លោក សុខ ឥសាន៖ ការនិពន្ធការច្រៀងប្រមាថជាតិសាសន៍ឯងមិនមែនជាសិទ្ធិទេ
Byឌឹ ខេមបូឌា ដេលី
ឌឹ ខេមបូឌា ដេលី
អ្នកនាំពាក្យគណបក្សកាន់អំណាចព្រមានថា ការនិពន្ធការសរសេរ ការច្រៀងប្រមាថជាតិសាសន៍ឯងមិនមែនជាសិទ្ធិទេ។
ការព្រមានរបស់អ្នកនាំពាក្យបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បែបនេះក្រោយពេលយុវជនម្នាក់ដែលជាអ្នកចម្រៀង រ៉ាប (Rap) ឈ្មោះឈុន ឌីម៉ីឬហៅថា Dymey-Cambo ដែលជាម្ចាស់បទ «សង្គមនេះ» បង្ហោះតាមបណ្តាញសង្គមនិងត្រូវបានសមត្ថកិច្ចកោះហៅទៅសាកសួរជាញឹកញាប់ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់អាចចាប់ខ្លួនឬចោទប្រកាន់យុវជនរូបនេះនៅឡើយទេ។
លោក សុខ ឥសាន សរសេរនៅលើប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២២ខែឧសភានេះថា ទោះលោកមិនសំដៅទៅបុគ្គលណាម្នាក់ ប៉ុន្តែលោកថាការកោះហៅទៅសាកសួរជានីតិវិធីដើម្បីរកយុត្តិធ៌មហើយថា បើមិនចង់ឲ្យកោះហៅកុំធ្វើល្មើច្បាប់។ ទោះយ៉ាងណាក្រោយសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានតាមសួរនាំនិងព្រមានជាញឹកញាប់នោះលោក ឈុន ឌីម៉ី ឬហៅថា ឌីម៉ីខេមបូ បានសម្រេចចិត្តលុបវីដេអូចម្រៀងនោះចេញពី Facebook និង Youtube កាលពីថ្ងៃទី១៦ខែឧសភាហើយលោកក៏បានស្នើឲ្យលោក សម រង្ស៊ី លុបវីដេអូចម្រៀងរបស់លោកចេញពីទំព័រ Facebook របស់លោក សម រង្ស៊ី ដែរដោយសារប្រធានគណបក្សប្រឆាំងរូបនេះយកចម្រៀងរបស់លោកទៅបង្ហោះ Facebook ឈ្មោះ សម រង្ស៊ី។
បទ«សង្គមនេះ ឈុន ឌីម៉ី សរសេររៀបរាប់និងរិះគន់បញ្ហាសង្គមដែលកំពុងកើតឡើងសព្វថ្ងៃជាពិសេសគឺរឿងអយុត្តិធម៌សង្គមដែលបង្កឡើងដោយមន្រ្តីពុករលួយនិងឈ្មួញមានលុយមានអំណាចដែលធ្វើបាបនិងជិះជាន់ពលរដ្ឋក្រីក្រ។
ក្រុមសង្គមស៊ីវិលចាត់ទុកការព្រមានរបស់រដ្ឋាភិបាលទៅលើការតែងនិពន្ធបទសង្គមនេះថា ជាការរឹតត្បិតទៅលើសេរីភាពក្នុងការបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ៕
© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.