ដោយ សេក បណ្ឌិត
2020-07-20
RFA

ប្រជាពលរដ្ឋទិញសំបុត្រឆ្លងដែននៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទៅផ្សាររ៉ុងក្លឿ ប្រទេសថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។ Photo Provided Photo Provided
ក្រុមអាជីវកខ្មែរលក់ដូរនៅផ្សាររ៉ុងក្លឿប្រទេសថៃ អះអាងថា អាជ្ញាធរថៃត្រួតពិនិត្យតឹងតែងខ្លាំងចំពោះពលរដ្ឋដែលឆ្លងដែនចូលទៅមើលតូបរបស់ខ្លួនក្នុងផ្សារថៃ។ពួកគាត់បញ្ជាក់ថា អាជ្ញាធរថៃធ្វើបែបនេះជាការធ្វើឱ្យប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតកាន់តែឈឺចាប់ខ្លាំង អំឡុងមានវិបត្តិជំងឺកូវីដ១៩។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក សុខ ឆៃលី ថ្លែងនៅថ្ងៃទី២០ កក្កដាថា ចាប់តាំងពីអាជ្ញាធរថៃអនុញ្ញាតឱ្យរថយន្តអាជីវករខ្មែរចូលទៅដល់ប្រទេសថៃមួយថ្ងៃ ៥០គ្រឿងមក លោកទើបតែចូលទៅមើលតូបរបស់គាត់នៅផ្សាររ៉ុងក្លឿបាន ១ម្ដងប៉ុណ្ណោះ។ អាជីវករខ្មែរផ្សារនៅរ៉ុងក្លឿរូបនេះ បញ្ជាក់ថា ប៉ូលិស និងទាហានថៃជាច្រើននាក់យាមកាមយ៉ាងតឹងតែងមិនឱ្យពលរដ្ឋខ្មែរចេញក្រៅតូបរបស់ខ្លួននោះឡើយ។ លោកបន្តថា លោកមិនពេញចិត្តចំពោះវិធានការបស់អាជ្ញាធរថៃនោះទេ ព្រោះការធ្វើបែបនេះបណ្ដាលឱ្យពលរដ្ឋនៅតំបន់ព្រំដែនកាន់តែឈឺចាប់ខ្លាំង៖ «មិនមានប្រសើរអីផងខ្ញុំថ្ងៃនេះផ្ទាល់ ខ្ញុំថាទៅរកទិញទឹកសុទ្ធ ៣០យូរ គេមិនឱ្យចេញ ហើយអ្នកដឹកទឹកសុទ្ធហ្នឹងក៏គេឱ្យចូល និយាយឱ្យចំគេមិនឱ្យក្នុងផ្សារគេដេញអ្នកដែលលួចលក់អីហ្នឹងគេដេញចេញបីផ្សារដើម្បីគេខ្លាចថាយើងចំណូលថ្មីវាមានកូវីដទៅឆ្លងខាងគេ។ យើងបានតែទៅក្នុងផ្សារហ្នឹងទេ វាអត់បានដើរទៅណាទេ ហើយគេយាមរហូត មួយថ្ងៃគេឱ្យតែមួយផ្សារហ្នឹងទេ បើទៅផ្សារគេចាត់របៀបតាមផ្សារហ្នឹង។និយាយឱ្យចំគេមិនឱ្យយើងចូលផ្សារហ្នឹងហើយគេមិនឱ្យយើងដើរចេញពីផ្សារបាន»។
លោកបន្ថែមថា តូបលក់ដូរនៅក្នុងផ្សាររ៉ុងក្លឿទាំងអស់ត្រូវបានបិទទ្វារ ដោយពុំមានការលក់ដូរនោះទេ ហើយព្រមទាំងមានទាហានថៃយាមការពារគ្រប់ទីកន្លែងទៀតផង។
ចំណែកអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿម្នាក់ទៀត លោក ឌិន ពុទ្ធិ មានប្រសាសន៍ថា ចាប់តាំងអាជ្ញាធរថៃបើកឱ្យរថយន្តខ្មែរចូលទៅផ្សាររ៉ុងក្លឿមក ក្រុមអាជីវករឆ្លងដែនបានថយចុះជាបន្តបន្ទាប់ ។លោកបន្ថែមថា កាលពីថ្ងៃទី១៩ កក្កដាមានរថយន្តរបស់ខ្មែរប្រមាណ ៦គ្រឿងប៉ុណ្ណោះបានឆ្លងដែនទៅផ្សាររ៉ុងក្លឿ ដោយសារពួកគាត់ធុញទ្រាន់នឹងអាជ្ញាធរថៃត្រួតពិនិត្យតឹងតែងតាំងពីច្រកទ្វារព្រំដែនរហូតដល់ផ្សាររ៉ុងក្លឿ៖ «និយាយថា គេរឹតត្បិតយើងមែនទែន អត់មានបានប្រយោជន៍អីទេចូលទៅហ្នឹង វានៅតែមានការតឹងរ៉ឹងខ្លាំងណាស់ ហើយឥឡូវជីវភាពរបស់យើងវាកាន់តែយ៉ាប់ទៅ។ចង់និយាយថាផលប៉ះពាល់អ្នកដែលរស់នៅជាយដែនហ្នឹងគឺ ១០០ភាគរយតែម្ដង បានន័យថាពេលមុនយើងរកប្រាក់ចំណូលបានឥឡូវហ្នឹងអត់មានប្រាក់ចំណូលទាល់តែសោះ»។
កាលពីថ្ងៃទី១៥ កក្កដាអាជ្ញាធរថៃបានអនុញ្ញាតឱ្យរថយន្តអាជីវករខ្មែរចំនួន ៥០គ្រឿងក្នុងមួយថ្ងៃ និងមនុស្ស ២នាក់ក្នុងរថយន្តមួយគ្រឿង ចូលទៅមើលតូបលក់ដូររបស់ខ្លួននៅក្នុងផ្សាររ៉ុងក្លឿ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១រសៀល។ ក្រុមអាជីវករខ្មែរ ឱ្យដឹងថា ការធ្វើបែបនេះមិនមានប្រយោជន៍ដល់ពលរដ្ឋខ្មែរឡើយ ហើយពួកគាត់សំណូមពរឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យអន្តរាគមន៍ទៅភាគីថៃបើកច្រកទ្វារព្រំដែនប្រទេសទាំង២ ឱ្យបានឆាប់ ដើម្បីពួកគាត់បានលក់ដូររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។ ឆ្លើយតបនឹងបញ្ហានេះ ប្រធានគណៈកម្មការត្រួតពិនិត្យច្រកអន្តរជាតិប៉ោយប៉ែតលោក វួច អូន ប្រាប់អាស៊ីសេរីថា អាជ្ញាធរថៃពិនិត្យតឹងតែងនៅផ្សាររ៉ុងក្លឿនេះ ដើម្បីការពារកុំឱ្យមានការការរាតត្បាតជំងឺកូវីដ១៩។ លោកបញ្ជាក់ថា អាជ្ញាធរថៃមិនអាចសម្រួលឱ្យអាជីវករខ្មែរចូលទៅលក់ដូរនៅក្នុងប្រទេសថៃបានទេ ដោយសារខ្លាចឆ្លងជំងឺកូវីដ១៩៖ «បើយើងយកជំងឺឆ្លងឱ្យស្រុកគេ ហើយគេយកជំងឺឆ្លងមកស្រុកយើងតើពេញចិត្តដែរ?អីចឹងគេអត់ពេញចិត្តទាំងអស់គ្នាហ្នឹង។ អីចឹងគ្រានេះគេសង្គ្រោះអ្នកទៅមើលទំនិញ និងរំដោះទំនិញមកដល់កន្លែងដែលយើងពេញចិត្ត។ ប៉ុន្តែគោលបំណងរបស់បងប្អូនយើងគាត់ចង់បានអីចឹង គាត់ចង់តែបើកតូបលក់ដូរ»។
អាស៊ីសេរីបានព្យាយាមទាក់ទងអភិបាលរងខេត្តបន្ទាយមានជ័យទទួលបន្ទុកការងារព្រំដែន លោក ង៉ោ ម៉េងជ្រួន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបន្ថែមទៀត ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ពលរដ្ឋនៅក្រុងប៉ោយប៉ែតបាត់បង់ប្រាក់ចំណូលបណ្ដាលមកពីការបិទច្រកទ្វារព្រំដែនកម្ពុជានិងថៃ ។ លោក សង្កេតឃើញថា កម្មករអូសរទេះ អ្នករត់ម៉ូតូឌុប និងក្រុមអាជីវករផ្សាររ៉ុងក្លឿ ប៉ះពាល់ខ្លាំងជាងគេ ពីព្រោះពួកគាត់ពឹងផ្អែកទៅការប្រាក់ចំណូលនៅតំបន់ព្រំដែននេះ៖ «បាទអាជ្ញាធរអាចចរចាគ្នាបង្ហាញអំពីការតាំងចិត្តថា កម្ពុជាហ្នឹងដែលកំពុងជួបបញ្ហាវិបត្តិខ្លាំងប្រទេសថៃ ត្រង់ថាទាក់ទងទៅលើជីវភាព។ អីចឹង កម្ពុជាហ្នឹងត្រូវយ៉ាងម៉េច ដើម្បីឱ្យគេជឿជាក់បាន ឧទាហរណ៍ពាក់ម៉ាស់ លាងដៃហ្នឹងអាល់កុលហើយ នៅគំលាតពីគ្នាប៉ុណ្ណាមិនប្រមូលផ្ដុំអីប៉ុណ្ណាឱ្យគេជឿជាក់មក គេព្រមធ្វើទៅតាមហ្នឹងហើយ។ប៉ុន្តែយើងវាអត់មានចំណុចណាមួយឱ្យគេជឿជាក់ អីចឹងប្រទេសដែលគេស្រលាញ់ប្រជាពលរដ្ឋ គេយកចិត្តដាក់ពលរដ្ឋគេ គេខ្លាចប្រជាពលរដ្ឋគេឈឺហើយ»។
អាជ្ញាធរថៃបានបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាប់ពីថ្ងៃទី២៣មីនារហូតមក ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកូវិដ១៩។ ចាប់តាំងពីថៃបិទច្រកទ្វារព្រំដែននេះមក អាជ្ញាធរថៃហាមមិនឱ្យពលរដ្ឋខ្មែរចូលទៅលក់ដូរនៅក្នុងផ្សាររ៉ុងក្លឿនោះទេ ហើយរហូតមកទល់ថ្ងៃទី២០ កក្កដា រដ្ឋាភិបាលថៃមិនទាន់កំណត់បើកច្រកទ្វារព្រំដែនកម្ពុជា និង ថៃ ឡើងវិញថ្ងៃណានៅឡើយទេ៕
អត្ថបទដែលទាក់ទង
- ក្រសួងកសិកម្មចុះMOUជាមួយក្រុមហ៊ុនពីរដើម្បីផលិតបន្លែទីផ្សារក្នុងស្រុក និងនាំចេញ
- ប្រជាពលរដ្ឋខ្មែរចាត់ទុកថា ទំនិញគ្រប់ប្រភេទនាំចូលពីប្រទេសចិនគ្មានគុណភាព
- រដ្ឋាភិបាលខ្ចីបុលធនាគារពិភពលោក (World Bank) ១០០លានដុល្លារ យកមកកែលម្អផ្លូវនៅតំបន់ជនបទ
- ក្រុមអង្គការសង្គមស៊ីវិលរក្សាជំហរមិនកែប្រែរបាយការណ៍របស់ខ្លួនស្តីពីបញ្ហាបំណុលពលរដ្ឋ
- ភ្ញៀវទេសចរបរទេសមកលេងកម្ពុជាធ្លាក់ចុះជិត ៦០% ក្នុងអំឡុង ៥ខែដើមឆ្នាំ២០២០
- អាជ្ញាធរថៃដាក់លួសបន្លាតាមព្រំដែនទប់ស្កាត់ពលករខ្មែរឆ្លងដែនសុខច្បាប់ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩
- លោក ហ៊ុន សែន ប្រកាសផ្ដល់ទុនចិញ្ចឹមត្រី ឲ្យកម្មករ និងពលករ ដែលបាត់បង់ការងារ ដោយសារវិបត្តិជំងឺកូវីដ១៩
- អាជីវករខ្មែរអាចចូលទៅលក់ដូរនៅផ្សាររុងក្លឿឡើងវិញ ចាប់ពីថ្ងៃទី១៥ កក្កដា
- រដ្ឋាភិបាលចាប់ផ្ដើមខ្ចីបុលពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ យកទៅទប់ទល់នឹងវិបត្តិកូវីដ១៩
- លោក សម រង្ស៊ី ស្នើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិ និងអន្តរជាតិ ឈប់កេងប្រវ័ញ្ចញើសឈាមពលរដ្ឋខ្មែរ