កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សុខភាព
កញ្ញា ខាន់ លក្ខិណា | ១១ មីនា ២០២០ | ម៉ោង ១០:៣៣ ព្រឹក
VOD

ក្រុមមន្ត្រីសុខាភិបាលចុះពិនិត្យអ្នកដំណើរលើនាវា វីគីង គូ្រសជ្យូណី (Viking Cruise Journey) ក្រោយរកឃើញមួយករណីនៃមេរោគកូវីដ-១៩លើអ្នកដំណើរនោះ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ (ឆពណ្ណ បញ្ញា)
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម អះអាងថា ក្រុមគ្រូពេទ្យយកសំណាកអ្នកដំណើរលើនាវា វីគីង គូ្រសជ្យូណី (Viking Cruise Journey) ចំនួន៦៣នាក់ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃនេះ។
ក្រសួងសុខាភិបាល កាលពីម្សិលមិញ បានប្រកាសរកឃើញស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំម្នាក់ ដែលធ្វើដំណើរតាមនាវាដែលចេញពីកំពង់ផែហូជីមីញ ប្រទេសវៀតណាម មកចូលចតនៅខេត្តកំពង់ចាម ថាមានផ្ទុក កូវីដ-១៩។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក គឹម សួរភិរុណ ប្រាប់វីអូឌីនៅព្រឹកនេះថា សមត្ថកិច្ចមិនទាន់ឱ្យមនុស្សចំនួន ៦៣នាក់ចេញពីលើនាវានោះទេ ដោយរង់ចាំលទ្ធផលសំណាក។
លោកបន្តថា គ្រូពេទ្យកំពុងយកសំណាកអ្នកដំណើរទាំងនោះទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃនេះ។
លោកថា៖ «យើងយកសំណាកគាត់មកវេចខ្ចប់តាមលក្ខណៈបច្ចេកទេស ហើយដឹកតាមរថយន្តមកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ»។
លោក គឹម សួរភិរុណ បន្តថា ចំពោះស្ថានភាពស្ត្រីជនជាតិជនអង់គ្លេសម្នាក់ដែលផ្ទុកកូវីដ-១៩ លោកថា មានភាពធម្មតា ហើយគ្រូពេទ្យដាក់ឱ្យស្រ្តីរូបនេះសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
គិតមកដល់ថ្ងៃនេះ កម្ពុជាប្រកាសរកឃើញអ្នកឆ្លងមេរោគ កូរ៉ូណា ចំនួន៣នាក់ហើយ គឺជនជាតិខ្មែរម្នាក់ ជនជាតិអង់គ្លេសម្នាក់ និងចិនម្នាក់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។