ដោយ យន់ សាមៀន
2020-07-18
RFA

ជំទប់ទី១ ឃុំព្រែកជីក ជាប់ឆ្នោតពីគណបក្សសង្គ្រោះជាតិ នៅស្រុករុក្ខគិរី លោក សំ បូរី

Photo Provided
អាជ្ញាធរមូលដ្ឋាននៅស្រុករុក្ខគិរី ខេត្តបាត់ដំបងកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅស្រុកនេះ ទៅសាកសួរបន្ទាប់ពីលោកបង្ហោះសាររិះគន់អាជ្ញាធររឿងជ្រើសរើសពលរដ្ឋក្រីក្រទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលប្រកាន់បក្សពួក។ មន្ត្រីសិទ្ធិមនុស្ស ចាត់ទុកអាជ្ញាធរកោះហៅនេះ ថា ជាគំរាមកំហែងបំបិទសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ។
ជំទប់ទី១ ឃុំព្រែកជីក ជាប់ឆ្នោតពីគណបក្សសង្គ្រោះជាតិ នៅស្រុករុក្ខគិរី លោក សំ បូរី ថ្លែងនៅថ្ងៃទី១៨ កក្កដា ថា មេឃុំព្រែកជីក លោក ប៊ុត បឿន កោះហៅលោកចូលបំភ្លឺនៅសាលាឃុំនៅថ្ងៃទី២០កក្កដា។ លោកបន្តការកោះហៅនេះ បន្ទាប់ពីលោកបង្ហោះសារនៅលើហ្វេសប៊ុករបស់គាត់ កាលពីសប្ដាហ៍កន្លងទៅថា មានពលរដ្ឋក្រីក្រមួយគ្រួសារ ក្នុងឃុំព្រែកជីក មានប័ណ្ណក្រីក្រ ប៉ុន្តែអាជ្ញាធរមិនដាក់ឈ្មោះឱ្យទទួលប្រាក់ឧបត្ថម្ភជនក្រីក្រឡើយ។ លោកបន្ថែមថា អាជ្ញាធរឃុំនេះជ្រើសរើសពលរដ្ឋក្រីក្រប្រកាន់បក្សពួក ដោយភាគច្រើនជ្រើសតែអ្នកគាំទ្រគណបក្សកាន់អំណាច ចំណែកពលរដ្ឋក្រីក្រគាំទ្រគណបក្សសង្គ្រោះជាតិភាគច្រើនមិនជាប់ឈ្មោះក្នុងបញ្ជីជនក្រីក្រនោះឡើយ។លោកបញ្ជាក់ថា បន្ទាប់ពីលោកទទួលលិខិតកោះហៅរបស់មេឃុំភ្លាម លោកព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន៖ «ខ្ញុំមានការព្រួយបារម្ភដែរ ហើយសុំឱ្យផ្សព្វផ្សាយព័ត៌មានហ្នឹងឱ្យថ្នាក់ដឹកនាំបានដឹងផង ព្រោះខ្ញុំគ្មានបំណងទៅបរិហារកេរ្តិ៍លោកមេឃុំអីទេ។ ខ្ញុំធ្វើនេះដើម្បីទាមទារឱ្យប្រជាពលរដ្ឋក្នុងភូមិក្នុងឃុំដែលគាត់មានទំនាក់ទំនងជាមួយហ្នឹង ចង់ឱ្យប្រជាពលរដ្ឋដែលក្រីក្រហើយមានប័ណ្ណក្រីក្រហើយហ្នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល»។
ទោះជាយ៉ាងណាលោក សំ បូរី អះអាងថា លោកនឹងចូលបំភ្លឺមេឃុំព្រែកជីក តាមការកំណត់ ក៏ប៉ុន្តែនឹងមិនសុំទោសអាជ្ញាធរនោះទេ ពីព្រោះលោកយល់ថា លោកមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។ឆ្លើយតបនឹងបញ្ហានេះ មេឃុំព្រែកជីក លោក ប៊ុត បឿន ប្រាប់អាស៊ីសេរីថា សកម្មជនបក្សប្រឆាំងរូបនេះបង្ហោះសារខុសពីការពិត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់អាជ្ញាធរឃុំព្រែកជីក។ លោកព្រមានថា ប្រសិនបើលោក សំ បូរី មិនបង្ហោះសារតាមហ្វេសប៊ុកសុំទោសលោកជាសាធារណៈទេ លោកនឹងប្ដឹងចាត់វិធានការតាមច្បាប់៖ «បើនិយាយទៅថ្នាក់ស្រុក គាត់ឱ្យយើងសម្ដែងការស្មោះត្រង់ទាំងអស់គ្នា បើខ្ញុំមិនចង់អីទេ តែនេះមិនមែនតែខ្ញុំម្នាក់ណា ក្នុងឃុំវាមានជំទប់ទី១ ជំទប់ទី២អីចឹងទៅដល់គេមិនអស់ចិត្តគេ គេចេះតែឱ្យមកសាលាមក។ ខ្ញុំថា មកសាលាឃុំមួយភ្លែតមកអាអូន គ្រាន់តែបង្ហោះសារសុំទោសឱ្យគេមើលឃើញថា ខ្ញុំបានបង្ហោះសារសុំទោសសុំអីហើយ តែប៉ុណ្ណឹងវាចប់រឿងហើយ»។
ផ្ទុយពីការលើកឡើងរបស់មេឃុំនេះ ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)លោក នី សុខា មានប្រសាសន៍ថា ការបង្ហោះសារនៅក្នុងហ្វេសប៊ុក (Facebook)រឿងជ្រើសជនក្រីក្រលំអៀង គឺជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយស្របច្បាប់។ លោកចាត់ទុកការកោះហៅរបស់អាជ្ញាធរឃុំនេះថា ជាការគំរាមកំហែងបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ៖ «ព្រោះសេរីភាពការបញ្ចេញមតិមិនមានខុសទេ ដូច្នេះនៅពេលដែលយើងហៅគេទៅសួរហៅ គេទៅធ្វើកំណត់ហេតុឱ្យគេសារភាពវាជាអំពើមួយគាបសង្កត់លើសេរីភាពរបស់គេហើយ។អីចឹងអាជ្ញាធរមិនត្រូវធ្វើអីចឹងទេ ត្រូវតែយកព័ត៌មានដែលគេបានធ្វើហ្នឹងទៅស្រាវជ្រាវវិញតើរឿងហ្នឹងវាពិតយ៉ាងម៉េច ដើម្បីរកដំណោះស្រាយល្អជាជាង យើងហៅគេទៅរឹតត្បិត ទៅគាបសង្កត់ ឱ្យគេសារភាពឱ្យអីនោះ»។
នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរតាមយាយីសកម្មជនគណបក្សប្រឆាំងនៅខេត្តបាត់ដំបងដោយសារតែពួកគាត់បង្ហោះសាររិះគន់អាជ្ញាធរ និងរដ្ឋាភិបាលនៅលើហ្វេសប៊ុករបស់ខ្លួននោះ។កាលពីថ្ងៃទី១០ កក្កដាមានសមាជិកក្រុមប្រឹក្សាស្រុកបវេល ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិម្នាក់គឺ លោក លាស់ ឆេងឡាយ និងមេឃុំឃ្លាំងមាស ជាប់ឆ្នោតគណបក្សនេះ គឺ អ៊ុក ឆុំ ក៏ត្រូវបានប៉ូលិសចាប់ដាក់ពន្ធនាគារព្រៃស នៅរាជធានីភ្នំពេញរួចមកហើយដែរ ដោយចោទប្រកាន់ពីបទជេរប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សប្រឆាំងបង្កើតគណៈកម្មាធិការព្រំដែននិងអន្តោប្រវេសន៍ ខណៈព្រំដែនកម្ពុជារងការយាយីពីវៀតណាមជាថ្មី
- បក្សប្រឆាំងចាប់ផ្ដើមធ្វើយុទ្ធនាការបញ្ចប់អំពើនិទ្ទណ្ឌភាព ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ
- អាជ្ញាធរចាប់ខ្លួនសកម្មជនបក្សប្រឆាំង ២នាក់នៅបាត់ដំបងពីបទប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល
- លោក កឹម សុខា បង្ហាញមុខជាសាធារណៈលើកដំបូងក្រោយពីលោកឃុំខ្លួននៅក្នុងផ្ទះជាច្រើនឆ្នាំ
- គ្រួសារមន្ត្រីនិងសកម្មជនបក្សប្រឆាំងគ្រោងជួបជុំគ្នានៅមុខតុលាការភ្នំពេញទាមទារទម្លាក់បទចោទសាច់ញាតិខ្លួន
- ក្រុមសកម្មជនបក្សប្រឆាំងដែលរត់ភៀសខ្លួននៅថៃ ជួបបញ្ហាជីវភាពក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩
- ស្ត្រីបក្សប្រឆាំងកំពុងភៀសខ្លួនម្នាក់ ស៊ូទ្រាំក្នុងជីវភាពតោកយ៉ាក ខណៈប្ដីជាប់គុកដោយរឿងនយោបាយ
- អ្នកវិភាគនយោបាយ ថា គណបក្សសង្គ្រោះជាតិ ត្រូវពង្រឹងស្មារតីបង្រួបបង្រួមជាតិដើម្បីបង្កើតសម្ពន្ធភាពថ្មី
- សាច់ញាតិសកម្មជនបក្សប្រឆាំងតវ៉ានៅមុខតុលាការក្រុងភ្នំពេញជាលើកទី៥ ទាមទារឱ្យដោះលែងអ្នកទោសនយោបាយ
- អ្នកឃ្លាំមើលថា ការធ្វើសមយុទ្ធរួមគ្នាវាងកម្ពុជា ឡាវ និងវៀតណាម មិនមែនជាការចាំបាច់គួរធ្វើក្នុងពេលនេះទេ