ព័ត៌មានជាតិ | អភិបាលកិច្ច
លោក ញឹម សុខន | ០៤ ឧសភា ២០២០ | ម៉ោង ៦:១៥ ល្ងាច
VOD

សកម្មភាពផាកពិន័យលើអ្នកបើកបរដែលប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ថ្មី នៅរាជធានីភ្នំពេញ នាដើមខែឧសភា ឆ្នាំ២០២០។ (ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
អ្នកឃ្លាំមើលមួយចំនួន ហៅការរឹតបន្តឹងច្បាប់ចរាចរណ៍ពេលនេះថា វាបានដាក់បន្ទុកបន្ថែមទៀតដល់ប្រជាពលរដ្ឋដែលកំពុងបាត់បង់ប្រាក់ចំណូលដោយសារការគំរាមកំហែងពីកូវីដ១៩នោះ។
រដ្ឋាភិបាល បានបញ្ជាឱ្យរឹតបន្តឹងច្បាប់ចរាចរណ៍ចាប់ពីថ្ងៃទី១ ខែឧសភាសប្ដាហ៍មុនមក ហើយច្បាប់ថ្មីនះ បានដំឡើងការផាកពិន័យច្រើនជាងមុនសម្រាប់អ្នកដែលសមត្ថកិច្ចគិតថា បានប្រព្រឹត្តកំហុសល្មើសច្បាប់ចរាចរណ៍។
អ្នកប្រើប្រាស់ផ្លូវ ត្រូវយកតាមជាមួយនូវច្បាប់ដើម ដូចជា ប័ណ្ណសម្គាល់យានយន្ត លិខិតបញ្ជាក់គុណភាពយានយន្ត ហៅថា ឆៀក និងប័ណ្ណបើកបរ ជាដើម។
នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង និយាយថា លោកគាំទ្រវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ប៉ុន្តែ លោកថា វិធានការនេះមិនគួរធ្វើចំពេលប្រជាពលរដ្ឋកំពុងបាត់បង់ប្រាក់ចំណូលដោយសារកូវីដ១៩ដូចពេលនេះទេ។
លោក យង់ គិមអេង មានប្រសាសន៍ថា៖ «ដំណាក់កាលដែលយើងកំពុងតែជួបវិបត្តិកូវីដ ដែលប្រជាពលរដ្ឋមិនអាចប្រកបមុខរបរប្រក្រតីភាពឡើងវិញបាននៅឡើយនោះ វាជាបញ្ហាប្រឈមមួយធំណាស់»។
ការរឹតបន្តឹងច្បាប់ វាបានជំរុញឱ្យមានកំណើនអ្នកប្រើប្រាស់ផ្លូវថ្នល់សម្រុកទៅធ្វើឯកសារ ដើម្បីគេចផុតពីការខាតបង់ប្រាក់ផាកពិន័យពីសមត្ថកិច្ច។
លោក យង់ គិមអេង ហៅចរន្តនេះថា ជាហានិភ័យរបស់ប្រជាពលរដ្ឋ ដែលអាចប្រឈមមុខនឹងការឆ្លងជំងឺកូវីដ១៩ ដែលលោកថា ការអនុវត្តច្បាប់បែបនេះ មិនបានធានាពីសុខុមាលភាពសង្គមទេ។
លោកថា៖ «ពីមុន គ្នាមិនទៅធ្វើ ព្រោះគ្នាខ្លាចកូវីដ ដល់ឥឡូវធ្វើម៉េចដើម្បីបញ្ចៀសការផាកពិន័យ ត្រូវតែទៅធ្វើ ដល់ទៅធ្វើ វាកកកុញនៅកន្លែងធ្វើនៅកន្លែងឯកសារហ្នឹង វាបង្កហានិភ័យសម្រាប់កូវីដទេ ឬក៏ថា កម្ពុជាហ្នឹងលែងមានកូវីដហើយ អានេះជារឿងសំខាន់ណាស់»។
មួយវិញទៀត ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ធ្វើឡើងចំពេលដែលកម្មករក្នុងវិស័យកាត់ដេរប្រមាណ ១០ម៉ឺននាក់ បានបាត់បង់ការងារ ដោយសាររោងចក្រជាង ១៣០ ព្យួរការងារ នេះបើតាមក្រសួងការងារ។
ពលករចំណាកស្រុកជិត ៩ម៉ឺននាក់ដែលធ្វើការនៅថៃ ចូលមកស្រុកកំណើតអំឡុងចូលឆ្នាំខ្មែរ នេះបើតាមក្រសួងសុខាភិបាល ដែលពួកគេទាំងនោះកំពុងបាត់បង់ចំណូលដូចគ្នា។
អ្នកធ្វើការនៅវិស័យសេវាកម្សាន្តប្រមាណជាង ៨ម៉ឺននាក់ កំពុងបាត់បង់ប្រាក់ចំណូលដោយសាររដ្ឋាភិបាលប្រកាសបិទខារ៉ាអូខេ ក្លឹបកម្សាន្ត នៅទូទាំងប្រទេស កាលពីថ្ងៃទី១៧ ខែមេសា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ នេះបើតាមការអះអាងរបស់សហជីពក្នុងវិស័យនេះ។
ជាងនេះទៅទៀត ពលរដ្ឋ ២លាន ៥សែននាក់ កំពុងជួបការលំបាករកប្រាក់សងត្រឡប់ទៅធនាគារ និងមីក្រូហិរញ្ញវត្ថុវិញ ក្រោយកម្ពុជារងការគំរាមកំហែងពីកូវីដ១៩។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលកាលពីចុងខែមីនា។
អ្នកធ្វើការនៅសណ្ឋាគារ ផ្ទះសំណាក់ បានបាត់បង់ការងារ វិស័យដឹកជញ្ជូន កសិកម្ម និងអ្នករកស៊ីនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រើនពាន់នាក់ផ្សេងទៀត បានអះអាងមកថា ប្រាក់ចំណូលពួកគេបានធ្លាក់ចុះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បង្ហាញការយល់ឃើញប្រហាក់ប្រហែលដែរ ប៉ុន្តែ លោកថា រដ្ឋាភិបាលមិនគួរជំរុញប្រសិទ្ធភាពច្បាប់ ហើយភ្លេចគិតពីបញ្ហាក្រពះពលរដ្ឋទេ។
លោក មឿន តុលា មានប្រសាសន៍ថា៖ «យុទ្ធសាស្ត្រមួយដែលគេធ្វើសង្គ្រាមឈ្នះកូវីដ១៩នេះ គឺគេលើកទឹកចិត្តឱ្យពលរដ្ឋរក្សាគម្លាតសង្គម។ អ៊ីចឹងបានខ្ញុំថា រឿងដែលសំខាន់ គឺទាល់តែយើងឱ្យអាទិភាពបញ្ហាក្រពះឱ្យខ្លាំង»។
លោក មឿន តុលា បន្ថែមថា ការរឹតបន្តឹងច្បាប់ភ្ជាប់នឹងការបង្កើនប្រាក់ផាកពិន័យ ចំពេលពលរដ្ឋប្រឈមនឹងបញ្ហាក្រពះ វាបានបង្កើតជាចម្ងល់ទៅលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលតបតាមរដ្ឋធម្មនុញ្ញដែលចែងពីការធានាសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ ។
បើតាមអនុក្រឹត្យថ្មី អ្នកបើកបរល្មើសគំនូសសញ្ញា ភ្លើង និងច្បាប់ចរាចរណ៍ នឹងត្រូវផាកពិន័យយ៉ាងទាបបំផុត ៦ម៉ឺនរៀល រហូតដល់ចំនួន ៨០ម៉ឺនរៀល សម្រាប់អ្នកបើកបរម៉ូតូ។ សម្រាប់អ្នកប្រើប្រាស់រថយន្ត ពួកគេនឹងត្រូវរងការផាកយ៉ាងទាបបំផុត ៧ម៉ឺន ៥ពាន់រៀល រហូតដល់ខ្ពស់បំផុត ២លាន ៤សែនរៀល។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី គាំទ្រការរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយថា ប្រទេសណាក៏គេរឹតបន្តឹងច្បាប់ដែរ។ ប៉ុន្តែ លោកថា បើច្បាប់បង្កើនការផាកពិន័យនេះ អនុវត្តចំពេលពលរដ្ឋប្រឈមបញ្ហាក្រពះ វាបានដើរផ្ទុយទៅនឹងសារនយោបាយដែលធ្លាប់អះអាងកន្លងទៅ។
លោក មាស នី មានប្រសាសន៍ថា៖ «មួយទៀត រដ្ឋាភិបាលតែងតែមានប្រសាសន៍ថា ទុក្ខកង្វល់របស់ពលរដ្ឋជាទុក្ខកង្វល់របស់រដ្ឋាភិបាល ដឹងសុខទុក្ខរបស់ពលរដ្ឋ។ ប៉ុន្តែ ដល់ពេលពលរដ្ឋរាប់លាននាក់កំពុងអត់ការងារធ្វើ វាទៅជាយកច្បាប់ចរាចរណ៍មកអនុវត្តនៅកណ្តាលទី។ ខ្ញុំនិយាយនេះ មិនមែនខ្ញុំប្រឆាំងនឹងច្បាប់ចរាចរណ៍ទេ ខ្ញុំគាំទ្រ»។
ក្រសួងមហាផ្ទៃបានអះអាងថា ប្រាក់ដែលបានពីការផាកពិន័យនេះ ៧០ភាគរយ សម្រាប់កងកម្លាំងដែលចុះអនុវត្ត ២៥ភាគរយ សម្រាប់អង្គភាព និង ៥ភាគរយ ចូលថវិកាជាតិ។
អ្នកបើកបររថយន្តឈ្នួល លោក ម៉ៅ ឆន អះអាងថា ការដែលច្បាប់តម្រូវឱ្យមានឯកសារដើម អ្នកជួលរថយន្ត ឬអ្នកស៊ីឈ្នួលបើកបរមួយចំនួន អាចនឹងបាត់បង់ការងារ បើម្ចាស់រថយន្តមិនព្រមប្រគល់ឯកសារដើមឱ្យ ដោយសារបារម្ភពីការបាត់រថយន្តនោះ។
លោក ម៉ៅ ឆន និយាយថា៖ «បើសិនខាងថៅកែក្រុមហ៊ុន គេមិនទុកចិត្តអ្នកបើកបរទាំងអស់ហ្នឹង គេអាចបញ្ឈប់ ឬក៏ផ្អាកដំណើរការមួយរយៈ»។
VOD មិនអាចទាក់ទងអគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផែនសណ្ដាប់ធ្នាប់ចរាចរណ៍ លោក ហ៊ឹម យ៉ាន ដើម្បីសុំការឆ្លើយតបជុំវិញចម្ងល់នេះបានទេ គិតត្រឹមម៉ោងផ្សាយថ្ងៃចន្ទនេះ។
ប៉ុន្តែ កាលពីថ្ងៃទី៣០ ខែមេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ហៅការរឹតបន្តឹងច្បាប់ចរាចរណ៍ពេលនេះថា ជាវិធានការឆ្លើយតបទៅនឹងគ្រោះអាសន្នដែលបានសម្លាប់មនុស្សយ៉ាងគំហុកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទោះជាយ៉ាងនេះក្តី លោក យង់ គិមអេង យល់ថា ការតម្លើងការផាកពិន័យតែមួយមុខ មិនអាចទប់ស្កាត់គ្រោះអាសន្នចរាចរណ៍កន្លងទៅបានទេ បើរដ្ឋាភិបាលមិនទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងបញ្ជ្រាបចំណេះដឹងដល់ពលរដ្ឋឱ្យចេះយោគយល់ក្នុងពេលបើកបរដែរនោះ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
I HAVE ENOUGHT FELLING ABOUT THIS COMMUNIST DICTATORSHIP NO MORE INTERESST. whatever you do Mr I already knew the word the winner is the king and the loser is enemy . whatever you do is always right but wait till you bleed each other like animal. I see every thing coming too close to the coffin . at the end I will not saying even one word because no one can understand what I used to say. GOD bless you all