ដោយ សុ ជីវី
2019-03-02
RFA

កញ្ញា អាំង សិរីរតន៍ សហស្ថាបនិកនៃក្រុមអេកូយុវទូត ដែលជាក្រុមយុវជនធ្វើការងារផ្សព្វផ្សាយពីវិស័យនានាពីបរិស្ថាន ពីជីវចម្រុះ សត្វព្រៃ ព្រៃឈើ និងអភិរក្សធនធានទន្លេមេគង្គ។ Photo courtesy of Der Prey
![]()
ដំណើរចូលទៅក្នុងព្រៃធំៗ មិនមែនជារឿងងាយស្រួលទេ សម្រាប់អ្នករស់នៅទីក្រុង មិនមែនជាអ្នកមូលដ្ឋាន ឬមិនមែនអ្នកតែងចូលព្រៃញឹកញាប់។ ដើរព្រៃទាមទារនូវអ្នកមានចំណូលចិត្ត រវៀសរវៃ ក្លាហាន ហ៊ានប្រឈមនឹងបញ្ហា និងការលំបាកទាំងឡាយ ដែលនឹងកើតឡើងក្នុងព្រៃនោះ។ ការលំបាកទាំងនោះធ្វើឱ្យយុវជនភាគច្រើន ជាពិសេសគឺយុវតីមិនចាប់អារម្មណ៍នឹងដើរព្រៃទេ។ ខុសប្លែកពីយុវតីភាគច្រើន កញ្ញា អាំង សិរីរតន៍ បែរជាមានគំនិតផ្ដួចផ្ដើមបង្កើតក្រុមយុវជន ដើម្បីទាក់ទាញយុវជនផ្សេងទៀតឱ្យងាកមកចាប់អារម្មណ៍ ដើរព្រៃ ក្នុងន័យចូលរួមរក្សាធនធានធម្មជាតិ និងព្រៃឈើទៅវិញ។
តើមានមូលហេតុអ្វីខ្លះ ដែលធ្វើឱ្យយុវតីរូបនេះជ្រើសរើសយកការដើរព្រៃមកធ្វើជាគោលដៅចូលរួមការពារធនធានធម្មជាតិ?
ក្នុងនាទីស្ត្រីខ្មែរសប្ដាហ៍នេះអ្នកស្រី សុ ជីវី រាយការណ៍ពីយុវតីដែលមានគំនិតផ្ដួចផ្ដើមនាំក្រុមយុវជនចូលរួមថែរក្សាព្រៃ និងធនធានធម្មជាតិនេះ៖
ក្នុងវ័យ២៦ឆ្នាំ អាំង សិរីរតន៍ បានក្លាយជាយុវតីឆ្នើមតំណាងអ្នកអភិរក្សធនធានធម្មជាតិ នៃគម្រោងអច្ឆរិយភាពទន្លេមេគង្គរបស់ទៅភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍអន្តរជាតិ ហោកាត់ថា USAID ដោយចាប់ផ្ដើមពីការងារជាអ្នកដើរព្រៃអស់ជាច្រើនឆ្នាំ។
ក្រោយបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្របរិស្ថាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១៤ សិរីរតន៍ បានបង្កើតក្រុមយុវជនឈ្មោះថា «ដើរព្រៃ« ជាបណ្ដុំក្រុមយុវជន ដែលស្រឡាញ់ព្រៃឈើ និងធនធានធម្មជាតិ។ ក្នុងរយៈពេលនោះ សិរីរតន៍ ចូលរួមកាន់តែសកម្មក្នុងការងារដើរព្រៃ ការជិះទូក ការជួបសហគមន៍ រៀនពីអ្នកសិក្សាស្រាវជ្រាវ និងជួបជាមួយសកម្មជនបរិស្ថាន ដែលពីមុននាងក៏ធ្លាប់ធ្វើកិច្ចការនេះដែរ តែគ្រាន់តែជាការហ្វឹកហាត់ នៅពេលនាងនៅសិក្សានៅមហាវិទ្យាល័យនៅឡើយ៖ «ការងារស្ម័គ្រចិត្តអីផ្សេងទៀតសុទ្ធតែជាការងារអប់រំផ្សព្វផ្សាយពីសត្វព្រៃ ព្រៃឈើ ជាមួយយុវជន ដើម្បីឱ្យពួកគាត់បានស្រឡាញ់ព្រៃឈើ និងសត្វព្រៃ ដើម្បីឱ្យគាត់បានយល់ពីបញ្ហាហ្នឹង»។
យុវតីដែលមានស្រុកកំណើតនៅក្នុងខេត្តពោធិ៍សាត់រូបនេះរៀបរាប់ថា នាងចូលចិត្តជីវភាពរស់នៅជាប់នឹងធម្មជាតិ ព្រៃភ្នំ និងស្រែចម្ការជាដើម។ នាងថានេះក៏ជាផ្នែកមួយ ដែលជំរុញឱ្យនាងចូលចិត្តការងារដែលទាក់ទងនឹងធនធានធម្មជាតិ។ តាំង សិរីរតន៍ រម្លឹកថា នៅពេលរៀននៅមហាវិទ្យាល័យកិច្ចការស្រាវជ្រាវពីធនធានធម្មជាតិក៏ជាផ្នែកមួយទៀត ដែលនាំនាងស្រឡាញ់ការដើរព្រៃ។ អ្វីដែលនាងចងចាំជាងគេ ហើយសម្រេចចិត្ដតាំងខ្លួនប្រាណមកធ្វើការងារអភិរក្សនោះ គឺដំណើរទស្សនកិច្ចសិក្សាពីព្រៃឈើ និងជីវចម្រុះនៅខេត្តមណ្ឌលគិរី ដែលដឹកនាំដោយក្រុមប្រឹក្សាយុវជនរបស់ឯកអគ្គរាជទូតសហរដ្ឋអាមេរិក៖ «ដោយសារតែចំពោះខ្ញុំការងារដើរព្រៃ ទៅលេងតំបន់ទេសចរណ៍ទៅលេងតំបន់ទេសភាពស្អាតៗ ទាំងនៅក្នុងតំបន់ការពារ ក្នុងតំបន់សហគមន៍ផ្សេងៗ ដូចជាការកម្សាន្តមួយអ៊ីចឹង ដូចជាការធ្វើឱ្យយើងផ្សារភ្ជាប់នឹងធម្មជាតិឡើងវិញ យើងស្រស់ស្រាយ។ ចំពោះខ្ញុំការទៅដើរព្រៃហ្នឹងគឺសប្បាយ ធ្វើឱ្យខ្ញុំចាប់ផ្ដើមស្គាល់ខ្លួនឯង ហើយមានទំនាក់ទំនងល្អជាមួយធម្មជាតិ»។
កញ្ញា អាំង សិរីរតន៍ ក៏ជាសហស្ថាបនិកនៃក្រុមអេកូយុវទូត ដែលជាក្រុមយុវជនធ្វើការងារផ្សព្វផ្សាយពីវិស័យនានាពីបរិស្ថាន ពីជីវចម្រុះ សត្វព្រៃ ព្រៃឈើ និងអភិរក្សធនធានទន្លេមេគង្គ។ ក្រុមនេះមានយុវជនស្ម័គ្រចិត្តជាង ១០០នាក់កំពុងធ្វើការរួមគ្នា ដោយផ្ដោតខ្លាំងទៅលើគម្រោងផ្សព្វផ្សាយ និងចូលរួមអភិរក្សធនធានទន្លេមេគង្គ។ សិរីរតន៍ទទួលខុសត្រូវការងាររៀបចំវគ្គបណ្ដុះបណ្ដាល និងដំណើរទស្សនកិច្ចសិក្សាតាមដងទន្លេមេគង្គ ព្រមទាំងការផ្សព្វផ្សាយនៅតាមកម្មវិធីសាធារណៈ។ នាងប្រាថ្នាឱ្យប្រជាជនខ្មែរជាច្រើនបន្ថែមទៀតបានដឹងពីកត្តាគំរាមកំហែងដែលធម្មជាតិ និងមនុស្សដែលពឹងអាស្រ័យលើធនធានធម្មជាតិកំពុងជួបប្រទះ ឱ្យភ្ញាក់ខ្លួនឡើងចូលរួមដោះស្រាយទាំងអស់គ្នា។
ងាកមកក្រុមដើរព្រៃវិញ ក្រុមនេះនៅតែបន្តសកម្មភាពជារៀងរាល់ថ្ងៃដែរ ដោយរៀបចំគម្រោងដើរព្រៃនៅទូទាំងប្រទេស ហើយក៏បានក្លាយជាដៃគូរបស់សហគមន៍មូលដ្ឋាននៅតាមបណ្ដាខេត្តនានា ដែលជាតំបន់សម្បូរណ៍ព្រៃ ដូចជា រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ សៀមរាប កំពង់ធំ កោះកុង និងពោធិ៍សាត់ជាដើម។
សហគមន៍ជ្រៃធំក្នុងឃុំដាក់ដាំ ខេត្តមណ្ឌលគិរី ជាប់ព្រំដែនកម្ពុជាវៀតណាម គឺជាដៃគូមួយក្នុងចំណោមសហគមន៍ជាច្រើនទៀត ដែលក្រុមដើរព្រៃតែងធ្វើការជាមួយ។ ក្រុមនេះដឹកនាំក្រុមយុវជន និងអ្នកទេសចរណ៍ ដែលស្រឡាញ់ធនធានធម្មជាតិទៅកម្សាន្តទឹកជ្រោះ ស្វែងយល់ពីព្រៃឈើ ធនធានធម្មជាតិ និងទំនៀមទម្លាប់នៃជនជាតិដើមភាគតិចព្នង។
សិរីរតន៍រៀបរាប់ថា ក្រុមដើរព្រៃនេះចូលរួមផ្សព្វផ្សាយពីធនធានធម្មជាតិផងចូលរួមអភិរក្ស ប្រពៃណីទំនៀមទម្លាប់របស់សហគមន៍មូលដ្ឋានផង៖ «ពេលពួកខ្ញុំទៅ ពួកខ្ញុំតែងតែចែករំលែកជាមួយអ្នកចូលរួមតាំងពីការទុកដាក់កាកសំណល់របស់គាត់ យើងស្ពាយអីវ៉ាន់ សំរាម អីរបស់យើងត្រឡប់មកវិញ។ យើងមិនគាំទ្រការបរិភោគសត្វព្រៃ យើងគិតតាំងពីសកម្មភាពពេលយប់ គឺយើងអត់ច្រៀងរាំឡូឡា ដែលអាចប៉ះពាល់ដល់សត្វព្រៃដល់សហគមន៍ មូលដ្ឋាន។ យើងជ្រើសរើសយកដូចមហាវប្បធម៌ប្រពៃណី ដូចជាសហគមន៍គាត់មានការរាំជារបាំប្រពៃណី ឧបមាថានៅមណ្ឌលគិរីជនជាតិព្នងគឺយើងឱ្យគាត់សម្ដែងសិល្បៈប្រពៃណីរបស់គាត់»។
ប្រធានសហគមន៍ជ្រៃធំ លោក ញឹម សាលី ជាជនជាតិដើមភាគតិចព្នង ឱ្យដឹងតាមទូរស័ព្ទថា ក្រុមដើរព្រៃបានជួយការងារជាច្រើនក្នុងសហគមន៍ រួមទាំងចំណេះដឹងក្នុងការគ្រប់គ្រងសហគមន៍ ការប្រែក្លាយពីសហគមន៍ការពារធនធានធម្មជាតិទៅជាសហគមន៍អេកូទេសចរណ៍ ការផ្ដល់សេវាកម្ម ការអភិរក្សធនធានធម្មជាតិ រហូតដល់ការថែទាំសុខភាពរបស់អ្នកសហគមន៍ទៀតផង៖ «គាត់ជួយបង្ហោះរូបថត ទេសភាព (តាមអ៊ីនធឺណិត) មើលឈើនៅកន្លែងមានឈើធំៗ មានគគីរអី។ គាត់ស្នាក់នៅក្នុងព្រៃ ម្ដង២យប់ ម្ដង៣យប់អី ដេកនៅព្រៃទៅពេលមានភ្លៀងអីផង ហើយគាត់ចេះធុញទ្រាន់ទេគាត់ថាសប្បាយណាស់។ គាត់បានជួយនៅកន្លែងទឹកធ្លាក់ជ្រៃធំ អេកូទេសចរណ៍នូវបន្ទប់ទឹក៤ ។ គាត់ជួយខ្លះៗទៀតដូចជាតង់សម្រាប់ដេកនៅកន្លែងទឹកធ្លាក់ និងអង្រឹង»។
នៅក្នុងទំព័រហ្វេសប៊ុកឈ្មោះ ដើរព្រៃ បានបង្ហាញនូវគម្រោងជាច្រើនពីការដើរកម្សាន្តទៅតាមព្រៃភ្នំ ទឹកជ្រោះ តាមដងទន្លេ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើនទៀត។ រូបថតទេសភាពស្រស់ស្អាតដែលបង្ហាញក្នុងហ្វេសប៊ុកនោះ បានទាក់ទាញយុវជនឱ្យចូលទៅមើល និងបញ្ចេញមតិយោបល់ និងមួយចំនួនបានចុះឈ្មោះធ្វើដំណើរកម្សាន្តជាមួយក្រុមនេះ។ ដំណើរកម្សាន្តស្វែងយល់ពីធនធានធម្មជាតិនេះក៏តម្រូវឱ្យអ្នកចូលរួមចំណាយថវិកាមួយចំនួនដែរ សម្រាប់មធ្យោបាយធ្វើដំណើរ និងអាហារបរិភោគ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ធ្លាប់លើកឡើងថា ក្រសួងមានគោលដៅជំរុញឱ្យសហគមន៍ការពារធនធានធម្មជាតិ ព្រៃឈើ ប្រែក្លាយជាសហគមន៍ទេសចរណ៍ ដែលនឹងជួយកាត់បន្ថយការទាញយកអនុផលព្រៃឈើ ដើម្បីផ្គត់ផ្គង់ជីវភាព ជំនួសមកវិញដោយការងារសេវាកម្មក្នុងវិស័យទេសចរណ៍នេះវិញ។
កញ្ញា តាំង សិរីរតន៍ មានក្ដីរំពឹងថា ទៅថ្ងៃមុខនឹងមានយុវជនកាន់តែច្រើនជាពិសេសយុវតី ចូលរួមការងារអប់រំ ផ្សព្វផ្សាយ អភិរក្សធនធានធម្មជាតិ។ នាងក៏មានគម្រោងនឹងពង្រឹងក្រុមដើរព្រៃនេះឱ្យក្លាយជាភ្នាក់ងារដ៏សំខាន់ក្នុងការរៀបចំដំណើរកម្សាន្ត ស្វែងយល់ពីធនធានធម្មជាតិ ពីជីវចម្រុះនៅគ្រប់វិស័យ មិនថាព្រៃភ្នំតាមដងទន្លេ ឬសមុទ្រទេ៖ «វាអាចធ្វើឱ្យសេដ្ឋកិច្ចគាត់រីកចម្រើនផង ហើយគាត់ចាប់ផ្ដើមផ្លាស់ប្ដូរមុខរបរ ឧបមាថាគាត់ធ្លាប់បរបាញ់សត្វ ឬក៏កាប់ឈើអីហ្នឹងគាត់អាចមានជម្រើសផ្សេង ដូចជាជម្រើសផ្ដល់សេវាកម្មទេសចរណ៍ដល់ភ្ញៀវ អ៊ីចឹង»។
សិរីរតន៍ ក៏ចែករំលែកបទពិសោធន៍ដល់អ្នកមានបំណងដើរព្រៃ ថា ដើរព្រៃទាមទារនូវទឹកចិត្តស្រឡាញ់ ភាពបត់បែន រវៀសរវៃ រឹងមាំ និងក្លាហាន ព្រោះពេលខ្លះត្រូវដេកក្នុងព្រៃពី៣ ទៅ៦ថ្ងៃ និងត្រូវដើរឆ្ងាយពេលខ្លះអាចដើរជិត២០គីឡូម៉ែតក៏មាន។ នាងបន្តថា អ្នកដើរព្រៃត្រូវចេះវិធីថែទាំសុខភាពដោយខ្លួនឯង និងអាចជួយដល់អ្នកនៅក្នុងក្រុមក្នុងពេលចាំបាច់៖ «ចំពោះសុខភាពត្រូវរឹងមាំអីដែរ ព្រោះទៅតំបន់មួយចំនួនដូចតំបន់ ឱរ៉ាល់ មណ្ឌលគិរី អារ៉ែង កោះកុងអីហ្នឹងសុទ្ធតែត្រូវការកម្លាំងរាងរឹងមាំ ព្រោះយើងត្រូវឡើងភ្នំឡើងអី។ អ៊ីចឹងដូចជាហាត់ប្រាណទុកមុនរក្សាសុខភាពឱ្យបានមុននឹងចេញទៅព្រៃដែរ»។
តាំង សិរីរតន៍ ចាត់ទុកការដើរព្រៃជាមេរៀនជីវិតសម្រាប់អ្នក ដែលស្រឡាញ់ធនធានធម្មជាតិដូចរូបនាង ហើយនាងកំណត់គោលដៅទុកថា ពីមេរៀន និងបទពិសោធន៍នេះ នាងចង់ក្លាយជាអ្នកជំនាញផ្នែកអភិរក្សជីវចម្រុះ និងបន្តផ្សព្វផ្សាយពីការងារអភិរក្សផ្នែកនេះ៕