ដោយ វ៉ែន សុមេធ
2020-08-24
RFA

ភូមិនេសាទរបស់ប្រជាពលរដ្ឋនៅក្នុងឃុំរកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។ រូបថតថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ (Photo: RFA)
ប្រជាសហគមន៍អភិរក្សផ្សោតព្រែកកាំពី ខេត្តក្រចេះ ស្ដាយស្រណោះចំពោះការបាត់បង់ត្រីផ្សោត ដែលជាប្រភពចំណូលសេដ្ឋកិច្ចសហគមន៍ ជាបន្តបន្ទាប់ ដោយសារបទល្មើសនេសាទ និងពង្រាយមង នៅតំបន់សំខាន់ៗ ដែលផ្សោតឆ្លងកាត់។ សហគមន៍ព្រែកកាំពី អំពាវនាវជាថ្មីទៀត ឱ្យអាជ្ញាធរខេត្តក្រចេះ ពង្រឹងការអនុវត្តច្បាប់នេសាទ ដើម្បីសង្គ្រោះត្រីផ្សោត និងត្រីមេពូជក្នុងតំបន់។
ប្រជាសហគមន៍អភិរក្សផ្សោតព្រែកកាំពី នៅឃុំសំបុក ស្រុកចិត្របូរី ឱ្យដឹងនៅថ្ងៃទី២៣ សីហា ថា ការប្រើឧបករណ៍ឆក់ និង ការពង្រាយមង ចាប់ត្រីក្នុងអន្លង់ផ្សោត នៅតែកើតមានច្រើនគួរឲ្យព្រួយបារម្ភ ដែលបង្កគ្រោះថ្នាក់ដល់ការចិញ្ចឹមជីវិតរបស់ត្រី និងសត្វផ្សោត នៅរដូវបិទនេសាទនេះ។
សហគមន៍អភិរក្សផ្សោតព្រែកកាំពី ថ្លែងសុំលាក់ឈ្មោះ អះអាងថា ក្រុមជនល្មើសជាច្រើនក្រុម នៅតែលួចឆក់ត្រី និងពង្រាយមងនៅអន្លង់អភិរក្សផ្សោតព្រែកកាំពី និងតំបន់ប្រជុំកោះ តាមបណ្ដោយទន្លេមេគង្គ រាំងខ្ទប់ដំណើរសត្វផ្សោត និងត្រីមេពូជឡើងចុះ។ លោកថា រយៈពេល ៦ ខែដើមឆ្នាំ ២០២០ មានផ្សោត ៣ក្បាលហើយ បានងាប់ ដោយសារក្រុមជនល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ដូចជា ឆក់ក្ដៅ ឬត្រជាក់ និងពង្រាយមងនៅតំបន់សំខាន់ៗដែលផ្សោតឆ្លងកាត់ ។ លោកបន្ថែមថា ត្រីដែលគេតាំងលក់ នៅលើទីផ្សារខេត្តក្រចេះ ភាគច្រើន បានមកពីការនេសាទខុសច្បាប់នៅអន្លង់អភិរក្ស៖ «សោកស្ដាយពេកហើយ ពួកឆក់នៅកាន់តែខ្លាំងអត់ចេះបាត់ទេ ទឹកឡើងដូច្នោះវាស្រួលឆក់។ វាឆក់យកលុយ អ៊ីចឹងបានថា អត់ចេះអស់ទេ នៅប្រចាំថ្ងៃហ្នឹង ខ្លាំងហ្នឹងពួកឆក់ហ្នឹង ដល់ឆក់អ៊ីចឹងហិនហោចខ្ទេចខ្ទី អស់ ស្អីក៏អស់»។
អាស៊ីសេរីបានព្យាយាមទាក់ទង ប្រធានឆ្មាំទន្លេ និងជាអនុប្រធានរដ្ឋបាលជលផលខែត្រក្រចេះ លោក ម៉ុក ពន្លក ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួល នៅថ្ងៃទី ២៣ សីហា។
មេឃុំសំបុក លោក ទុយ សុវណ្ណា ទទួលស្គាល់ថា មានការលួចឆក់ត្រី និងពង្រាយមងក្នុងអន្លង់ផ្សោត ក៏ប៉ុន្តែករណីនេះកើតមានតិចតួចប៉ុណ្ណោះ។ លោកថា ថ្មីៗនេះ សមត្ថកិច្ចបានឃាត់ចាប់ ឧបករណ៍នេសាទខុសច្បាប់រួចដុតបំផ្លាញចោលមួយចំនួន។ ចំណែកជនសង្ស័យជិត ២០នាក់ ដែលអាជ្ញាធរបញ្ជូនឈ្មោះទៅតុលាការ ក្នុងនោះមួយចំនួនធំ បានបោះបង់មុខរបរនេសាទខុសច្បាប់ចោល។ រីឯ អាជ្ញាធរឃុំបានបញ្ជូនប្រជាការពារភូមិជិត ១០នាក់ ដាក់វេនគ្នាចុះល្បាតជាប្រចាំ ដើម្បីទប់ស្កាត់បទល្មើសនេសាទ៖ «អ្នកដែលប្រព្រឹត្តវានៅតែប្រព្រឹត្តអ៊ីចឹង តែវាអត់មានទ្រង់ទ្រាយធំដូចមុន កាលមុនចំហហ្មង ទាំងថ្ងៃទាំងយប់ តែឥលូវវាមានដែរ តែមានរបៀបលួចលាក់ មែនទែន។ បើវាទ្រង់ទ្រាយធំ ៣ទៅ ៤ទូក ចុះទាំងហ្វូងៗ អត់មានទេ ឥលូវអត់មានទេ»។
មកទល់ពេលនេះ ទន្លេមេគង្គខេត្តក្រចេះ មានសត្វផ្សោតរស់នៅ ចន្លោះពី ៥៥ ទៅ ៦០ក្បាល។ សត្វផ្សោតទាំងអស់នោះ កំពុងតែរស់នៅក្នុងអន្លង់អភិរក្ស ៥ទីតាំងផ្សេងគ្នា រួមមាន អន្លង់ខ្សាច់ម្កាក់ អន្លង់កោះដំបង អន្លង់កោះផ្ដៅ អន្លង់កន្ទុយកោះរងាវ និងអន្លង់ផ្សោតកាំពីក្នុងអាងទន្លេមេគង្គ។ សហគមន៍ថា សត្វផ្សោតថយចុះ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារបទល្មើសនេសាទ និងអំពើពុករលួយ។
នាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ យល់ថា អាជ្ញាធរគួរតែលុបបំបាត់អំពើពុករលួយ ព្រោះអំពើពុករលួយ បានអនុញ្ញាតឱ្យជនល្មើស ប្រើឧបករណ៍នេសាទខុសច្បាប់ ក្នុងតំបន់ផ្សោតរស់នៅ និងនៅកន្លែងសត្វផ្សោតស្វែងរកចំណី ធ្វើឲ្យប៉ះពាល់ជីវិតផ្សោត។ លោកកត់សម្គាល់ថា អន្លង់ត្រីមេពូជជាច្រើនកន្លែង បានវិនាសអន្តរាយដោយសារឧបករណ៍ឆក់ និងការនេសាទខុសច្បាប់៖ «សំណូមពរឱ្យមន្ត្រីជំនាញ អាជ្ញាធរដែនដីហ្នឹង រួមគ្នាពង្រឹងតាមដាន ឱ្យបានច្បាស់លាស់ នូវអំពើពុករលួយ ដើម្បីអនុវត្តតាមមុតមាំ ទៅលើច្បាប់ស្ដីពីជលផល»។
អង្កការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ( WWF ) បានបង្ហោះសារតាមបណ្ដាញសង្គមដោយបានចាត់ទុក ការបណ្ដែតមង ក្នុងតំបន់ផ្សោតរស់នៅ និងឆ្លងកាត់ គឺជាការគំរាមកំហែងធ្ងន់ធ្ងរ ដល់ជីវិតសត្វផ្សោតក្នុងអាងទន្លេមេគង្គ។ អង្គការនេះ ស្នើឱ្យឆ្មាំទន្លេ អាជ្ញាធរពាក់ព័ន្ធខេត្តក្រចេះ និងខេត្តស្ទឹងត្រែង សហការគ្នាតាមដាន និងបង្ក្រាបសកម្មភាពនេសាទខុសច្បាប់គ្រប់ប្រភេទ ជាពិសេស ត្រូវបង្ក្រាបការពង្រាយមង ក្នុងតំបន់ការពារសត្វផ្សោតក្នុងអាងទន្លេមេគង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកនេសាទបារម្ភទិន្នផលត្រីបន្តថយចុះ នៅឆ្នាំនេះ
- សហគមន៍អភិរក្សផ្សោតព្រែកកាំពីសាទរអាជ្ញាធរអនុវត្តច្បាប់លើជនសង្ស័យនេសាទខុសច្បាប់ ២នាក់
- ប្រជានេសាទតំបន់បឹងទន្លេសាបជាច្រើនគ្រួសារប្រឈមដាច់បាយដោយសារគ្មានត្រី
- សហគមន៍នេសាទរងផលប៉ះពាល់ពីទឹកតូចនៃទន្លេមេគង្គ ក្រោយពីចិននិងឡាវបិទទ្វារទឹក
- “ទំនួញមច្ឆជាតិ” អត្ថបទអំពាវឱ្យបញ្ឈប់ការចាប់ ទិញលក់ និងទទួលទានត្រីពងកូន
- ប្រជានេសាទនៅស្រុកឯកភ្នំ ខេត្តបាត់ដំបងប្រឈមអត់អង្ករច្រកឆ្នាំដោយសារគ្រោះរាំងស្ងួត
- សហគមន៍នេសាទខេត្តបាត់ដំបងថា អាជ្ញាធរមិនចាត់វិធានផ្លូវច្បាប់លើអ្នកទន្ទ្រានដីព្រៃលិចទឹក
- រដ្ឋបាលជលផលប្រកាសបិទរដូវនេសាទដែនទឹកសាបចាប់ពីថ្ងៃទី១ មិថុនាទៅ
- ប្រជានេសាទបាត់ដំបងទទូចឱ្យអាជ្ញាធរចាប់វៀតណាមដែលនេសាទខុសច្បាប់នៅទន្លេសាប
- ផលត្រីកើនឡើងក្រោយសហគមន៍នេសាទខេត្តបាត់ដំបងរួមគ្នាអភិរក្សបឹងនៅឯកភ្នំ