កម្ពុជា-កូរ៉ូណាវីរុស
11/03/2020 – 07:35
ដោយ៖ វ៉ា សំណព្វ
RFI

អ្នកដំណើរនិងបុគ្គលិកលើនាវា Viking Cruise Journey ចំនួន៥៩នាក់ ត្រូវបានធ្វើតេស្តរកមេរោគ កូវីដ១៩ នៅព្រឹកមិញនេះ។ អ្នកដំណើរនិងបុគ្គលិកទាំងនេះ គឺក្រៅពីស្ត្រីជនជាតិអង់គ្លេស៥នាក់ ដែល៤នាក់កំពុងដាក់ឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែកនៅលើនាវា និងម្នាក់ទៀតត្រូវបាននាំយកមកដាក់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បន្ទាប់ពីរកឃើញថា មានផ្ទុកមេរោគ កូវីដ១៩។ នៅព្រឹកមិញ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ក៏បានចុះទៅត្រួតពិនិត្យដោយផ្ទាល់ ដើម្បីសួរសុខទុក្ខស្ត្រីជនជាតិអង់គ្លេសរូបនោះផងដែរ។
សំណាក់របស់អ្នកដំណើរសរុប២៦នាក់និងបុគ្គលិកលើនាវាចំនួន៣៤នាក់នៃនាវា Viking Cruise Journey ត្រូវបានយកទៅធ្វើតេស្ត នៅព្រឹកថ្ងៃទី ១១ មីនានេះ បន្ទាប់ពីរកឃើញស្ត្រីជនជាតិអង់គ្លេសម្នាក់អាយុ៦៥ឆ្នាំ ដែលជិះនៅលើនាវានេះ មានផ្ទុកមេរោគ កូវីដ១៩។ អ្នកដំណើរនិងបុគ្គលិកទាំង៥៩នាក់នេះ គឺក្រៅពីស្ត្រីជនជាតិអង់គ្លេស៥នាក់ ដែល៤នាក់កំពុងដាក់ឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែកនៅលើនាវា និងម្នាក់ទៀតត្រូវបាននាំយកមកដាក់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បន្ទាប់ពីរកឃើញថា មានផ្ទុកមេរោគកូវីដ១៩។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត គឹម សូរភិរុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១១ មីនា។ បើតាមលោកវេជ្ជបណ្ឌិត នៅលើនាវា Viking Cruise Journey ផ្ទុកមនុស្ស៦៤នាក់ ក្នុងនោះមានអ្នកដំណើរ៣០ និងបុគ្គលិកបម្រើការលើនាវាមានចំនួន៣៤នាក់រួមមានជនជាតិ អាមេរិក កាណាដា អង់គ្លេស វៀតណាម ភូមា និងពលរដ្ឋខ្មែរផងនោះ កំពុងចតនៅលើទឹកជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឲ្យឡើងគោកនោះទេ។
គួរជំរាបជូនថា ការយកសំណាករបស់អ្នកដំណើរ និងបុគ្គលិកបំរើការងារនៅលើនាវាខាងលើនេះយកទៅពិនិត្យ គឺបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា កាលពីយប់ម្សិលមិញនេះ បានប្រកាសពីការរកឃើញករណីឆ្លងមេរោគកូវីដ១៩ទី៣ លើស្ត្រីជនជាតិអង់គ្លេសម្នាក់អាយុ៦៥ឆ្នាំ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ត្រីជនជាតិអង់គ្លេសរូបនេះ រួមទាំងមិត្តភ័ក្ត៤នាក់ទៀត បានធ្វើដំណើរតាមនាវា Viking Cruise Journey នេះ ពីទីក្រុងហូជីមិញសំដៅមករាជធានីភ្នំពេញ នៅថ្ងៃទី ០៥ មីនា និងបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី ០៧ មីនា។ ក៏ប៉ុន្តែ បន្ទាប់ពីទទួលបានព័ត៌មានថា ស្ត្រីជនជាតិអង់គ្លេសរូបនេះ បានជិះយន្តហោះពីទីក្រុងឡុងមកកាន់ទីក្រុងហាណូយប្រទេសវៀតណាម ដែលមានជនជាតិវៀតណាមផ្ទុកមេរោគកូវីដ១៩នោះ ទើបស្ត្រីជនជាតិអង់គ្លេសទាំង៥នាក់ត្រូវបានបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហើយបានយកសំណាកវត្ថុវិភាគចំនួន០៣នាក់ ដោយ០២នាក់ បានប្រកែកមិនសហការ។ ជាលទ្ធផល អ្នកទាំង៣នាក់នេះ មិនមានផ្ទុកមេរោគ កូវីដ១៩ នេះទេ។ ដោយឡែកដើម្បីអោយជាក់ច្បាស់ អាជ្ញាធរសុខាភិបាលកម្ពុជា បានឲ្យយកសំណាករបស់ស្ត្រីជនជាតិអង់គ្លេសពីរនាក់ដែលប្រកែកមិនសហការនោះ មកធ្វើតេស្តបន្ត នៅពេលដែលនាវាបានធ្វើដំណើរទៅដល់ខេត្តកំពង់ចាម។ ហើយជាលទ្ធផល ស្ត្រីជនជាតិអង់គ្លេសម្នាក់មានផ្ទុកមេរោគកូវីដ១៩ និងម្នាក់អវិជ្ជមាន។
យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត គឹម សូរភិរុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានអះអាងថា បច្ចុប្បន្នស្ត្រីជនជាតិអង់គ្លេសរូបនេះ នៅមានសុខភាពល្អធម្មតា និងមិនទាន់លេចចេញនូវរោគសញ្ញាអ្វីនោះឡើយ ខណៈរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានធ្វើដំណើរទៅកាន់ខេត្តកំពង់ចាម ដើម្បីសួរសុខទុក្ខកាលពីព្រឹកមិញនេះ។
សូមជម្រាបជូនថា នេះគឺជាការរកឃើញករណី Covid-19 ទី៣ហើយនៅកម្ពុជា។ កាលពីខែកុម្ភៈ កម្ពុជាបានរកឃើញបុរសជនជាតិចិនម្នាក់មានផ្ទុកមេរោគ Covid-19 នៅពេលបុរសរូបនោះធ្វើដំណើរមកដល់ខេត្តព្រះសីហនុពីទីក្រុងវូហាន។ ករណីទី២ កើតឡើងលើបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ រស់នៅខេត្តសៀមរាប ដែលកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកក្រុងសៀមរាប៕