ការងារ | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ២០ កក្កដា ២០២០ | ម៉ោង ១៦:៥១
VOD

តង់ខាងមុខរោងចក្រ Dignity ក្នុងសង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលកម្មកររោងចក្រយាមពេលថ្ងៃ និងសម្រាកនៅពេលយប់។ (ហ៊ុន សិរីវឌ្ឍន៍/ ០១ ឧសភា ២០២០)
កម្មករ-កម្មការិនីរបស់រោងចក្រ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) និងរោងចក្រ អ៊ីខូបេស (ECO BASE) នៅក្រុងតាខ្មៅ ខេត្តកណ្តាល បន្តដាក់វេនគ្នាដេកយាមមុខរោងចក្រ ដើម្បីរង់ចាំដំណោះស្រាយ ខណៈថ្នាក់ដឹកនាំខេត្តមួយនេះសន្យាពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារនៅរោងចក្រទាំងពីរនោះឱ្យបានឆាប់។
កាលពីថ្ងៃទី១៣ ខែកក្កដា កម្មករ-កម្មការិនីជាង ៥០០នាក់របស់រោងចក្រ ឌីកនើធី នីតធើរ លីមីតធីត និងរោងចក្រ អ៊ីខូបេស ស្ថិតនៅសង្កាត់សិត្បូ បាននាំគ្នាហែក្បួនទៅសាលាដំបូងខេត្តកណ្តាល និងភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍ជួយដោះស្រាយវិវាទការងារ បន្ទាប់ពីវិវាទការងារនោះអូសបន្លាយជិត ៧ខែ គ្មានដំណោះស្រាយ។
ប៉ុន្តែ ការដើរហែក្បួនរបស់ក្រុមកម្មករនោះត្រូវបានអាជ្ញាធររារាំងត្រង់សួនច្បារមាត់ទន្លេក្រុងតាខ្មៅ ហើយអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានចុះទៅសម្របសម្រួល និង សន្យាពន្លឿនការដោះស្រាយ បញ្ចប់វិវាទការងារជូនកម្មករ។
លោក ភិន សុភា ដែលអះអាងថា ជាតំណាងកម្មករនៅរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត និងរោងចក្រ អ៊ីខូបេស ប្រាប់វីអូឌីនៅថ្ងៃនេះថា តាំងពីទី១៣ ខែកក្កដា ដែលអភិបាលខេត្តទទួលញត្តិ និងសន្យាពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារជូនកម្មករនោះ គឺរហូតមកដល់ពេលនេះ ក្រុមកម្មករមិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ ហើយកម្មករនៅតែបន្តដាក់វេនគ្នាដេកយាមមុខរោងចក្រទាំងយប់ទាំងថ្ងៃដដែល។
លោកបន្ថែមថា៖ «ទាំងបងប្អូនកម្មករ និងខ្ញុំ វាហាក់បីដូចជាលែងមានទំនុកចិត្ត ឬជំនឿចិត្តហើយ ព្រោះករណីសន្យាដោះស្រាយហ្នឹងវាច្រើនដងពេក។ អ៊ីចឹង ការសន្យាហ្នឹងមិនមែនធ្វើឱ្យខ្ញុំសប្បាយទេ វាទៅជាការសន្យាហ្នឹងឱ្យពួកខ្ញុំអស់ជំនឿទៅវិញ»។
តំណាងកម្មកររូបនេះបន្ថែមថា ក្រុមកម្មករកំពុងតែនាំគ្នាផ្តិតមេដៃធ្វើញត្តិថ្មីដាក់ទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំអន្តរាគមន៍ពីលោក ហ៊ុន សែន ជួយដោះស្រាយ។ លោកថា បញ្ហាជាប់គាំងដែលមិនអាចដោះស្រាយបាននោះ គឺកម្មករមិនអាចលក់ឡាយឡុងទ្រព្យសម្បត្តិរបស់រោងចក្របាន ដោយសារមានក្រុមហ៊ុនផ្សេងមួយទៀតដែលថៅកែជំពាក់លុយ បានប្តឹងទៅតុលាការសុំរក្សាការពារទ្រព្យសម្បត្តិទាំងនោះដែរ។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់វីអូឌីថា អាជ្ញាធរពាក់ព័ន្ធកំពុងដំណើរការដោះស្រាយបញ្ហានេះតាមនីតិវិធី។ លោកបញ្ជាក់ថា ឥលូវនេះ តុលាការបានលុបចោលដីការក្សាការពារក្រុមហ៊ុនផ្សេងរួចហើយ ដើម្បីទុកទ្រព្យសម្បត្តិរបស់រោងចក្រឱ្យកម្មករលក់ឡាយឡុងទូទាត់សំណងតាមកិច្ចព្រមព្រៀងរវាងតំណាងថៅកែ តំណាងកម្មករ និងតំណាងក្រសួងការងារពេលកន្លងមក។
លោក គង់ សោភ័ណ្ឌ ប្រាប់ថា៖ «យើងបានលុបដីការក្សាការពារហ្នឹងហើយ [ដីការក្សាការពាររបស់ក្រុមហ៊ុនផ្សេង]។ អ៊ីចឹងដំណោះស្រាយវាវិវត្តបានល្អប្រសើរហើយ ហើយយើងកំពុងទៅដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ដើម្បីយើងរក្សាទុកនូវទ្រព្យសម្បត្តិរបស់និយោជកទាំងហ្នឹងរក្សាការពារទុកឱ្យកម្មករវិញ»។
កម្មការិនីម្នាក់ អ្នកស្រី ហេង ស្រីម៉ៅ បម្រើការងារនៅរោងចក្រ ឌីកនើធី នីតធើរ រយៈពេល ១៤ឆ្នាំមកហើយនោះ និយាយថា វិវាទការងារដែលបានអូសបន្លាយជាងកន្លះឆ្នាំមកនេះ បានធ្វើឱ្យអ្នកស្រី និងកម្មករផ្សេងទៀតជួបការលំបាកជាច្រើន ដូចជា ជួបបញ្ហាសេដ្ឋកិច្ចគ្រួសារ គ្មានការងារថ្មីធ្វើ និងជំពាក់បំណុលគេជាដើម។
កម្មការិនីរូបនេះលើកឡើងថា ដោយសារតែខ្វះខាតថវិកា អ្នកស្រីត្រូវបានម្ចាស់បន្ទប់ជួលព្រមានដេញអ្នកស្រីចេញពីបន្ទប់ជួលជាច្រើនលើកច្រើនសារ ក្រោយពីអ្នកស្រីគ្មានលុយបង់ថ្លៃបន្ទប់។
អ្នកស្រីបន្ថែមថា៖ «ខាងម្ចាស់បន្ទប់ជួលគេថា ប្រសិនបើខ្ញុំនៅតែគ្មានលុយបង់ឱ្យគេទេ គេឱ្យខ្ញុំចេញពីផ្ទះគេ ព្រោះគេថា គេគ្មានសមត្ថភាពបង់ថ្លៃទឹកភ្លើងជំនួសខ្ញុំទៀតទេ»។
មន្រ្តីផ្នែកច្បាប់ និងដោះស្រាយវិវាទនៅសម្ព័ន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត បានឱ្យដឹងថា រោងចក្រទាំងពីរនេះមានកម្មករសរុប ១,២២៣នាក់ និងសំណងដែលថៅកែជំពាក់កម្មករសរុបជាង ១លាន ១៦ម៉ឺនដុល្លារ។
មន្ត្រីសហជីពរូបនេះលើកឡើងថា ការលក់ឡាយឡុងសម្ភាររបស់រោងចក្រ អាចដោះស្រាយសំណងជូនកម្មករបានគ្រប់ ប្រសិនបើការលក់នោះមានការដេញថ្លៃត្រឹមត្រូវ និងមានតម្លាភាព។
បើតាមលោក ស៊ាង យ៉ូត ដើម្បីដោះស្រាយបញ្ចប់វិវាទការងារជូនកម្មករឱ្យបានឆាប់ និងដើម្បីកុំឱ្យកម្មកររងទុក្ខលំបាកយូរ គឺលោកស្នើឱ្យរដ្ឋាភិបាលបញ្ចេញប្រាក់បុរេប្រទានដោះស្រាយជូនកម្មករមុនសិន ហើយរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៅកែតាមក្រោយ។
វីអូឌីមិនអាចសុំឆ្លើយតបពីតំណាងភាគីថៅកែតែមួយនៃរោងចក្រទាំងពីរនេះបានទេពាក់ព័ន្ធករណីនេះ ខណៈប្រធានរដ្ឋបាលរោងចក្រ លោក ឡៅ ហ៊ត ប្រាប់ថា លោកបានលាឈប់ពីរោងចក្រនេះជាច្រើនខែហើយ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។