លោក ហ៊ុន សែន អំពាវ​នាវ​ឲ្យពលរដ្ឋ​បន្ត​​ហូប​សាច់​ជ្រូក​ឡើង​វិញ​ ខណៈ​កម្ពុជា​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក

អាជីវករលក់សាច់ជ្រូកនៅផ្សារមួយកន្លែង ក្នុងក្រុងភ្នំពេញ។ រូបភាព៖ ណាត សុភាព

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវទៅប្រជាពលរដ្ឋឲ្យ​បន្តទទួលទានសាច់ជ្រូកឡើងវិញ ហើយ​លោក​ប្រាប់​​កុំឲ្យ​បារម្ភពីផល​ប៉ះពាល់សុខភាព ពីព្រោះសាច់ជ្រូកដែលលក់នៅលើទីផ្សារសុទ្ធតែឆ្លងការការត្រួតពិនិត្យត្រឹមត្រូវ។

លោក ហ៊ុន សែន អំពាវនាវ​បែបនេះ ធ្វើឡើងបន្ទាប់ពីសត្វជ្រូកនៅកម្ពុជា បានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកពីប្រទេសវៀតណាម ជាងកន្លះខែកន្លងទៅនេះ។

ក្នុងការពិនិត្យការដ្ឋានសាងសង់ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ន លោកហូបសាច់ជ្រូកស្ទើរតែជារៀងរាល់ថ្ងៃ។

លោក ហ៊ុន សែន ថា៖ «សូមទទួលទានទៅ ខ្ញុំក៏ទទួលទានសាច់ជ្រូករាល់ថ្ងៃដែរ។ វាអត់ឆ្លងពីសត្វមកមនុស្សទេ។ ប៉ុន្មានអាទិត្យមកនេះ អ្នកលក់សាច់ជ្រូកត្អូញត្អែរខ្លាំងណាស់ ហើយឥឡូវនេះ ជារដូវហាមឃាត់បិទនេសាទផង ទីមួយត្រីខ្វះ ទីពីរមិនព្រមទទួលទានសាច់ជ្រូក និងរុញឲ្យសាច់គោឡើងថ្លៃ ឬសាច់ត្រីឡើងថ្លៃ ជាពិសេសអាណិតដល់អ្នកចិញ្ចឹមជ្រូក ដែលគ្នាខំចិញ្ចឹម»

ករណីនេះ លោកអំពាវនាវទៅប្រជាពលរដ្ឋយកគំរូតាមលោក បន្តហូបសាច់ជ្រូកឡើងវិញ ដោយកុំបារម្ភពីការប៉ះពាល់​ដល់សុខភាព ពីព្រោះជ្រូកដែលលក់នៅលើទីផ្សារកម្ពុជាមានការត្រួតពិនិត្យត្រឹមត្រូវ ហើយមិនមានជំងឺប៉េស្តជ្រូក​អាហ្វ្រិកនោះទេ។

លោក ហ៊ុន សែន បញ្ជាក់ថាប្រសិនបើប្រជាពលរដ្ឋមិននាំគ្នាបន្តហូបសាច់ជ្រូកឡើងវិញទេ នឹងធ្វើឲ្យសាច់គោ និងសាច់ត្រីឡើងថ្លៃ ហើយនាំឲ្យទីផ្សារនៅកម្ពុជាមានបញ្ហាប្រឈមផងដែរ។

ក្រសួងកសិកម្ម តែងណែនាំទៅអាជ្ញាធរខេត្តទាំងនោះ ​ឲ្យ​​ចាត់​វិធានការទប់ស្កាត់ជាបន្ទាន់​ និងហាមមិនឱ្យចរាចរជ្រូក និងផលិតផល​មាន​ដើម​កំណើត​​ពី​សត្វជ្រូកពីកន្លែងផ្ទុះជំងឺទៅ​កាន់​តំបន់​ផ្សេង​ទៀតជាដើម។

កាលពីថ្ងៃទី១១ ខែកក្កដា ​ក្រសួងអះអាងថា មាន​ជ្រូកដែល​ឆ្លង​ជំងឺ​ប៉េស្ត​នេះ​​ងាប់ និង​ត្រូវ​បាន​សម្លាប់​មាន​ជាង ​២ពាន់​ក្បាល​ហើយ​ ដែល​ក្នុង​នោះ​ជិត​ ៨រយ​ក្បាល​ ត្រូវ​បាន​រដ្ឋាភិបាល​យក​ទៅ​បំផ្លាញ​ចោល​ ដែល​តម្លៃ​​ខាតបង់​ខ្ទង់ ៥០ម៉ឺនដុល្លារ​អាមេរិក៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles