ដោយ ទីន ហ្សាការីយ៉ា
2020-10-19
RFA

ពលរដ្ឋនាំគ្នាចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះនាសាលាសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦។ RFA
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ប្រកាសថា មានប្រជាពលរដ្ឋជាង ២៤ម៉ឺន ៥ពាន់ (២៤៥.៨៣៧)នាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ក្នុងរយៈពេល ១៧ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ មន្ត្រីអង្គការឃ្លាំមើលការបោះឆ្នោត វាយតម្លៃថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីនេះកើនឡើង ប៉ុន្តែលោក បារម្ភថា អវត្តមានគណបក្សសង្គ្រោះជាតិ អាចធ្វើពលរដ្ឋជាច្រើន មិនចាប់អារម្មណ៍នឹងការបោះឆ្នោតដូចពេលកន្លងទៅ។
ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលមានរយៈពេល ១៩ថ្ងៃ គឺចាប់ពីថ្ងៃទី១-១៩ ខែតុលា គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងនោះ គឺនៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបិទបញ្ចប់។
គ.ជ.ប ចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៨ ខែតុលាថា លទ្ធផលបណ្ដោះអាសន្នគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែតុលា គឺមានប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតថ្មីចំនួនជាង ២៤ម៉ឺន ៥ពាន់ (២៤៥.៨៣៧)នាក់។
គ.ជ.ប ក៏បន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗ គ្នាសម្រាប់ប្រជាពលរដ្ឋដែលគ្រប់អាយុ ១៨ឆ្នាំ និងប្រជាពលរដ្ឋមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា និងលោក ឌឹម សុវណ្ណារុំ បានទេ ដោយទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការ និចហ្វិក (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីនេះ មានការឡើងគួរឲ្យកត់សម្គាល់ ដោយសារពលករចំណាកស្រុកជាច្រើន បានវិលត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩។ លោក កត់សម្គាល់ថា ប្រជាពលរដ្ឋមួយចំនួន ចង់ឲ្យមានឈ្មោះបោះឆ្នោតជាមុនសិន ប៉ុន្តែពេលបោះឆ្នោត គឺពួកគាត់នឹងពិចារណា ឬសម្លឹងមើលទៅលើគណបក្សណាដែលពួកគាត់ជឿទុកចិត្ត។ ទោះជាយ៉ាងណា លោក សំ គន្ធាមី យល់ថា សហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋនៅតែចង់ឲ្យមានការដោះស្រាយជម្លោះនយោបាយដើម្បីឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងការបោះឆ្នោតឡើងវិញ ព្រោះអវត្តមានបក្សប្រឆាំងដ៏ធំមួយនេះ ក៏អាចធ្វើអ្នកបោះឆ្នោតមួយចំនួន មិនចាប់អារម្មណ៍នឹងការបោះឆ្នោតខាងមុខដែរ៖ «មានការប្រកួតប្រជែងគ្នា និងដំណើរការបោះឆ្នោតនឹងឲ្យបានល្អដូចកន្លងមកចឹងណាស់ ហើយប្រជាពលរដ្ឋ ក៏គាត់យល់ឃើញចឹងដែរ ប៉ុន្តែអានេះ វាអាស្រ័យទៅលើកត្តានយោបាយរបស់ប្រទេសយើង។ ប្រជាពលរដ្ឋខ្លះគាត់យល់ឃើញដែរថា ចំាំមើលបើសិនជា កត្តានយោបាយយ៉ាងម៉េចមានវត្តមានគណបក្សសង្គ្រោះជាតិ ទោះមាន ឬគ្មានក៏ដោយ គាត់នឹងពិនិត្យមើលគណបក្សផ្សេងៗ ទៀត ដែលាមានលទ្ធភាពដែលគាត់ទុកចិត្តបានអីចឹងណា»។
លេខាធិការនៃគណៈកម្មាធិការប្រតិបត្តិស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលកំពុងភៀសខ្លួននៅឯប្រទេសថៃ លោក ឃិន សាម៉ន លើកឡើងថា ការរៀបចំចុះឈ្មោះអ្នកបោះឆ្នោត និងរៀបចំការបោះឆ្នោតរបស់ គ.ជ.ប ដោយគ្មានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង គឺជាការរៀបចំការបោះឆ្នោតក្លែងក្លាយ និងចំណាយធនធានឥតប្រយោជន៍ ហើយគ្មានការទទួលស្គាល់ពីសហគមន៍ជាតិ និងអន្តរជាតិនោះទេ៖ «ការរៀបចំការបោះឆ្នោតរបស់ប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្នដោយអវត្តមានគណបក្សសង្គ្រោះជាតិ ការដែលខំចំណាយលុយទាំងអស់នេះ វាអត់មាន បានប្រយោជន៍អីដល់ប្រជាពលរដ្ឋខ្មែរ ដែលគេស្រឡាញ់ប្រជាធិបតេយ្យ។ បើសិនជាមានគណបក្សសង្គ្រោះជាតិ គឺមានតម្លៃណាស់ ព្រោះប្រជាពលរដ្ឋស្រឡាញ់សង្គ្រោះជាតិ បោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិជាងពាក់កណ្ដាលប្រទេស ដូច្នេះការធ្វើទាំងឡាយណារបស់ គ.ជ.ប វាអត់បានឆ្លុះបញ្ចាំងពីប្រជាធិបតេយ្យនៅកម្ពុជាទេ»។
កាលពីជិតជិត ៣ឆ្នាំមុន តុលាការកំពូល បានរំលាយគណបក្សសង្គ្រោះជាតិចោល និងបានហាមថ្នាក់ដឹកនាំ ១១៨រូបនៃគណបក្សនេះ មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ នៅមុនការរំលាយនេះ គណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈ ៥៥ ក្នុងរដ្ឋសភា និងទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណជាង ៥ពាន់ ក្នុងពេលបោះឆ្នោតឃុំ–សង្កាត់ឆ្នាំ២០១៧ ដែលស្ទើរតែប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា។
ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ជឿជាក់ថា ទំនងជាបារម្ភខ្លាចចាញ់ឆ្នោត ទើបរបបលោក ហ៊ុន សែន កម្ទេចបក្សប្រឆាំង និងបំបិទសំឡេងឯករាជ្យនៅមុនការបោះឆ្នោតមកដល់។ ការរៀបចម្ការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៨ ក៏ត្រូវបានគណបក្សសង្គ្រោះជាតិ រួមទាំងសហគមន៍ជាតិ និងអន្តរជាតិ រិះគន់ខ្លាំងក្លា និងចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ និងជាថ្ងៃប្រារព្ធពិធីមរណភាពនៃលទ្ធិប្រជាធិបតេយ្យ និងជាថ្ងៃខ្មៅងងឹតនៃប្រវត្តិសាស្ត្រកម្ពុជា ដែលរបបប្រជាធិបតេយ្យត្រូវជំនួសមកវិញដោយការដឹកនាំបែបឯកបក្សខុសច្បាប់ និងអធម្មនុញ្ញភាព។
ករណីនេះ សហភាពអឺរ៉ុប ក៏បានដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា។ ចំណែកសហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មចំពោះបុគ្គលលើថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាមួយចំនួន ដោយចោទថា ពួកគេបានធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប៉ូលិស ចាប់សកម្មជនបក្សប្រឆាំងខេត្តបាត់ដំបង ២នាក់ បញ្ជូនទៅតុលាការក្រុងភ្នំពេញ
- ពលរដ្ឋរងគ្រោះទឹកជំនន់នៅខេត្តមួយចំនួនត្អូញថា អាជ្ញាធរមិនបានជួយផ្ដល់ស្បៀងអាហារដល់ពួកគាត់ឡើយ
- អ្នកទោសនយោបាយ និងអ្នកទោសមនសិការ ជួបការលំបាកខ្លាំង ដោយសារទឹកជំនន់ចូលដល់ពន្ធនាគារព្រៃស
- សកម្មជនបក្សសង្គ្រោះជាតិគ្រោងធ្វើបាតុកម្មប្រឆាំងវត្តមានចិននៅកម្ពុជា ស្របពេលសង្គមស៊ីវិលយកថ្ងៃទី២៣ តុលា ជួបជុំរំលឹកខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
- លោក កឹម សុខា បន្តចុះផ្តល់ជំនួយដល់ពលរដ្ឋ ក្រោយលោក ហ៊ុន សែន ហាមមិនឱ្យអាជ្ញាធររារាំង
- ប្រពន្ធសមាជិកបក្សប្រឆាំងប្ដឹងទៅតុលាការ និងអង្គការយូនីសេហ្វ រឿងអាជ្ញាធរឃុំខ្លួន និងធ្វើទារុណកម្មកុមារា កាក់ សុវណ្ណច្ឆ័យ
- អាជ្ញាធរខេត្តបន្ទាយមានជ័យរារាំងមិនឲ្យលោក កឹម សុខា ចុះចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់
- ខួប ៨ឆ្នាំ ព្រះបាទ នរោត្តម សីហនុ សោយទិវង្គត៖ ជម្លោះនយោបាយបន្តរ៉ាំរ៉ៃ ដោយគ្មានអ្នកមានលទ្ធភាពសម្រួលបាន
- អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ដោះលែងលោក ជុំ សារ៉ាត់ សកម្មជនបក្សប្រឆាំង
- អ្នកសង្កេតការណ៍ថា កម្ពុជាត្រូវពង្រឹងផ្ទៃក្នុងជាងពឹងមហាអំណាច ដើម្បីរក្សាអធិបតេយ្យជាតិ