ដោយ អេង គីមហុង
24/10/2019
RFI

ឯកអគ្គរដ្ឋទូតអាមេរិក ប្រាប់ប្រមុខការទូតខ្មែរថា អាមេរិក នឹងមិនជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាឡើយ (@សហការី)
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី២៤តុលានេះ បានទទួលជួប លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា។ ក្នុងជំនួបនោះ លោក W.Patrick Murphy បញ្ជាក់ជំហរនៅចំពោះមុខប្រមុខការទូតខ្មែរថា សហរដ្ឋអាមេរិក នៅក្នុងអាណត្តិការងាររបស់លោក នឹងមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជាឡើយ។
ជំហររបស់ លោក W. Patrick Murphy យ៉ាងដូច្នេះត្រូវបានគូសបញ្ជាក់បន្ថែមដោយ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៤តុលានេះ។ បើតាមលោក កុយ គួង ឯកអគ្គរដ្ឋទូតអាមេរិកថ្មី បញ្ជាក់ជំហរថា សហរដ្ឋអាមេរិកគ្មានគោលនយោបាយ ជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជាឡើយ ហើយផ្ទុយមកវិញនៅក្នុងអាណត្តិរបស់លោកគឺគាំទ្រកម្ពុជា និងធ្វើជាដៃគូរអភិវឌ្ឍដ៏សំខាន់របស់កម្ពុជា។
បើទោះជាបង្ហាញជំហរមិនលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជាសម្រាប់បច្ចុប្បន្ន និងអនាគតក៏ដោយ តែលោក W.Patrick Murphy មិនភ្លេចសួរនាំឡើយ ជុំវិញករណីឃុំខ្លួន លោក កឹម សុខា។ ការឃុំខ្លួនលោក កឹម សុខា ត្រូវបានប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានឆ្លើយតបថា កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតរបស់តុលាការនៅក្នុងសំណុំរឿងក្បត់ជាតិរបស់គាត់។
ដោយឡែកចំពោះការរក្សាជំហរធ្វើជាដៃគូរអភិវឌ្ឍដ៏សំខាន់របស់កម្ពុជា លោក ប្រាក់ សុខុន បានអរគុណអាមេរិកដែលបានផ្ដល់ការអនុគ្រោះផ្នែកសេដ្ឋកិច្ចមកកម្ពុជាទាក់ទងទៅនឹងការអនុគ្រោះពន្ធ GSP។ បន្ថែមលើនេះលោកក៏បានស្នើនៅចំពោះមុខ លោក W.Patrick Murphy ធ្វើយ៉ាងណាជួយសម្រួលដោះស្រាយបញ្ហានៃការចាប់បញ្ជូនពលរដ្ឋខ្មែរត្រឡប់កម្ពុជាដោយឈរលើគោលការណ៍មនុស្សធម៌។
លោក គិន ភា ប្រធានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជាមើលឃើញថា ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកដែលធ្លាប់មើលមុខគ្នាមិនចំ អាចប្រែប្រួលមុខមាត់ថ្មីតាមរយៈជំហរលោក W. Patrick Murphy។ ប៉ុន្តែយ៉ាងណាក៏ដោយលោក គិន ភា នៅរងចាំមើលបន្តទៀតជុំវិញទំនាក់ទំនងការបរទេសរវាងប្រទេសទាំងពីរ ខ្លាចមានការប្រែប្រួលនាពេលខាងមុខ។
សូមជម្រាបជូនថា ជំនួបរវាងលោក ប្រាក់ សុខុន និងលោក W.Patrick Murphy នៅថ្ងៃទី២៤តុលានេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក W. Patrick Murphy បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៣តុលា។ នៅក្នុងជំនួបនោះភាគីទាំងពីរបានអះអាងដូចគ្នាក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដែលមានស្រាប់។ សម្រាប់លោកនាយករដ្ឋមន្ត្រីមើលឃើញថា កន្លងមកកម្ពុជា និងសហរដ្ឋអាមេរិកបានសហការគ្នារួចហើយ លើវិស័យអប់រំ វិស័យសុខាភិបាលជាដើម។ បន្ថែមលើនេះលោក ហ៊ុន សែន ក៏បានស្នើឯកអគ្គរដ្ឋទូតអាមេរិកគាំទ្រកម្ពុជាដែលត្រៀមធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២៕