2019-05-24
RFA
ជនជាតិដើមភាគតិចរស់នៅឃុំប៊ួស្រា ស្រុកព្រជ្រាដា ខេត្តមណ្ឌលគិរី គ្រោងប្តឹងមន្ត្រីយោធាម្នាក់ ទៅតុលាការពាក់ព័ន្ធ ករណីប្រើកាំភ្លើងខ្លីភ្ជុងអ្នកភូមិជាច្រើននាក់ ដែលកំពុងចូលរួមពិធីបុណ្យសពមួយ កាលពីចុងសប្តាហ៍មុន។
មន្ត្រីសិទ្ធិមនុស្សចាត់ទុកការគំរាមនេះ ជាទង្វើល្មើសច្បាប់ និងវិន័យកងទ័ព។
ជនជាតិដើមភាគតិចព្នងជាច្រើននាក់ រស់នៅភូមិ និងឃុំប៊ូស្រាកំពុងកើតទុក្ខមិនសុខចិត្ត រឿងមន្ត្រីយោធាម្នាក់ ឈ្មោះ យិន ឌី មកពីអង្គភាពវារៈ១០៣ ចំណុះឲ្យបញ្ជាការដ្ឋានប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី បានយកកាំភ្លើងខ្លី ភ្លុងអ្នកភូមិ២០ ទៅ ៣០នាក់ នៅគ្រាដែលកំពុងជួបជុំគ្នា កំដរបុណ្យសពមួយ កាលពីថ្ងៃទី១៧ ឧសភា។
ជនជាតិដើមភាគតិចព្នង ដែលជាម្ចាស់ផ្ទះបុណ្យ លោក យស់ ប៊ុនថន ឲ្យដឹងនៅថ្ងៃទី២៣ ឧសភាថា ក្រោយពីយោធារូបនេះ យកកាំភ្លើងគំរាមអ្នកភូមិ និងយកដៃក្បួចកអាវម្ចាស់ផ្ទះ ពួកគេបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍មូលដ្ឋានដែរ តែគ្មានចំណាត់ការ។ លោកថា ពួកគេចង់ដោះស្រាយតាមរបៀបប្រពៃណី ជនជាតិដើមភាគតិចដែរ ដោយតម្រូវឲ្យមន្ត្រីយោធានោះ សងជំងឺចិត្តជាប្រាក់ ៤លានរៀល និងទិញជ្រូក ២ក្បាល ដើម្បីឲ្យអ្នកភូមិសែនព្រេន បំណងបញ្ចប់ជម្លោះ មុននឹងដាក់ពាក្យប្តឹងទៅតុលាការ នៅរសៀលថ្ងៃទី២៣ ឧសភា តែមន្ត្រីយោធារូបនោះបានបដិសេធ និងបានទូរស័ព្ទមកសុំទោសអ្នកភូមិ៖ «គេភ្ជង់កាំភ្លើងរាយពេញប្រជាជន គេឡើងឡានទៅវិញទៅ។ ដោះស្រាយចប់ហើយកូនក្មេង នៅភ្ជុងកាំភ្លើងប្រជាជន»។
សេចក្ដីរាយការណ៍ពីអ្នកភូមិឲ្យដឹងថា កាលពីយប់ថ្ងៃទី១៧ ឧសភា មន្ត្រីយោធា ឈ្មោះ យិន ឌី បានយកកាំភ្លើងវាយយុវជនម្នាក់ ឲ្យសន្លប់ ក្នុងស្ថានភាពស្រវឹងស្រា ក្រោយមកបានប្រើកាំភ្លើងខ្លីគំរាមអ្នកភូមិជាច្រើននាក់ទៀត នៅវេលាម៉ោង ៩យប់ថ្ងៃដដែល។ រីឯក្រុមគ្រួសារយុវជន រងគ្រោះដោយត្រូវមន្ត្រីយោធានោះ យកកាំភ្លើងវាយឲ្យសន្លប់ បានឯកភាពព្រមទទួលសំណង ១លានរៀល ជាថ្នូរបញ្ចប់ការតវ៉ាតាមផ្លូវច្បាប់។
សហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក ក្រើង តុលា ថា សង្កេតឃើញថា ក្រោយពីកើតមានបាតុភាពនេះ មន្ត្រីនគរបាលប៉ុស្តិ៍មូលដ្ឋានបានព្រមានអ្នកភូមិមិនឲ្យប្ដឹងរឿងនេះ។ ចំណែកអ្នកភូមិ នៅតែស្ទាក់ស្ទើរខ្លាចរអាមិនហ៊ានប្ដឹងទៅតុលាការ ដោយសារមានការគំរាមកំហែង។ លោកថា មន្ត្រីយោធារូបនោះ បានអួតអាងប្រាប់អ្នកភូមិថា គេមានខ្នងបង្អែកធំ ដោយមិនខ្លាចអ្នកភូមិប្ដឹងនោះទេ៖ «ម៉ោង ៨ គាត់វាយក្មេង និងម៉ោង ៩ ត្រឡប់មកវិញ ថាពីណា? មិនអស់ចិត្ត ពីណា? ហ៊ាន បាញ់ចោលអីចឹងទៅ ក្របួចកអាវម្ចាស់ផ្ទះថា ពីណាខ្លាំង។ ជនបង្កគេថា អ្នកឯងប្ដឹងដល់ណាដល់ទៅ គាត់អួតថា គាត់មានខ្នងធំអីចឹង»។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទង មន្ត្រីយោធា លោក យិន ឌី ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានថា យ៉ាងណានៅឡើយទេថ្ងៃទី២៣ ឧសភា។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ក៏មិនទាន់អាចទាក់បានដែរដោយលោកមិនលើកទូរស័ព្ទ។
រីឯមេប៉ុស្តិ៍ឃុំ ប៊ូ ស្រា លោក លន លឹមហេង ឲ្យដឹងថា មូលហេតុដែលនគរបាលមិនចាត់វិធានការរឿងនេះ ដោយសារជនជាតិដើមភាគតិចព្នង បានសម្របសម្រួលគ្នា ដោះស្រាយតាមបែបប្រពៃណីជនជាតិដើមភាគតិច នៅរសៀលថ្ងៃទី២៣ ឧសភា។ លោកបញ្ជាក់ថា ករណីបង្កហិង្សាលើយុវជនម្នាក់ ភាគីទាំងសងខាងបានត្រូវគ្នា និងបានដោះស្រាយចប់រួចរាល់ហើយ៖ «បាទគេដោះស្រាយតាមប្រពៃណី តាមផ្លូវច្បាប់ប៉ុស្តិ៍ដោះចប់ហើយ រវាងភាគីសងខាងត្រូវរ៉ូវគ្នា ដោយឡែកតាមប្រពៃណី ខ្ញុំអត់ហ៊ានដោះទេ។ ឥឡូវគេស្រុះស្រួលគ្នា»។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី ពន្យល់ថា ទំហំនៃបទល្មើសនេះ មិនអាចបញ្ចប់រឿងក្ដៅប្រព័ន្ធតុលាការបានទេ។ លោកថា ការប្រើហិង្សាដោយចេតនា និងប្រើកាំភ្លើងគំរាមពលរដ្ឋ គឺជាទម្រង់នៃបទល្មើសព្រហ្មទណ្ឌ។ លើសពីនេះការប្រើអាវុធគំរាមពលរដ្ឋ គឺជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងល្មើសច្បាប់មួយកម្រិតទៀត៖ «ការប្រើអាវុធខុសច្បាប់មានន័យថា ត្រូវទទួលបទល្មើសព្រហ្មទណ្ឌ។ ការដោះស្រាយក្រៅប្រព័ន្ធតុលាការ ទទួលសំណងពីជនរងគ្រោះ ទិដ្ឋភាពនេះ គឺមិនអាចចប់សាច់រឿងបានទេ។ ត្រូវតែមានការកាត់សេចក្ដីពីតុលាការ។ អ្វីដែលពលរដ្ឋរងគ្រោះទទួលយកសំណង គឺខុសពីនីតិវិធីច្បាប់ទេ»។
ក្រមព្រហ្មទណ្ឌមាត្រា ២១៧, ២១៨ និង ២៣១ ចែងថា ការយកអាវុធប្រើហិង្សាដោយចេតនា មានស្ថានទម្រង់ទោស ត្រូវជាប់គុកពី ២ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។ ការគំរាមកំហែងដោយប្រើកាំភ្លើង នាំឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋ និងមជ្ឈិម និងសម្ដែងរូបភាពអ្វីមួយ ត្រូវផ្ដន្ទាទោសពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ១លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។