លោក​ គង់​ គាំ​ និង​កូន​​ប្រុស​​គ្រោង​​​ដាក់​​ពាក្យ​​ស្នើ​​សុំ​​សិទ្ធិ​​ធ្វើ​​នយោបាយ​​ឡើង​​វិញ​

ដោយ ហេង រស្មី
2019-01-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។ Photo: RFA
អតីត​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។ Photo: RFA


អតីត​មន្ត្រី​ដែល​ស្និទ្ធ​នឹង​លោក​ សម រង្ស៊ី គ្រោង​នឹង​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​បន្ទាប់​ពី​ព្រះ​​មហាក្សត្រ​បាន​ឡាយ​ព្រះហស្តលេខា​លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ មាត្រា​៤៥​ថ្មី​ (ស្ទួន១)​ដើម្បី​បើក​ផ្លូវ​អោយ​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ ​អ្នក​វិភាគ​បាន​និយាយ​ថា​ ឪពុក​កូន​ទាំង​ពីរ​កំពុង​ទាល់​ច្រក​រឿង​អចលនៈ ទ្រព្យ​ទើប​សម្រេច​ដើរ​តាម​បន្ទាត់​នយោបាយ​របស់​លោក​ ហ៊ុន សែន។​

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ គង់ គាំ​ និង​ កូន​ប្រុស​របស់​លោក​ គង់​ បូរ៉ា​ គ្រោង​នឹង​ដាក់​ពាក្យ​ព្រមៗ គ្នា នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ស្នើ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ក្នុង​ចំណោម​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន​១១៨​រូប​មាន​តែ​២​នាក់​ប៉ុណ្ណោះ​មាន​សម្រេច​ដើរ​តាម​គោល​នយោបាយ​តាម​ការ​ចង់​បាន​របស់​របប​ក្រុង​ភ្នំពេញ​។​

លោក គង់​ គាំ​ គឺ​ជា​អតីត​មន្ត្រី​ដែល​ស្និទ្ធ​នឹង​លោក​ សម រង្ស៊ី​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​ដែល​បច្ចុប្បន្ន​កំពុង​រស់​​នៅ​និរទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​ក្រោយ​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​ សង្គ្រោះ​ជាតិ ​ដែល​ជា​គណបក្ស​ដ៏​ធំជាង​គេ​មិន​អោយ​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨។

របប​លោក​ហ៊ុន​ សែន​បន្ទាប់​ពី​បាន​រំលាយ​ គណបក្ស​សង្គ្រោះ​ជាតិ ​ក៏បាន​ហាម​ប្រាម​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​ចំនួន​ ១១៨​នាក់​ក្នុង​នោះ​មាន​លោក​គង់ គាំ​ នឹង​កូន​ប្រុស​មិន​អោយ​ធ្វើ​នយោបាយ​អស់​រយះ​ពេល​៥​ឆ្នាំ។ ក៏ប៉ុន្តែ​ដោយ​សារ​រង​សម្ពាធ​ជា​អន្តរជាតិ​របប​នេះ​បាន​បន្ទន់​ឥរិយា​បទ​ដោយ​បាន​សម្រួល​សម្ពាធ​នយោបាយ​ឡើង​វិញ​ដោយ​មាន​ដោះ​លែង​សកម្មជន​នយោបាយ​នឹង​បាន​ប្រឹង​ប្រែង​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដើម្បី​បើក​ផ្លូវ​អោយ​មន្ត្រី​គណបក្ស​ប្រឆាំង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។

អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ សង្គ្រោះ​ជាតិ​ លោក​ គង់ បូរ៉ា​ ប្រាប់​អាស៊ី​សេរី​ថា​ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​លោក​នឹង​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ បើ​ទោះ​បី​ជា​លោក​លោក​មិន​មាន​កំហុស​ខាង​ផ្លូវ​នយោបាយ​ក៏​ដោយ៖ «មូលហេតុ​ដោយ​សារ​ខ្ញុំ​មិន​អាច​បន្ត​នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​បាន​ទេ»

ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២ ខែ​មករា ឆ្នាំ២០១៩​បាន​ឡាយ​ព្រះហស្តលេខា​លើ​ច្បាប់​ ស្ដីពី​គណបក្ស​នយោបាយ​ មាត្រា​៤៥​ថ្មី​ (ស្ទួន១)​នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

សេចក្ដី​ស្នើ​ច្បាប់​នេះ បានបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដោយ​បាន​ចែងថា​ «បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ ធ្វើ​សកម្មភាព​នយោបាយ​ មិន​អាច​បង្កើត​គណបក្ស​នយោបាយ​ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ​ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ​ឬ​ធ្វើ​សកម្មភាព​ណា​ មួយ​គាំទ្រ​ ឬ​ប្រឆាំង​គណបក្ស​ណា​មួយ​បាន​ឡើយ»

ប្រធាន​គណបក្ស​សម រង្ស៊ី​ លោក​ គង់ គាំ មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​។ក៏ប៉ុន្តែ​លោក​ គង់ បូរ៉ា​ បាន​និយាយ​ថា​ឪពុក​របស់​លោក​បាន​សម្រេច​រួច​ហើយ​ថា​នឹង​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ​ជាមួយ​លោក​ដែរ​នៅ​ថ្ងៃ​ស្អែក​ដើម្បី​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។​

អ្នក​វិភាគ​ឯករាជ្យ​លោក​ គឹម សុខ​ បាន​បញ្ជាក់​ថា​លោក គង់ គាំ​ ដោយ​សារ​ជា​គ្មាន​ជម្រើស​នឹង​ខ្លាច​បាត់​បង់​ទ្រព្យ​សម្បត្តិ​ទើប​សម្រេច​ដើរ​តាម​បន្ទាត់​នយោបាយ​ដែល​លោក​ ហ៊ុន សែន​ គូស​ឲ្យ​ដើរ៖ «លោក គង់ គាំ មិន​អាច​បដិសេធ​មិន​ធ្វើ​តាម​លោក​ហ៊ុន សែន​បានទេ​ដោយសារ​តែ​គាត់​មាន​បញ្ហា​រឿង​ដីធ្លី​រាប់​ម៉ឺន​ រាប់​លាន​ដុល្លារ​នៅ​ក្នុង​ដៃ​របស់​លោក​ ហ៊ុន សែន»។​

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន អាស៊ី​សេរី​មិន​អាច​ស្នើសុំ​ដើម្បី​សេចក្ដី​អត្ថាធិប្បាយ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ ​ដោយ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល។​

ក្នុង​ចំណោម​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង ​១១៨​នាក់​ មាន​តែ​លោក​ គង់ គាំ​ នឹង​កូន​ប្រុស​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ បាន​សម្រេច​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។

យោង​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ មាត្រា​៤៥ ​ថ្មី​ (ស្ទួន១) បាន​និយាយ​សំដៅ​លើ​បុគ្គល​​ណា​ដែល​បាន​តុលាការ​ សម្រេច​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​ នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់​ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់​ដែល​កំណត់​ដោយ​សាល​ដីកា​របស់​តុលាការ​កំពូល​ ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្ដល់​នីតិសម្បទា​ឡើង​វិញ​ដោយ​ព្រះមហាក្សត្រ​ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្ដី​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​អះអាង​ប្រាប់​អាស៊ីសេរី​ថា ​មន្ត្រី​បក្ស​ប្រឆាំង​មិន​ចាប់​អារម្មណ៍​​ និង​មិន​ធ្វើ​លិខិត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​​លោក ហ៊ុន សែន ទេ។ លោក​ព្រមាន​ថា ​មន្ត្រី​បក្ស​ប្រឆាំង​ណា ដែល​ស្នើសុំ​ធ្វើ​នយោបាយ​មុន​​របប​លោក ហ៊ុន សែន ដោះ​លែង​ ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក កឹម សុខា បាន​ន័យ​ថា ក្បត់​បក្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles