អត្ថន័យ​នៃ​ការ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ និង​ផល​វិជ្ជមាន និង​អវិជ្ជមាន

ដោយ សេក បណ្ឌិត
2019-09-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពុទ្ធសាសនិក​រាប់បាត្រ​ព្រះសង្ឃ​ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ នៅ​វត្ត​ទួលសន្តិវ័ន្ត (វត្ត​ទួលអស់លោក) ក្នុង​ភូមិ​បឹងឈូក សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌ​ឫញស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ កញ្ញា ឆ្នាំ​២០១៥។ RFA
ពុទ្ធសាសនិក​រាប់បាត្រ​ព្រះសង្ឃ​ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ នៅ​វត្ត​ទួលសន្តិវ័ន្ត (វត្ត​ទួលអស់លោក) ក្នុង​ភូមិ​បឹងឈូក សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌ​ឫញស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ កញ្ញា ឆ្នាំ​២០១៥។ RFA


ប្រជាពលរដ្ឋ​ភាគច្រើន​សាទរ ដោយ​សប្បាយរីករាយ ក្នុង​ឱកាស​ធ្វើបុណ្យ​ដាក់​ទាន ជួបជុំ​ឪពុកម្ដាយ ញាតិមិត្ត បងប្អូន ឧទ្ទិស​កុសល ជូន​ញាតិ​៧​សន្តាន រួមមាន​ជូន​ជីដូន​ជីតា បុព្វការី​ជន​ទាំងឡាយ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​កំពុង​ប្រ​ព្រឹទ្ធិ​ទៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ទន្ទឹម​គ្នា​នេះ​ដែរ ក៏​មាន​ការរិះគន់​ដែរ ថា​ការ​ធ្វើ​ពិធី​បិណ្ឌ​ភ្ជុំ​នៅ​តំបន់​ខ្លះ ធ្វើឡើង​មិន​ត្រឹមត្រូវ​ឡើយ ដោយ​ចំណាយ​បាយ ម្ហូប ហួស​ដែន​កំណត់ ឬ​ហួស​ពី​តម្រូវការ ដែល​ជា​ការ​ខ្ជះខ្ជាយ តាម​ជំនឿ​អរូបិយ តៗ​គ្នា ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ខុស​ពី​គម្ពីរ​ក្បួនខ្នាត នៃ​ព្រះពុទ្ធសាសនា​។​

តើ​ព្រះសង្ឃ​ដែល​សិក្សា​ស្រាវជ្រាវ​ពី​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ និង​ព្រះពុទ្ធសាសនា ព្រមទាំង ក្រសួង​ធម្មការ និង​សាសនា ដែល​ជា​អ្នកដឹកនាំ​ពិធី​នេះ យល់ឃើញ​យ៉ាងណា​ចំពោះ​ការ រិះគន់ ថា​មាន​ផល​អវិជ្ជា​មាន​ដែល​កើត​ចេញ​ពិធី​កាន់បិណ្ឌ​នេះ?

ពិធីបុណ្យ​បិណ្ឌ​ភ្ជុំ​ទាំងមូល រួមមាន​ការ​ធ្វើ​កម្មវិធី​ជាច្រើន​ក្នុង​នោះ​រួមមាន ពិធី​រាប់បាត្រ ព្រះសង្ឃ ពិធី​បោះ​បាយបិណ្ឌ ពិធី​ពូន​ភ្នំខ្សាច់ ឬ​ភ្នំ​អង្ក ពិធី​សែន​ដូនតា​ទៅ​ស្រុក​វិញ និង​ពិធី​សូត្រ​ព្រះធម៌​បរាភវ​សូត្រ​ជាដើម។

អ្នក​សិក្សា​ស្រាវជ្រាវ​ព្រះពុទ្ធសាសនា និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ កត់សម្គាល់​ថា ពិធី​ខ្លះ​បង្កើត​ឡើង​តាម​ជំនឿ​របស់​អ្នកភូមិ​ក្នុង​តំបន់ ចំណុច​ខ្លះ​ទៀត​ដូនតា​ចាស់ទុំ​បង្កើត​ឡើង​គ្រាន់តែ​ជា​សិល្បវិធី​ដើម្បី​ទាក់ទាញ​ប្រជា​ពុទ្ធ​បរិស័ទ​ឱ្យ​មក​ធ្វើបុណ្យ​នៅ​តាម​វត្ត​អារាម ស្ដាប់​ឱវាទ​អប់រំ​ពី​ព្រះសង្ឃ​ឱ្យ​សាង​តែ​អំពើ​ល្អជា​ប្រយោជន៍​ដល់​សង្គម ហើយ​ក្រោយមក​ក៏​ក្លាយ​ជា​ទំនៀមទម្លាប់ ប្រពៃណី​ជាតិ​រហូត​មក​ទល់នឹង​សព្វថ្ងៃ​នេះ។

ព្រះចៅអធិការ​វត្ត​ព្រះពុទ្ធឃោសាចារ្យ​ទួល​តាហោ ស្រុក អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ព្រះតេជព្រះគុណ ព្រហ្ម សាវង្ស មាន​ថេរដីកា​ថា ពិធី​មួយ​ចំនួន​ពុំ​មាន​ចែង​ក្នុង​គម្ពីរ​ព្រះពុទ្ធសាសនា ឬ​ព្រះ​ត្រៃបិដក​នោះ​ទេ៖ «បើ​តាម​គម្ពីរ និង​តាម​ការប្រព្រឹត្តិ​ជាក់ស្ដែង​ឃើញ​មានការ​ថែមថយ​ច្រើន ដូចជា​ពិធី​សែន​ជូន​តា​ជូន​តា ទៅ​ស្រុក​វិញ​ជាដើម​អត់​ឃើញ​មាន​ចែង​ទេ​….»

ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ត​ថា​៖ សង្ខេបន័យ​ដើម នៃ​ពិធី​បិណ្ឌ​ភ្ជុំ គឺ​ការឧបត្ថម្ភ ចង្ហាន់​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​វត្ត​អារាម ដែល​ពិបាក​និមន្ត​បិណ្ឌ​បាត្រ​ដោយ​បញ្ហា​ធម្មជាតិ ភ្លៀងរលឹម ជួន​មាន​ទឹកជំនន់ ដាច់​ផ្លូវ​ជាដើម​។ ក្រៅពី​ការ​ធ្វើ​បុណ្យ​បិណ្ឌ​ភ្ជុំ គឺជា​ឱកាស​ប្រមូល​ម្តុំ​មនុស្ស​គ្រប់​វ័យ​ឱ្យ​មក​ជួបជុំ រួម​សាមគ្គី​គ្នា​ធ្វើ​អ្វីមួយ​ជា​ប្រយោជន៍​ដល់​ការ​ជួយ​ទ្រទ្រង់​ព្រះពុទ្ធសាសនា និង​មក​ទទួល​ឱវាទ​ពី​ព្រះសង្ឃ ព្រឹទ្ធាចារ្យ ដើម្បី​ឱ្យ​វា​ចាក​ពី​អំពើ​បាប​ទាំងឡាយ តាមរយៈ​ធម្មទេសនា ការ​សម្ដែង​ព្រះធម៌​បរាបវសូត្រ ដែល​បង្ហាញ​ពី​ក្ដី​វិនាស​ទាំង​១២​ប្រការ​គួរ​ត្រូវ​ជៀសវាង៖ «ក្នុង​គាថា​ទាំង​១២​នោះ អាត្មា​មិន​លើក​​ទាំងអស់​ទេ គឺ​សូម​លើ​ត្រង់​គាថា​ទី ៨ ដែល​សំដែង​ពី​ជន​ប្រ​ព្រឹទ្ធ​ល្បែង​៣​ប្រការ​នាំ​ឱ្យ​វិនាស គឺ​ល្បែង​ស្រី ល្បែង​ស្រា ល្បែងភ្នាល់​ទាំងឡាយ ធ្វើ​ទ្រព្យ​ខ្លួន​មាន​ឱ្យ​អន្តរាយ»

ព្រះតេជព្រះគុណ ព្រហ្ម សាវង្ស មាន​ថេរដីកា​ថា ដោយ​ការ​ប្រារព្ធ​ប្រតិបត្តិ​ក្រោយ​មក​នៅ​កន្លែង ខ្លះ​មានការ​ខុសឆ្គង​ខ្លះ បណ្ដាល​ឱ្យ​មានការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា។

នៅ​ក្នុង​រដូវ​បិណ្ឌ​ភ្ជុំ​មកដល់​ម្តងៗ មានការ​រិះគន់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហាញ​រូបភាព​នៃ​ពិធី​រាប់បាត្រ​ព្រះសង្ឃ​ក្នុង​សាលា​បុណ្យ​ដែល​ពុទ្ធ​បរិស័ទ​ដាក់​បាយ​ក្នុង​បាត្រ ហៀរ​ហួស​មាត់​បាត្រ ហើយ​កំពប់​ធ្លាក់​បាយ​គរ​ចោល​ជា​ពុំនូកៗ​រាប់​សិប​គីឡូ​នៅ​លើ​ដី ឬ​តុ​រាប់បាត្រ​នោះ។

ចំណែក​ពិធី​បោះ​បាយបិណ្ឌ​វិញ ក៏បាន​ធ្វើ​ឱ្យ​កខ្វក់​ទី​វត្ត​អារាម ដោយសារ​ដុំ​បាយ​ដែល គេ​បោះចោល​ពាសវាលពាសកាល​ក្នុង​ជំនឿ​ថា​ឧទ្ទិស​ឱ្យ​បាន​ទៅដល់​ពពួក​ប្រែត។

អ្នក​រិះគន់​បង្ហាញ​ទៀត​ថា ការ​ធ្វើ​ស្រែ ស្ទូងស្រូវ​មួយ​ដើមៗ​ចំណាយ​ពេល ចំណាយ​កម្លាំង ច្រើន​ណាស់​ទម្រាំ​បាន​ផល​ជា​អង្ករ ជា​បាយ មិនគួរ​ណា​ខ្ជះខ្ជាយ​ដោយ​គ្មាន​ការពិចារណា​យ៉ាងដូច​ច្នេះ​ឡើយ។

ព្រះតេជព្រះគុណ ព្រហ្ម សាវង្ស ពន្យល់​ថា កា​ធ្វើបុណ្យ​ដោយ​បញ្ញា រមែង​បានជា​កុលស​ផល​បុណ្យ​មកវិញ​ឱ្យ​ចម្រើន​នូវ​បញ្ហា ប៉ុន្តែ​ការដែល​មិន​ប្រើ​បញ្ញា​គិតពិចារណា​មុន​នឹង​ធ្វើ​អ្វីមួយ​នោះ រមែង​ទទួល​បាប ឬ​ទោស​មកវិញ ដូច​ជា​ការ​រាប់បាត្រ​ព្រះសង្ឃ​ជាដើម សុទ្ធ​តែ​មាន​ក្រឹត្យក្រម​ក្បួន​ខ្នាត​ត្រឹមត្រូវ គឺ​មិន​ឱ្យ​លើស​ខ្សែ​បន្ទាត់​ក្រោម​មាត់​បាទ ឬ​មិន​ឱ្យ​លើស​ហៀរ​ចេញពី​មាត់​បាទ​នោះ​ទេ៖ «អាត្មា​លើក​មកនេះ​គឺ ត្រង់​ព្រះសង្ឃ​កាន់​បាត្រ ទៅ​បិណ្ឌ​បាត្រ ពេញ​អស់ហើយ គេ​ដាក់​មក​លោក​នៅតែ​ទទួល​ទៀត​នោះ លោក​មានទោស​ត្រូវ​ដាច់​អាបត្តិ បើ​ទាយក ទាយិកា​ធ្វើ​អ៊ីចឹង​ក៏​ធ្វើ​ឱ្យ​មាន​បាប​ដែរ​»

ចំណែក​ព្រះតេជព្រះគុណ វជិរប្បញ្ញោ សាន សុជា ក៏​មាន​ថេរដីកា តាម​បណ្ដាញ​សង្គម ហ្វេសប៊ុក បកស្រាយ​ទៅ​នឹង​ចម្ងល់​ទាំងឡាយ​ជុំវិញ​ផល​វិជ្ជមាន និង​អវិជ្ជមាន នៃ​ការ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ​នេះ​ដែរ។

ព្រះតេជព្រះគុណ​ពន្យល់​ថា ពិធីបុណ្យ​នេះ មិន​មាន​អ្វី​អាក្រក់​ទេ ហើយ​សព្វថ្ងៃ​បាន​ក្លាយ​ជា​ប្រពៃណី ជា​ពិធី​បុណ្យជាតិ​ទៅ​ហើយ ប៉ុន្តែ​មានកម្ម​វិធី​ខ្លះ​នៅ​មាន​បញ្ហា​ដូចជា​ពិធី​បោះ​បាយបិណ្ឌ​ជាដើម ប៉ុន្តែ​នៅ​មាន​កម្មវិធី​ច្រើន​ទៀត ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ផ្តល់​នូវ​គតិ​អប់រំ និង​ឧបត្ថម្ភ​ចង្ហាន់​ព្រះសង្ឃ៖ «ក្រៅពី​ឧបត្ថម្ភ​ចង្ហាន់​ព្រះសង្ឃ​គាត់​ក៏​បង្កើត​ពិធី​អប់រំ​ក្នុង​ហ្នឹង ដោយ​ជិត​ភ្លឺ​គាត់​បង្កើត​កម្មវិធី​សូត្រ​បរាបវសូត្រ»

ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ត​ថា ជាតិ​សាសន៍​នីមួយៗ​បើ​គ្មាន​ប្រពៃណី​ច្បាស់លាស់​របស់​ខ្លួន​ទប់ស្កាត់​ទេ នោះ​ប្រពៃណី​ជាតិ​សាសន៍​ដទៃ​នឹង​ចូល​លុកលុយ​អាច​ធ្វើ​បាត់​នូវ​អត្តសញ្ញាណ​របស់​ខ្លួន​នៅ​ថ្ងៃ​ណាមួយ៖ «ដូច​រាល់ថ្ងៃ​យើង​ដឹង​ហើយ យើង​កាន់​ប៉ុណ្ណឹង​ហើយ នៅតែ​ខួរ​ក្បាល​យើង​មិន​ចេះ​ស្រឡាញ់​ប្រពៃណី​ខ្លួនឯង នៅតែ​មាន​ប្រពៃណី​ដទៃ​លុកលុយ​ខួ​ក្បាល​យើង​បាន»

អ្នកនាំពាក្យ ក្រសួង​ធម្មការ និង​សាសនា លោក ស៊ិន សុមុនី មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា លោក​ក៏បាន​ដឹង​ថា មាន​ការ​ការរិះគន់​ដូចគ្នា​នេះ​ដែរ ប៉ុន្តែ​លោក​ថា បញ្ហា​នេះ​គ្រាន់តែ​ជា​ករណី​ខ្លះ ដែល​កើត​នៅ​តាម​វត្ត​មួយ​ចំនួន ដែល​អ្នក​រៀបចំ​កម្មវិធី​គ្រប់គ្រង​មិនបាន​ល្អ នាំ​ឱ្យ​លេចចេញ​នូវ​ទិដ្ឋភាព​នេះ​ឡើង ប៉ុន្តែ​មិនមែន​គ្រប់​វត្ត​ទាំងអស់​សុទ្ធ​តែ​មាន​បញ្ហា​យ៉ាង​ដូច្នេះ​នោះ​ទេ។

លោក​ថា ក្រសួង​ធម្មការ តែងតែ​បាន​ណែនាំ ឱ្យ​គណៈកម្មការ​វត្ត​នីមួយៗ​រៀបចំ​ពិធី​បុណ្យទាន​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ​តាម​គន្លង​ព្រះពុទ្ធសាសនា និង​ប្រពៃណី​ទំនៀមទម្លាប់​ដែល​ដូនតា​បន្សល់ទុក​មកដល់​សព្វថ្ងៃ​នេះ៖ «នៅមុន​ពិធី​បិណ្ឌ​ភ្ជុំ​មកដល់ ក្រសួង​តែងតែ​បាន​ចេញ​សារាចរ​ណែនាំ​ជានិច្ច ដើម្បី​ឱ្យ​តាម​វត្ត​នានា​រៀបចំ​ឱ្យ​ល្អ ជៀសវាង​នូវ​កំហុស​ឆ្គង​ទាំងឡាយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពុទ្ធសាសនា ទំនៀមទម្លាប់​ខ្មែរ​ល្អ​របស់​ខ្មែរ​យើង»

បច្ចុប្បន្ន​នៅ​តាម​វត្ត​អារាម​មួយ​ចំនួន មិន​ការ​បោះ​បាយបិណ្ឌ​នោះ​ទេ ដោយ​គ្រាន់តែ​រៀបចំ​ឱ្យ​មាន​ហើយ​ឧទ្ទិស​ជូន​ចំពោះ​បុគ្គល​ណាមួយ​តាម​ដែល​ម្ចាស់​ទាន​ប្រាថ្នា​នឹក​ទៅដល់​នៅ​ទីកន្លែង​ដ៏​សមរម្យ​មួយ ដោយ​មិន​បោះ​នៅ​ចោល​តាម​តាម​ព្រៃ តាម​របង​ព្រះវិហារ​ទៀត​នោះ​ទេ។

ព្រះតេជព្រះគុណ ព្រហ្ម សាវង្ស មាន​ថេរ​ដីកា​បញ្ជាក់​ថា វត្ត​ព្រះពុទ្ធឃោសាចារ្យ ទួលតាហោ ស្រុក អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ក៏បាន​កាត់បន្ថយ​កម្មវិធី​ខ្លះ​ដែល​មិន​មាន​ចែង​ក្នុង​គម្ពីរ​ព្រះពុទ្ធសាសនា និង​នាំ​ឱ្យ​ខាត​ប្រយោជន៍​ពុទ្ធ​បរិស័ទ៖ «ចំពោះ​រឿង​បោះ​បាយបិណ្ឌ កាត់​មិនបាន​បោះ​ទេ ដោយ​គ្រាន់តែ​ច្បិច​បាត​បន្តិច​ម្នាក់​ដាក់​ក្នុង​កន្ទោង ឬ​ចាន​មួយ​រួមគ្នា​ហើយ​យក​ទៅ​ដាក់​ព្រៃ​ឆ្ងាយ​ពី​ព្រះវិហារ​សម្រាប់​ជា​ប្រយោជន៍​ដល់​សត្វ​ផង ចំណែក​វត្ត​ខ្លះ​ឃើញ​មាន​ដាក់​បាយបិណ្ឌ​នៅឡើយ ប៉ុន្តែ​ដាក់​នៅ​លើ​តង់​កម្រាល​កៅស៊ូ ពេល​សមរម្យ​ពេល​ចប់​ពិធី​ក៏​ប្រមូល​សម្អាត​រួច​យក​ទៅ​ហាលថ្ងៃ​ធ្វើជា​បាយក្រៀម​លក់​សម្រាប់​បង់​ថ្លៃ​ទឹក ភ្លើង​ក្នុង​វត្ត​វិញ»

ពិធី​កាន់បិណ្ឌ​មាន រយៈពេល ១៥ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​១​រោច ដល់ ថ្ងៃ ១៥​រោច ខែ​ភទ្របទ គឺ​ជា​ថ្ងៃបុណ្យ​ភ្ជុំ​ធំ ទៅ​តាម​ទំនៀមទម្លាប់ និង​កាលកំណត់​ជា​ទៀងទាត់​ពី​បុរាណ​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles