កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សុខភាព
ពេជ្រ សុធារី | ១១ សីហា ២០២០ |ម៉ោង ១២:៥២
VOD

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)
ក្រសួងសុខាភិបាល បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសហ្វីលីពីនមួយរយៈ ចាប់ពីថ្ងៃទី១៣ ខែសីហានេះតទៅ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានចេញ សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃនេះថា ការផ្អាកជើងហើរពីប្រទេសហ្វីលីពីននេះ បានធ្វើឡើងបន្ទាប់ពីមានចំណារយល់ព្រមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្តីប្រកាសព័ត៌មាន បានលើកហេតុផលថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងកត់សម្គាល់ឃើញថា អត្រាអ្នកឆ្លងជំងឺកូវីដ១៩បានហក់ឡើងយ៉ាងគំហុកនៅប្រទេសហ្វីលីពីន ដែលធ្វើឲ្យប្រទេសមួយនេះ មានអត្រាអ្នកឆ្លងខ្ពស់ជាងគេបំផុតក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។
សេចក្តីប្រកាសព័ត៌មាន បន្តថា កាលពីថ្ងៃទី០៨ខែសីហា ជើងហោះហើរពីប្រទេសហ្វីលីពីនមួយ ដែលមានអ្នកដំណើរសុរបចំនួន ១១៩នាក់ ត្រូវបានធ្វើតេស្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩រហូតដល់១៣នាក់ ដែលកត្តាទាំងនេះជាក្តីបារម្ភមួយរបស់កម្ពុជា ដែលឈានដល់ការផ្អាកជើងហោះហើរជាបណ្តោះអាសន្នពីប្រទេសហ្វីលីពីន។
ក្រសួងបានបញ្ជាក់ថា៖ «ដើម្បីសុវត្ថិភាព និងសុខមាលភាពបងប្អូនប្រជាជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឲ្យមានរលកទី២នៃការចម្លងវីរុសកូវីដ១៩»។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ ក៏បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០តទៅផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ១១ ខែសីហា ឆ្នាំ២០២០នេះ មានមនុស្សចំនួន ២៦៦នាក់ហើយ ត្រូវបានរកឃើញឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះអ្នកជំងឺ២២០នាក់ បានព្យាបាលជាសះស្បើយ និងអ្នកសម្រាកកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន ៤៦នាក់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។