ ហើយធានាថា ផលប្រយោជន៍ស្របច្បាប់ និងប្រាក់អតីតភាព ចំពោះកម្មករ និយោជិក ធ្វើការងារនៅសហគ្រាស ដែលក្ស័យធន ឬបិទទ្វារ មិនត្រូវបាត់បង់ឡើយ។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា យល់ថា ការបញ្ឈប់កម្មករ ដោយសារតែពួកគេ តវ៉ាទាមទារប្រាក់អត្ថប្រយោជន៍ មិនមែនជាដំណោះស្រាយល្អ ក្នុងការបញ្ចប់វិវាទទេ។
ប្រធានសហជីពរូបនេះ ផ្ដល់យោបល់ថា ភាគីពាក់ព័ន្ធ គឺខាងក្រុមហ៊ុន និងកម្មករ ត្រូវជជែកគ្នាដោយសន្តិវិធី មិនត្រូវប្រើវិធីសាស្ត្រ បញ្ឈប់ ឬប្រើផ្លូវតុលាការឡើយ ហើយត្រូវមានការសម្របសម្រួលពីអាជ្ញាធរ និងត្រូវស្ដាប់ពីទុក្ខកង្វល់របស់កម្មករឲ្យបានច្រើន ទើបជាមធ្យោបាយល្អ សម្រាប់ដោះស្រាយវិវាទ៖ «ធម្មតាជាទូទៅ ការទាមទាររបស់បងប្អូន វាមិនអាចដាច់ណាត់ទេ ដូច្នេះលើក មិញអ៊ីចឹង។ ច្បាស់ណាស់ វានឹងមានការបន្ធូរបន្ថយ។ ប៉ុន្តែ វាអាស្រ័យទៅលើឆន្ទៈ អ្នកសម្របសម្រួល ជាមន្ត្រីពាក់ព័ន្ធទាំងអស់ គាត់គួរតែពិនិត្យទៅលើហេតុផលដែលកម្មករលើកឡើងទៅ…. ឲ្យគាត់(កម្មករ) រង់ចាំប្រាក់អតីតភាពរហូតទៅដល់ប្រាំមួយ ប្រាំពីរឆ្នាំ ប្រាំបីឆ្នាំ បន្តទៅមុខទៀត អ៊ីចឹងមួយជីវិតគាត់ នៅតែធ្វើការរោងចក្ររហូត គាត់មិនអាចវិវត្តន៍ការងារគាត់ទៅកន្លែងផ្សេង ឬគាត់មិនអាចទៅប្រកបមុខរបរអ្វីផ្សេងទៀត ដោយសារតែគាត់ស្ដាយស្រណោះប្រាក់អតីតភាពនេះ។ ទី២ ខ្លះទៀត គាត់ (កម្មករ) យល់ថា ក្នុងករណី គាត់ឈឺស្កាត់អ្វីផ្សេងៗ អាចថានឹងត្រូវបាន(ធ្វើ)ការងារមិនកើត អ៊ីចឹង គាត់ត្រូវឈប់ ខ្លះទៀតក៏អាចថា គាត់ធ្វើការសុខៗ គាត់ត្រូវឈប់ ក្រុមគ្រួសារគាត់ឲ្យទៅណា មកណា ប្រកបមុខរបរថ្មី អ្នកខ្លះ ត្រូវទទួលមរណៈភាព ឧទាហរណ៍ អ៊ីចឹងសោះ ដូច្នេះគាត់ត្រូវបានបាត់បង់ប្រាក់អតីតភាពនោះ»។
កម្មកររោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) ប្ដេជ្ញាថា ពួកគេនឹងបន្តការតវ៉ា លុះត្រាទទួលបានលក្ខខណ្ឌ ដែលកម្មករទាមទារ ទាំង ៥ចំណុច ទើបយល់ព្រមបញ្ឈប់សកម្មភាពតវ៉ា ហើយនៅពេលខាងមុខពួកគេ នឹងលើកគ្នាទៅសុំកិច្ចអន្តរាគមន៍ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្ថែមទៀត ដើម្បីជំរុញរដ្ឋមន្ត្រីអន្តរាគមន៍ ឲ្យភាគីថៅកែក្រុមហ៊ុន សងប្រាក់ឈ្នួលឲ្យកម្មករវិញ៕