ក្រុមយុវជននៅតែទាមទារឱ្យអាជ្ញាធរខេត្តព្រះសីហនុដោះស្រាយបញ្ហាចាក់ដីរំលោភឆ្នេរព្រែកត្រែង
Byឌឹ ខេមបូឌា ដេលី
ឌឹ ខេមបូឌា ដេលី
ក្រុមយុវជនស្រឡាញ់បរិស្ថានបានស្នើជាថ្មីទៀតឱ្យអាជ្ញាធរខេត្តព្រះសីហនុដោះស្រាយបញ្ហាចាក់ដីលុបមាត់ឆ្នេរព្រែកត្រែង ដែលពួកគេអះអាងថាទីតាំងចាក់ដីលុបឆ្នេរសមុទ្រនោះជាកម្មសិទ្ធិរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ ដែលជាភរិយារបស់សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាចលោក ឡៅ ម៉េងឃីន និងជាមនុស្សស្និទ្ធនឹងភរិយារបស់លោក ហ៊ុន សែន។
ក្នុងវីដេអូប្រមាណ៣នាទីដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់យុវតីស្រឡាញ់បរិស្ថានគឺកញ្ញា ផេង ស្រីស នៅថ្ងៃនេះបានបង្ហាញពីសកម្មភាពយុវជនជាង១០នាក់បាននាំគ្នាចុះទៅកាយដីចេញពីតំបន់ ឆ្នេរព្រែកត្រែង ក្នុងភូមិសាស្ត្រឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុជាថ្មីទៀតនិងបានលើកឡើងនូវសំណួរជាច្រើនទៅកាន់អាជ្ញាធរខេត្តនេះ ខណៈអាជ្ញាធរមិនទាន់ដោះស្រាយករណីចាក់ដីលុបឆ្នេរសមុទ្រនេះនៅឡើយ។
ក្រុមយុវជនបានសួរអាជ្ញាធរខេត្តថា តើដីឆ្នេរព្រែកត្រែងពិតជាបានកាយចេញអស់ដូច សម្តីលោកអ្នកនាំពាក្យសាលាខេត្តព្រះសីហនុពិតមែន ឬទេ? តើការចោទប្រកាន់របស់អាជ្ញាធរខេត្តដែលថា ក្រុមយុវជននេះធ្វើសកម្មភាពអាណាធិបតេយ្យ និងតស៊ូមតិទាមទារដំណោះស្រាយកន្លងមកនោះគឺធ្វើឡើងដោយក្តោបក្តាប់ព័ត៌មានមិនជុំនោះ ជាការចោទប្រកាន់ត្រឹមត្រូវដែរ ឬទេ? ឬមួយអាជ្ញាធរខេត្តព្រះសីហនុពិតជាអសមត្ថភាព និងនៅតែប្រើវិធីសាស្រ្តកុហក បន្លំភ្នែកសាធារណជនដដែលបន្តទៀត?
ពួកគេក៏បានប្តេជ្ញាចិត្តថា នឹងនៅតែបន្តតាមដាននិងទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហានេះ រហូតមានដំណោះស្រាយជាក់លាក់សម្រាប់ឆ្នេរសមុទ្រខ្មែរ។
កាលពីថ្ងៃទី១៨ខែកញ្ញា លោក ហ៊ុន សែន បានចេញបញ្ជាបន្ទាន់មួយ ឲ្យក្រសួងរៀបចំដែនដីចាត់វិធានការកាយដីចេញពីឆ្នេរព្រែកត្រែង វិញ បន្ទាប់ពីរកឃើញថា ឆ្នេរសមុទ្រមួយនេះត្រូវបានចាក់ដីលុបដោយក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ ដែលជាភរិយារបស់លោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាប៉ុន្តែមកទល់ពេលនេះគេនៅមិនទាន់ឃើញមានការកាយដីចេញពីទីតាំងដែលត្រូវបានក្រុមហ៊ុនយាយភូចាក់ចូលឆ្នេរសមុទ្រនោះនៅឡើយទេ។
ខេត្តព្រះសីហនុចាប់ផ្តើមមានភាពចម្រូងចម្រាសខ្លាំងពាក់ព័ន្ធបញ្ហាដីធ្លីនិងការចាក់ដីលុបឆ្នេរសមុទ្រជាបន្តបន្ទាប់ក្រោយពេលជនជាតិចិនសម្រុកចូលមករស់នៅនិងប្រកបអាជីវកម្មកាន់តែច្រើន ដែលធ្វើឱ្យតម្រូវការដីមានកាន់តែច្រើន ហើយតម្លៃដីតំបន់មួយនេះក៏មានតម្លៃកាន់តែខ្ពស់។
បច្ចុប្បន្នការចាក់ដីចូលឆ្នេរសមុទ្រនិងលុបទីតាំងទឹកសាបនៅខេត្តជាប់មាត់សមុទ្រមួយនេះគឺមិនក្រោមពី៥កន្លែងឡើយ ប៉ុន្តែអាជ្ញាធរនៅមិនទាន់ចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកប្រព្រឹត្តទាំងនោះនៅឡើយ៕
© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.