លោកស្រី រ៉ូណា ស្មីត បង្ហាញពីកង្វល់ជុំវិញបញ្ហាច្បាប់និងសិទ្ធិមនុស្សមួយចំនួន តែមន្ត្រីរដ្ឋាភិបាលថាពួកគេបាននិងកំពុងអនុវត្តឲ្យប្រសើរ

កម្ពុជា សង្គម
26/08/2020 – 08:30
ដោយ៖ ញឹម សុផល
RFI

កិច្ចប្រជុំរវាងគណកម្មាធិកាសិទ្ធិមនុស្សកម្ពុជា និងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា
កិច្ចប្រជុំរវាងគណកម្មាធិកាសិទ្ធិមនុស្សកម្ពុជា និងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា © FB

លោកស្រី​ រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ បាន​បង្ហាញ​ពី​ក្តី​កង្វល់​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ​អំឡុង​ពេល​កូវីដ​១៩​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នានា ​និង​សេរីភាព​ក្នុង​ការ​សម្តែង​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​រដ្ឋាភិបាល​បាន​អះអាង​ថា​ខ្លួន​កំពុង​តែ​អនុវត្ត​ឲ្យ​ប្រសើរ​ឡើង​។ ការ​លើក​ឡើង​ដូច្នេះ ​គឺ​នៅពេល​ដែល​លោកស្រី​ រ៉ូណា ស្មីត​ បាន​ធ្វើ​ការ​ពិភាក្សា​ជាមួយ​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​(គ.ស.ម.ក)តាម​ Video Conference កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការសិទ្ធិមនុស្សកម្ពុជា លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា(គ.ស.ម.ក) បានបង្ហាញនូវក្តីកង្វល់ ព្រមទាំងផ្តល់អនុសាសន៍ផងដែរជុំវិញបញ្ហាមួយចំនួន ដែលរដ្ឋាភិបាលបាននិងកំពុងអនុវត្តនោះគឺ ការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ១៩។  បន្ថែមពីនេះ លោកស្រីស្មីត បានចាប់អារម្មណ៍ពីការរៀបចំ និងការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងស្របតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។

លើសពីនេះ លោកស្រី រ៉ូណា ស្មីត ក៏បានសម្តែងការបារម្ភពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំតវ៉ា តែលោកស្រីមិនគាំទ្រនូវការជួបជុំបញ្ចេញមតិដែលបំពានច្បាប់ បំពានសិទ្ធិសេរីភាពអ្នកដទៃ បង្កើឲ្យមានការរើសអើងពូជសាសន៍ អំពើហិង្សា និងភាពចលាចលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ ការកើនឡើងនៃការឃុំខ្លួនបណ្តោះអាសន្ន និងភាពចង្អៀតណែនក្នុងពន្ធនាគារស្របពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ជាចំណុចដែលត្រូវបានកត់សម្គាល់ដោយលោកស្រីស្មីតដែរ។ នេះបើតាមគណៈកម្មការសិទ្ធិមនុស្សកម្ពុជា។

ដោយឡែក គ.ស.ម.ក រួមនឹងស្ថាប័នពាក់ព័ន្ធ ក៏បានអះអាងដែរថា នឹងធ្វើការពិចារណាលើកង្វល់ និងអនុសាសន៍របស់លោកស្រី រ៉ូណា ស្មីត និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង។ ការអះអាងរបស់ គ.ស.ម.ក ដូច្នេះ គឺបន្ទាប់ពីស្ថាប័នសិទ្ធិមនុស្សរដ្ឋាភិបាលមួយនេះ បានរាយការណ៍ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិរួចហើយនូវចំណុចសំខាន់ៗមួយចំនួនដែលប្រទេសកម្ពុជាបានអនុវត្តនោះគឺ របាយការណ៍សិទ្ធិមនុស្ស និងយន្តការនៃការស៊ើបអង្កេត និងដោះស្រាយពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធ និងការរំលោភសិទ្ធិមនុស្ស ដែលមាន៧ចំណុច។

វិធានការឆ្លើយតបនឹងជំងឺកូវីដ១៩របស់រដ្ឋាភិបាលកម្ពុជា។ សេរីភាពបញ្ចេញមតិ ការជួបជុំ និងសមាគម ដោយមានការអះអាងថាកម្ពុជាគោរពសេរីភាពបញ្ចេញមតិ និងការជួបជុំ តែមានវិធានការច្បាប់ចំពោះអ្នកបញ្ចេញមតិ និងជួបជុំដោយបំពានរដ្ឋធម្មនុញ្ញ និងច្បាប់ប៉ុណ្ណោះ។ ក្រៅពីនេះ គ.ស.ម.ក ក៏បានបង្ហាញដល់លោកស្រី ស្មីត ដែរ នូវការងារនៃអនុវត្តនូវការត្រួតពិនិត្យលើលិខិតបទដ្ឋានគតិយុត្ត និងវឌ្ឍនភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា៕

What Next?

Recent Articles