
រូបភាព៖ ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ (រូបភាពឯកសារ)
@RFI
មន្ត្រីសាលាខេត្តព្រះសីហនុយល់ថា ការដែលមានពលរដ្ឋខ្មែរចេះភាសាចិនច្រើន ដែលបានបំរើការងារនៅក្នុងក្របខណ្ឌ ឬក្រៅក្របខណ្ឌបុគ្គលិកសាលាខេត្តព្រះសីហនុកាន់តែច្រើន កាន់តែល្អ។ ការលើកឡើងរបស់មន្ត្រីខេត្តព្រះសីហនុដូច្នេះ ធ្វើឡើងបន្ទាប់ពីខេត្តព្រះសីហនុ បានក្លាយជាគោលដៅវិនិយោគរបស់ជនជាតិចិន យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយមានបញ្ហាប្រឈមចំពោះការប្រើភាសាចិននៅតាមផ្នែកមួយចំនួនជាពិសេសផ្នែកសំណង់។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ បានលើកឡើងថា មានបញ្ហាមួយចំនួនចាំបាច់ត្រូវមានមន្ត្រីជាអ្នកចេះភាសាចិន ដើម្បីដំណើរការការងារក្នុងដែនដីកំសាន្តមាត់សមុទ្រមួយនេះឲ្យរលូន។
តាមមន្ត្រីអ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុមិនមានជាលិខិតស្នាម ឬឯកសាររដ្ឋបាលផ្លូវការណាមួយត្រូវបានធ្វើឡើងជាភាសារចិនបន្ថែមពីលើលិខិតជាខេមរៈភាសានោះទេ ក៏ប៉ុន្តែ ទាក់ទងទៅនឹងការផ្សព្វផ្សាយចាំបាច់ត្រូវមាន ការបកប្រែជាភាសាចិន ដោយសារវត្តមានជនជាតិចិនច្រើនជាងជនបរទេសផ្សេងទៀត នៅក្នុងខេត្តព្រះសីហនុ។
តាមរបាយការណ៍របស់មន្ទីរការងារខេត្តព្រះសីហនុ បច្ចុប្បន្ននេះ មានជនជាតិចិនចំនួន ១២ ៩៨៨នាក់ ដែលបានចុះបញ្ជីធ្វើការងារអចិន្ត្រៃយ៍នៅក្នុងខេត្តនេះ ដោយមិនរាប់បញ្ចូលអ្នកទេសចរណ៍ចិន ដែលបានចេញចូល និងអ្នកចុះបញ្ជីនៅរដ្ឋបាលថ្នាក់ជាតិនោះឡើយ។
ទោះយ៉ាងណា ដើម្បីធានាដល់ការបំរើការងារនៅក្នុងរដ្ឋបាលខេត្តព្រះសីហនុទាំងមូល ត្រូវទាមទារឲ្យមានមន្ត្រីចេះភាសាចិនចំនួនច្រើន ខណៈអ្នកចេះភាសាចិន មានប្រមាណជា៣ទៅ៤រូបប៉ុណ្ណោះ នៅក្នុងខេត្តមួយនេះ។ នេះបើតាមលោក ឃាង ភារម្យ។ លោកបញ្ជាក់ថា អភិបាលខេត្តព្រះសីហនុ លោក កួច ចំរើន កាលពីពេលថ្មីៗនេះ បានស្នើទៅក្រសួងមហាផ្ទៃសុំមន្ត្រីជាប់កិច្ចសន្យាចំនួន៣រូបបន្ថែមទៀត ដើម្បីប្រចាំការ និងបំរើការងាររដ្ឋបាលក្នុងករណីចុះទៅបំពេញការងារជាពិសេសនៅតាមការដ្ឋានសំណង់របស់ចិន។
បើតាមមន្ត្រីសាលាខេត្ត យ៉ាងហោចណាស់ ក៏ត្រូវមានអ្នកចេះភាសាចិនម្នាក់ដែរ នៅតាមស្ថាប័ននានា សាលាក្រុង សាលាសង្កាត់ជាដើម ដើម្បីសមាមាត្រជាមួយនឹងចំនួនជនជាតិចិន។ តាមលោក ឃាង ភារម្យ ការដែលខ្វះខាត មន្ត្រីចេះភាសាចិន គឺជាការប្រឈមសម្រាប់រដ្ឋបាល ដែលធ្វើឲ្យការងារមិនបានលឿនទៅមុខ។
យ៉ាងណាក៏ដោយ នៅតាមទីសាធារណៈ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការកើតមានវិវាទនានាដែលជាប់ពាក់ព័ន្ធជាមួយជនជាតិចិន ត្រូវមន្ត្រីសាលាខេត្តអះអាងថា មិនមានបញ្ហាចោទខ្លាំងពាក់ព័ន្ធរឿងភាសាទេ ដោយសារពលរដ្ឋខ្មែរមួយចំនួនបានចេះចិន ខណៈសាលាបណ្តុះបណ្តាលភាសាចិន ចំនួន៣ នៅក្នុងខេត្តព្រះសីហនុ កំពុងត្រូវបានចាប់អារម្មណ៍ និងចូលរៀនភាសានេះយ៉ាងសកម្មពីពលរដ្ឋខ្មែរ៕