ដោយ ឡេង ម៉ាលី
2020-07-20
RFA

បុគ្គលិកសណ្ឋាគារ ឡឺម៉េរីឌាន អង្គរ (Le Meridien Angkor) ធ្វើពហិការមិនធ្វើការ ដើម្បីទាមទារថៅកែឱ្យទទួលយកមេដឹកនាំពួកគាត់ ៣នាក់ចូលធ្វើការវិញ កាលពីថ្ងៃទី១៧ កក្កដា ។

រូប៖ ហ្វេសប៊ុកសម្ព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា
បុគ្គលិកសណ្ឋាគារឡឺម៉េរីឌានអង្គរ នៅខេត្តសៀមរាប ជាស្ត្រី ៣រូបត្រូវបាន បណ្តេញចេញពីការងារកាលពីសប្ដាហ៍មុន។ ពួកគេ ទាមទារ ចូលធ្វើការវិញជាជាងការផ្តល់ប្រាក់ឧបត្ថម្ភបន្តិចបន្តួច ដើម្បីបញ្ចប់រឿង។ សង្គមស៊ីវិលយល់ថា ការបណ្តេញចេញនេះ គឺជាការធ្វើទុក្ខបុកម្នេញទៅលើសហជីពប៉ុណ្ណោះ។
គណៈកម្មាធិការស្រ្តី នៃសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ កញ្ញា ឌឿម ឆៃយ៉ា ប្រាប់ថា ថ្នាក់ដឹកនាំសណ្ឋាគារបដិសេធមិនទទួលកញ្ញា និងបុគ្គលិក២រូបទៀត ឲ្យបានចូលធ្វើការវិញនោះទេ នៅក្នុងកិច្ចប្រជុំចរចារកាលពីថ្ងៃទី ១៨ កក្កដា កន្លងទៅ។ កញ្ញាអះអាងថា បុគ្គលិក និងសហជីពក៏បដិសេធមិនទទួលប្រាក់ឧបត្ថម្ភបន្តិចបន្តួចពីថៅកែជាថ្នូរនឹងការបញ្ចប់រឿងដែរ។ កញ្ញាបញ្ជាក់ថា នៅតែទាមទារឲ្យថៅកែទទួលយកពួកគេចូលធ្វើការវិញ ព្រោះពួកគេមិនបានប្រព្រឹត្តកំហុសធ្ងន់ដូចការចោទប្រកាន់នោះទេ៖ «ចរចាអត់បានជាលទ្ធផលអីទេបង ដោយសារតែថា ខាងនិយោជកគាត់ហៅយើងទៅចរចាគាត់ចង់បញ្ចប់សំណុំរឿងរបស់យើង ដោយសារតែគាត់ថា គាត់អត់អាចទទួលយកពួកខ្ញុំទាំង ៣នាក់ឲ្យចូលធ្វើការវិញបានទេ ប៉ុន្តែគាត់ថា គាត់មានទឹកចិត្តឧបត្ថម្ភមកពួកខ្ញុំទាំង ៣នាក់ហ្នឹងដោយជូននូវប្រាក់ខែ ២ខែចុងក្រោយ»។
ប្រធានមន្ទីការងារខេត្តសៀមរាប លោក ចាន់ សុខុមចិត្តា ប្រាប់អាស៊ីសេរីថា បុគ្គលិកទាំង ៣រូប អាចពិចារណាលើការស្នើរបស់ថ្នាក់ដឹកនាំសណ្ឋាគារ ប៉ុន្តែបើពួកគេមិនយល់ព្រម ពួកគេអាចដាក់ពាក្យបណ្តឹងទៅកាន់មន្ទីការងារខេត្តសៀមរាប៖ «ពិតតែនៅក្នុងមាត្រា៨៣ ទោសកំហុសធ្ងន់ក៏ដោយក៏គាត់នៅមានឆន្ទៈជួយឧបត្ថម្ភ ប៉ុន្តែការងារនេះប្រហែលដូចជាមិនស្របគ្នាទេ ខ្ញុំទុកពេលឲ្យខាងតំណាងទាំង ៣នាក់ហ្នឹង បើសិនជាគាត់មិនព្រមឲ្យគាត់ធ្វើលិខិតសុំមកដល់មន្ទីរមក»។
កម្មករនិយោជិកប្រមាណ ៨០នាក់ បានតវ៉ាប្រមូលផ្តុំ ដោយពហិការមិនចូលធ្វើការងារចំនួន ២ដង កាលពីសប្ដាហ៍មុន ទាមទារឲ្យថ្នាក់ដឹកនាំសណ្ឋាគារទទួលយកមេដឹកនាំ និងសកម្មជនសហជីព ជាស្ត្រី ទាំង៣ នាក់បានចូលធ្វើការវិញ។ ការបញ្ឈប់មេដឹកនាំ និងសកម្មជនសហជីពទាំង៣ បន្ទាប់ពីពួកគេបានប្រមូលស្នាមមេដៃ របស់បុគ្គលិកក្នុងសណ្ឋាគារ ដើម្បីទាមទារឲ្យថ្នាក់ដឹកនាំសណ្ឋាគារកុំកាត់ប្រាក់បៀវត្សបុគ្គលិក។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ពន្ធភាព សិទ្ធិមនុស្សនិងការងារ ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ និយាយថា ថ្នាក់ដឹកនាំសណ្ឋាគារយកករណីចែករំលែក និងការបញ្ចេញមតិរបស់បុគ្គលិកសណ្ឋាគារតាមបណ្តាញសង្គមនិងចោទប្រកាន់មេដឹកនាំទាំង៣ ថា បានញុះញង់បុគ្គលិកក្នុងសណ្ឋាគារ ដើម្បីបញ្ឈប់ពួកគេ គឺជារឿងមិនត្រឹមត្រូវនោះទេ៖ «ទម្រង់នៃការធ្វើទុក្ខបុកម្នេញរើសអើងសហជីព ហើយមិនមែនតែជាលើកទី១ ទេ នៅបណ្ដាក្រុមហ៊ុនសណ្ឋាគារផ្សេងៗ ទៀតហើយ ឡឺម៉េរីឌាន នេះក៏ធ្លាប់មានប្រវត្តិនៃការធ្វើទុក្ខបុកម្នេញទៅដល់ថ្នាក់ដឹកនាំសហជីពអ៊ីចឹងដែរ។ អ៊ីចឹងកាលៈទេសៈនេះវាមិនមែនជាកាលៈទេសៈ ដែលត្រូវបញ្ឈប់បុគ្គលិកទេ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា មេដឹកនាំសហជីពទាំង៣ គឺធ្វើការងាររបស់ពួកគេតាមតួរនាទី ដើម្បីផលប្រយោជន៍ដល់សមាជិករបស់សហជីព និងបុគ្គលិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អូស្ត្រាលីនិងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ផ្តល់ Tablets ដល់កម្ពុជា
- រដ្ឋាភិបាលប្រកាសសងថ្ងៃឈប់សម្រាក ៥ថ្ងៃជូនកម្មករ និងមន្ត្រីរាជការនៅពាក់កណ្ដាលខែក្រោយ
- សហជីពធំៗ ជាង២០ ដាក់ញត្តិស្នើសុំលោក ហ៊ុន សែន អន្តរាគមន៍បើកប្រាក់អតីតភាពជូនកម្មករ ខណៈកម្មកររោងចក្រ ២ ហែញត្តិទាមទារអន្តរាគមន៍ពីតុលាការខេត្តកណ្ដាល
- អាជីវករខ្មែរអាចចូលទៅលក់ដូរនៅផ្សាររុងក្លឿឡើងវិញ ចាប់ពីថ្ងៃទី១៥ កក្កដា
- សកម្មជនគណបក្សសង្គ្រោះជាតិកំពុងភៀសខ្លួននៅក្រៅប្រទេសប្រារព្ធពិធីរំលឹកខួប ៤ឆ្នាំលោកបណ្ឌិត កែម ឡី
- សហភាពសហជីពកម្ពុជាថា កម្មករមួយចំនួនមិនទទួលបានប្រាក់ឧបត្ថម្ភគ្រប់ចំនួនតាមការសន្យា
- កម្ពុជាបញ្ជូនទាហានមួកខៀវ ៨០នាក់ ចូលរួមរក្សាសន្តិភាពក្រោមឆត្រអ.ស.ប
- សមត្ថកិច្ចខេត្តតាកែវ ស្ទាក់ដំណើរក្រុមលោក វន់ ពៅ ជាង ១០០នាក់ មិនឱ្យទៅចូលរួមបុណ្យខួប ៤ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី
- ពលករក្រៅប្រទេសគ្រោងប្រារព្ធពិធីរំលឹកខួប ៤ឆ្នាំនៃឃាតកម្ម បណ្ឌិត កែម ឡី
- ក្រុមសង្គមស៊ីវិលទាមទារឱ្យអាជ្ញាធរបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី