ទំនាក់ទំនងអន្តរជាតិ
|
https://www.vodhotnews.com
លោកនាយករដ្ឋមន្ត្រីបានថ្លែងការពារពីទំនាក់ទំងជាមួយប្រទេសចិនដោយលោកអះអាងថា ចិនបានជួយជំរុញឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១ ខែមីនានេះ លោក ហ៊ុន សែន មាន ប្រសាសន៍ថា ទំនាក់ទងជាមួយប្រទេសចិនបានជំរុញឲ្យកម្ពុជាមានការអភិវឌ្ឍតាមរយៈការផ្តល់ជំនួយ និងបោះទុនវិនិយោគស្ទើរគ្រប់វិស័យ។
ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» មានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ប្រទេសចិន។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន
លោកបន្ថែមថា៖ «តាមរយៈការទំនាក់ទំនងនេះ គេបានឃើញការរីកដុះដាលយ៉ាងឆាប់រហ័សនូវហេដ្ឋារចនាសម័្ពនចាំបាច់ ដើម្បីបម្រើឲ្យការអភិវឌ្ឍប្រទេសយើង ផ្លូវថ្នល់ ស្ពាន ជាច្រើនដែលបានសាងសង់រួចហើយ និងបានដាក់ឲ្យប្រើប្រាស់ និងកំពុងតែសាងសង់បន្តទៅទៀត»។
លោកនាយករដ្ឋមន្រ្តី បានបន្ទោសទៅអ្នករិះគន់ចំពោះកំណើនជនជាតិចិននៅកម្ពុជាផងដែរ។ លោកបានលើកឡើងទៀតថា កំណើននៃជនជាតិចិន ក៏ជំរុញឲ្យកម្ពុជាមានកំណើនផ្នែកសេដ្ឋកិច្ចផងដែរ។ លោក បន្ថែមថា កម្ពុជាត្រូវការភ្ញៀវទេសចរចិនចន្លោះពី៥ ទៅ១០លាននាក់បន្ថែមទៀត ដើម្បីជួយជំរុញការអភិវឌ្ឍ។ ទោះយ៉ាងណាក៏ដោយ លោក ក៏បានអំពាវនាវប្រទេសផ្សេងៗទៀតចូលមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនផងដែរ។
អ្នកតាមដាន និងវិភាគបញ្ហាសង្គម លោក ឡៅ ម៉ុងហៃ បានបង្ហាញការព្រួយបារម្ភអំពីទំនាក់ទំនង និងកំណើនជនជាតិចិននៅកម្ពុជា ដោយលោកថាចិនហាក់កំពុងគ្រប់គ្រងលើកម្ពុជាទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។
លោក ឡៅ ម៉ុងហៃ បន្តថា រដ្ឋាភិបាលកម្ពុជាហាក់ងាកទៅប្រទេសកុម្មុយនីសមួយនេះ ខណៈអឺរ៉ុបព្រមានព្យួរ EBA។ លោក បន្ថែមថា វត្តមានជនជាតិចិននៅកម្ពុជាក៏មិនបានផ្តល់ផលប្រយោជន៍ច្រើនសម្រាប់ពលរដ្ឋខ្មែរនោះដែរ មានតែដណ្ដើមមុខរបរ និងបង្កការរំខាន។
លោកបន្ថែមថា៖ «របៀបយើងសព្វនេះ ក្រុមហ៊ុនមកពីប្រទេសមហាអំណាចចិន គឺគេបានគ្របដណ្តប់តាំងពីអំណាចនយោបាយ និងសេដ្ឋកិច្ចយើងទៅទៀត។ កន្លែងដែលចិនកាន់កាប់ គឺគេបណ្តេញពលរដ្ឋខ្មែរចេញមិនឲ្យរស់នៅ មិនឲ្យរកស៊ីនៅកន្លែងហ្នឹង ហើយទៀតថា បង្កើតការងារឲ្យពលរដ្ឋខ្មែរ។ ពេលឥលូវ ចិនមកវិនិយោគអី គេយកបុគ្គលិកមកពីប្រទេសគេចង់ទាំងអស់ អត់បណ្តុះបណ្តាលជំនាញដល់កម្មករខ្លួនឯងឲ្យចេះធ្វើការជាមួយគេ អត់បង្រៀនឲ្យចេះរកស៊ីជាមួយគេទេ»។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យដឹងអំឡុងដំណើរទស្សនកិច្ចនៅចិននាពេលថ្មីៗនេះ មានតម្លៃដល់ទៅ ៥.៦ពាន់លានដុល្លារកាលពីឆ្នាំ២០១៨កន្លងមកនេះ ហើយមេដឹកនាំប្រទេសទាំងពីរក៏បានប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីនេះ ឲ្យកើនឡើងដល់ចំនួន ១០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ។
ក្រៅពីផ្ដល់ជំនួយឥតសំណងយ៉ាងច្រើនដល់កម្ពុជា ចិនក៏ជាម្ចាស់បំណុលធំបំផុតសម្រាប់កម្ពុជាផងដែរ ដែលមានចំនួនដល់ទៅជិត ៧ពាន់លានដុល្លារ គិតត្រឹមឆមាសទី១ នៃឆ្នាំ២០១៨កន្លងមកនេះ ឬបានកាន់កាប់ចំណែកបំណុលកម្ពុជាដល់ទៅជាង ៤២ភាគរយ ក្នុងចំណោមបំណុលសរុបដែលកម្ពុជាជំពាក់បរទេស។
នាយកការិយាល័យភ្នាក់ងារស៊ើបការសម្ងាត់ជាតិអាមេរិក លោក ដេន ខូត បានលើកឡើងក្នុងរបាយការណ៍មួយដែលនិយាយពីការគំរាមកំហែងដល់សន្តិសុខអាមេរិក កាលពីចុងខែ មករា ឆ្នាំ២០១៩ ថា ការវិលត្រឡប់របស់កម្ពុជាទៅជារដ្ឋឯកបក្សបន្ទាប់ពីការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៨ អាចនាំឲ្យចិនមានឥទ្ធិពលកាន់តែច្រើនឡើងនៅកម្ពុជា៕