ដោយ សេក បណ្ឌិត
2019-05-19
RFA

តារាចម្រៀងរ៉េបគឺយុវជន ឈុន ឌីម៉ី ឬហៅថា ឌីម៉ី ខេមបូ (Dymey-Cambo) ដែលជាម្ចាស់បទ”សង្គមនេះ”។ រូបពីទំព័រហ្វេសប៊ុក យុវជន ឈុន ឌីម៉ី
យុវជនម្នាក់ដែលច្រៀងរ៉េបរិះគន់សង្គមសព្វថ្ងៃ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្រមាណ ៤០ឆ្នាំមកហើយ និងកំពុងល្បីក្នុងបណ្ដាញសង្គម ស្នើសុំឱ្យប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិលុបបទចម្រៀងរបស់ខ្លួនចេញពីហ្វេសប៊ុករបស់ លោក សម រង្ស៊ី ព្រោះបារម្ភខ្លាចអាជ្ញាធរចោទថា លោកជាសកម្មជនបក្សប្រឆាំង និងបន្តតាមរករឿងលោកបន្ថែមទៀត។
ការស្នើសុំនេះបន្ទាប់ពីលោក សម រង្ស៊ី បានយកបទចម្រៀងមានចំណងជើង”សង្គមនេះ”ទៅបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីដើមខែឧសភា។
តារាចម្រៀងរ៉េបគឺយុវជន ឈុន ឌីម៉ី ឬហៅថា ឌីម៉ី ខេមបូ (Dymey-Cambo) ដែលជាម្ចាស់បទ”សង្គមនេះ”ប្រាប់អាស៊ីសេរីថា ក្រោយពេលលោកចេញបទចម្រៀងដែលរិះគន់ពីសង្គមនោះគឺអាជ្ញាធរបានតាមយាយីលោកជាបន្តបន្ទាប់រហូតធ្វើឱ្យលោកសម្រេចចិត្តលុបវីដេអូចម្រៀងនោះចេញពីហ្វេសប៊ុក (Facebook) និងយូធូប (Youtube) កាលពីថ្ងៃទី១៦ ខែឧសភា និងប្រកាសលាឈប់ពីសីល្បៈមួយរយៈផងដែរ។ប៉ុន្តែវីដេអូចម្រៀងរបស់លោកនោះក៏លោក សម រង្ស៊ី ធ្លាប់យកទៅបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកដែរ កាលពីថ្ងៃទី៧ ខែឧសភា ម្លោះហើយទើបធ្វើឱ្យលោកនៅតែបារម្ភពីសុវត្ថិភាព និងស្នើសុំឱ្យលោក សម រង្ស៊ី ជួយលុបវីដេអូចម្រៀងរបស់លោកនោះវិញ៖ «ជាធម្មតាទេ គឺខ្ញុំជាអ្នកចម្រៀងឯករាជ្យហើយធ្វើអី្វគឺចេញពីចិត្តខ្លួនឯង។ បើសិនជាអ្នកនយោបាយណាដែលបានយកបទចម្រៀងខ្ញុំ ទៅផុសក្នុងន័យល្អ ឬន័យអ្វីមួយគឺអាចធ្វើឱ្យអាជ្ញាធរនៅតែតាមសង្កេតមើលខ្ញុំដដែល»។
កាលពីថ្ងៃទី៧ខែឧសភា កន្លងទៅ លោក សម រង្ស៊ី បានយកបទចម្រៀងរ៉េបរិះគន់សង្គមដ៏ពេញនិយមមួយបទ ដែលកំពុងល្បីល្បាញក្នុងបណ្តាញសង្គមហ្វេសប៊ុក ទៅបង្ហោះបន្តនៅលើហ្វេសប៊ុកផ្លូវការរបស់លោក និងបានសរសេរថា យុវជននៅប្រទេសកម្ពុជាបានប្រាប់ថា ពួកគេកំពុងតែនិយមចម្រៀងរ៉េប (Rap) ដែលមានឈ្មោះ“សង្គមនេះ“ច្រៀងដោយ ឌីម៉ី ខេមបូ (Dymey-Cambo)។ លោក សម រង្ស៊ី ជឿជាក់ថា ខ្មែរគ្រប់មជ្ឈដ្ឋានក៏ពេញចិត្តពីអត្ថន័យនៃចម្រៀងនេះដែរ។
អាស៊ីសេរីបានព្យាយាមទាក់ទងលោក សមរង្ស៊ី តាមទូរស័ព្ទជាច្រើនលើក ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះ ប៉ុន្តែទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
យុវជន ឈុន ឌីម៉ី ឱ្យដឹងថាមួយរយៈនេះអាជ្ញាធរមិនដែលបានទៅរំខាន់លោកទៀតនោះទេ ក្រោយ ពេលលោកសម្រេចលុបវីដេអូចេញពីហ្វេសប៊ុក និងយូធូប ខណៈដែលកន្លងមកអាជ្ញាធរធ្លាប់បានទៅផ្ទះ និងកន្លែងការងារព្រមទាំងហៅឪពុករបស់លោកទៅព្រមានឱ្យណែនាំលោកលុបបទចម្រៀងដែលរិះគន់សង្គមសព្វថ្ងៃនេះជាបន្ទាន់៖ «ដើម្បីឱ្យរឿងនេះស្ងប់ស្ងាត់ទៅ កុំឱ្យអូសបន្លាយយូរ ខ្ញុំក៏បានស្នើសុំឱ្យគាត់លុបចម្រៀងនោះ ចេញពីហ្វេសប៊ុករបស់គាត់ ដើម្បីឱ្យឆាប់បញ្ចប់រឿងនេះហើយឥឡូវនេះ ខាងសមត្ថកិច្ចក៏បានស្ងប់ស្ងាត់ហើយដែរ»។
អាស៊ីសេរីមិនអាចការអត្ថាធិប្បាយពីអភិបាលខេត្តសៀមរាបលោក ទៀ សីហា បានទេ ដោយ លោកប្រាប់ថា ស្តាប់មិនលឺហើយបិទទូរស័ព្ទតែម្ដង។ ចំណែកស្នងការនគរបាលខេត្តសៀមរាបលោក ទិត្យ ណារ៉ុង ក៏មិនទទួលទូរស័ព្ទដែរ។ ទោះយ៉ាងណាក្តី កាលពីថ្ងៃទី១៧ ខែសីហា កន្លងទៅ អភិបាលខេត្តសៀមរាបអះអាងថា ប្រសិនបើអាជ្ញាធររកឃើញថា បទចម្រៀងដែលរិះគន់ពីសង្គមនោះមានខ្លឹមសារញុះញង់បង្កប់នូវនយោបាយ ឬធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិគឺត្រូវតែចាត់វិធានការតាមផ្លូវច្បាប់។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា អ្នកប្រើបណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាចែកចាយ (Share) បទចម្រៀងនេះបន្តគ្នាព្រោងព្រាតមិនមែនមានតែលោក សម រង្ស៊ី ម្នាក់នោះទេ ហើយអត្ថន័យនៃបទចម្រៀងនេះគឺគ្រាន់តែជាសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិប៉ុណ្ណោះ គ្មានជាប់ពាក់ព័ន្ធនឹងសារនយោបាយ ឬការញុះញង់អ្វីឡើយ។ លោកបន្តថាអាជ្ញាធរ មិនគួរដាក់សម្ពាធ ឬឆាឆៅធ្វើឱ្យគ្រួសារ និងម្ចាស់បទចម្រៀង ”សង្គមនេះ” ឱ្យមានការភិតភ័យនោះទេ៖ «ខ្ញុំគិតថាទោះបីជាលោក សម រង្ស៊ី លុបចេញក៏បទចម្រៀងនេះ វានៅក្នុងយូធូប និងនៅក្នុងការចែកចាយបន្តទៅទៀត ហើយវាអត់អាចនឹងបាត់ទៅទេ។ អ៊ីចឹងបើសារនេះសំដៅទៅលើផេកលោក សមរង្ស៊ី គឺវាមិនត្រូវដែរព្រោះបើសិនជាលុប ត្រូវលុបទាំងអស់។ បើសិនជាមើលទៅលើអត្ថន័យបទចម្រៀងទាំងអស់នេះ ហាក់ដូចជាមិនមានបទល្មើសអីទេ គ្រាន់តែជាសិទ្ធិសេរីភាពបញ្ចេញមតិរបស់លោកតែប៉ុណ្ណោះ។ ប៉ុន្តែគ្រាន់តែថា យើងដឹងស្រាប់ហើយថា ឱ្យតែបទចម្រៀង ឬក៏សារដែលរិះគន់នោះគឺតែងតែមានការរំខាន និងការយាយីពីសំណាក់អាជ្ញាធរដែលធ្វើឱ្យមានការព្រួយបារម្ភ»។
បទចម្រៀងដែលមានចំណងជើងថា” សង្គមនេះ’ គឺមានពីរវគ្គដែលរៀបរាប់អំពីរឿងរ៉ាវស្មោកគ្រោកជាច្រើននៅក្នុងសង្គមដូចជា ការប្រព្រឹត្តអំពើពុករលួយទុក្ខលំបាករបស់ពលរដ្ឋក្រីក្រ ហើយត្រូវអ្នកមានលុយមានអំណាចជិះជាន់រំលោភយកដីធ្លីស្រស់ៗ ការបាញ់កាប់សម្លាប់អ្នកចេះដឹងនិងអ្នកស្នេហាជាតិជាហូរហែ និងរៀបរាប់អំពីបញ្ហាជនអន្តោប្រវេសន៍រស់នៅយ៉ាងអនាធិបតេយ្យផងដែរ។ «»
លោក ឈុន ឌីម៉ី មានវ័យ ២៤ឆ្នាំ ជានិស្សិតឆ្នាំទី១ផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យSouth-East Asia។ លោករៀបរាប់ថា បទចម្រៀងនេះលោកតាក់តែងម្នាក់ឯង និងមានឆន្ទៈផ្ទាល់ខ្លួនដោយគ្មានការជំរុញពីក្រុមណា ឬអ្នកនយោបាយណាមួយនោះទេ។លោក សង្ឃឹមថា បទចម្រៀង ដែលច្រៀងនោះនឹងធ្វើឱ្យមានដំណោះស្រាយល្អមួយនៅក្នុងសង្គមខ្មែរ៕