ព័ត៌មានជាតិ | អភិបាលកិច្ច
លោក វណ្ណ វិចារ | ១១ សីហា ២០២០ |ម៉ោង ១៨:២៣
VOD

ស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ ចំណុះឱ្យអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ (ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ)
ក្រសួងមហាផ្ទៃកំពុងធ្វើការស៊ើបអង្កេតលើបណ្តឹងរបស់មន្ត្រីនគរបាលជាស្ត្រីជាច្រើននាក់ ដែលចោទស្នងការនគរបាលខេត្តកំពង់ធំ ថាបៀតបៀនកេរ្តិ៍ខ្មាសទៅលើពួកគេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅព្រឹកថ្ងៃទី១១ ខែសីហា បានថ្លែងថា អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន និងអភិបាលខេត្តកំពង់ធំ លោក សុខ លូ ជាអ្នកទទួលភារៈពិនិត្យមើលលើបណ្ដឹងបកអាក្រាតរឿងអាស្រូវរបស់ស្នងការខេត្តកំពង់ធំ លោក អ៊ុក កុសល។
ការថ្លែងបែបនេះរបស់លោក ស ខេង គឺធ្វើឡើងឆ្លើយតបនឹងសំណួរអ្នកកាសែតដែលសួរពីពាក្យបណ្ដឹងមួយច្បាប់រៀបរាប់ពីដំណើររឿងស្ត្រីមន្ត្រីនគរបាលមួយចំនួននៅខេត្តកំពង់ធំ ត្រូវបានស្នងការនគរបាលខេត្ត លោក អ៊ុក កុសល បំពានផ្លូវភេទ។ លិខិតនោះបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយរកយុត្តិធម៌ដល់ពួកគេ។
លោក ស ខេង មានប្រសាសន៍ថា៖ «មកទល់ពេលនេះ ខ្ញុំមិនទាន់សម្រេចដោះស្រាយយ៉ាងម៉េច នៅឡើយ រង់ចាំក្រុមការងារដើម្បីពិនិត្យ។ ក្នុងស្នងការហ្នឹងមានបញ្ហា ការពិតខ្ញុំបានព្រមានម្ដងហើយ ខ្ញុំក៏បានសន្យាហើយថាក្រោយពីបានព្រមានហើយ បើមិនកែប្រែ មានតែឈានមួយជំហានទៀត គឺការពិន័យរដ្ឋបាលធ្ងន់ជាងនេះឬត្រូវដក។ បើរកឃើញថាប៉ះពាល់ស្ត្រីមែន នឹងអនុវត្តច្បាប់ ច្បាប់ធ្វើម៉េចធ្វើអីចឹង។»
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ថ្លែងប្រាប់វីអូឌីនៅល្ងាចថ្ងៃអង្គារនេះថា ក្រុមការងារកំពុងស៊ើបអង្កេតករណីនេះ។
លោក ឆាយ គឹមខឿន បាននិយាយថា៖ «ដំណើរការស៊ើបអង្កេតចាប់ផ្ដើមហើយ តែបើចង់ដឹងលទ្ធផលភ្លាម ឆ្លើយមិនទាន់រួចទេ»។
វីអូឌី មិនអាចសុំការបំភ្លឺពីស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល បានទេ គិតមកដល់ល្ងាចថ្ងៃទី១១ ខែសីហា។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានគាំទ្រចំពោះចំណាត់ការរបស់ក្រសួងលើករណីនេះ ប៉ុន្តែលោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធស៊ើបអង្កេតករណីនេះឱ្យបានត្រឹមត្រូវនិងតម្លាភាព។
លោក ស៊ឹង សែនករុណា បាននិយាយថា៖ «ល្អដែលថ្នាក់ដឹកនាំយកចិត្តទុកដាក់ពីការបែកធ្លាយអំពើដែលមិនត្រឹមត្រូវរបស់ថ្នាក់ដឹកនាំស្ថាប័នថ្នាក់ក្រោម [ស្នងការដ្ឋាននគរបាលកំពង់ធំ] ពីព្រោះពួកគាត់ភាគច្រើន អ្នកដែលមានបញ្ហាទាំងអស់ហ្នឹង គ្មានអីពឹងក្រៅពីថ្នាក់លើរបស់ខ្លួន[រដ្ឋមន្ត្រី] ដើម្បីត្រួតពិនិត្យលើបញ្ហាទាំងអស់ហ្នឹងទេ។ បើសិនរកឃើញថា ពិតជាមានពិតដូចការចោទប្រកាន់ទាំងអស់ហ្នឹង មិនត្រឹមតែមានវិធានការតាមផ្លូវរដ្ឋបាលទេ ត្រូវតែអនុវត្តច្បាប់ បើរកឃើញខុសក្រមព្រហ្មទណ្ឌ ត្រូវបញ្ជូនទៅតុលាការ»។
លិខិតដែលបែកធ្លាយនោះ រៀបរាប់ថា លោកស្នងការនគរបាលខេត្តកំពង់ធំ អ៊ុក កុសល បានបំពានផ្លូវភេទលើសហការីរបស់ខ្លួនជាច្រើននាក់ និងប្រើអំណាចមិនឱ្យមន្ត្រីនគរបាលទាំងនោះរើបម្រះទៀតផង។
ទោះជាយ៉ាងណា វីអូឌីមិនអាចទាក់ទងដើមបណ្ដឹងទាំងអស់ដែលមានក្នុងលិខិតនោះ ដើម្បីសុំការបញ្ជាក់បន្ថែមបាននៅឡើយទេនៅថ្ងៃនេះ។
លោក អ៊ុក កុសល ធ្លាប់ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដាក់ពិន័យរដ្ឋបាលម្ដងរួចហើយកាលពីខែមីនា ក្រោមមូលហេតុខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រងនិងដឹកនាំ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។