ដោយ ទីន ហ្សាការីយ៉ា
2020-11-29
RFA

អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ រូបពីហ្វេសប៊ុក
ក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ៧ករណីទៀត ដែលក្នុងនោះកើតលើអ្នកដំណើរម្នាក់ ជាស្ត្រីជនជាតិខ្មែរ-អាមេរិកាំង មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ និងសមាជិកគ្រួសាររបស់លោកចំនួន ៥នាក់ គិតត្រឹមថ្ងៃទី២៨ វិច្ឆិកា ដែលជាករណីដំបូងនៃការចម្លងចូលសហគមន៍។ អ្នកវិភាគយល់ថា ករណីកើតជំងឺកូវីដ-១៩ លើមន្ត្រីរដ្ឋាភិបាល និងសមាជិកក្រុមគ្រួសាររបស់គាត់ ហាក់នៅមានភាពស្រពិចស្រពិលនៅឡើយអំពីការចម្លងនេះ។
អ្នកជំងឺកូវីដ-១៩ ដែលជាស្ត្រីជនជាតិខ្មែរ-អាមេរិកាំង នោះមានអាយុ៣១ ឆ្នាំ ស្នាក់នៅខេត្តប៉ៃលិន ជាអ្នកដំណើរ មកពីសហរដ្ឋអាមេរិក ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញវិជ្ជមានជំងឺកូវីដ-១៩ ហើយដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។ អ្នកដំណើរទាំងអស់សរុបចំនួន ៥៦នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញអវិជ្ជមានជំងឺកូវីដ-១៩ និងបន្តដាក់ឲ្យធ្វើចត្តាឡឺស័កនៅតាមសណ្ឋាគារ និងស្ថានទូតមួយចំនួនក្នុងរាជធានីភ្នំពេញ។
រីឯអ្នកជំងឺកូវីដ-១៩ ចំនួន ៦នាក់ទៀតនោះ ដែលជាករណីឆ្លងចូលក្នុងសហគមន៍ គឺកើតលើស្ត្រីជនជាតិខ្មែរ មានអាសយដ្ឋាននៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយគាត់មានអាការៈមិនស្រួលខ្លួន ចេញរោគសញ្ញាផ្ដាសាយ ចំនួន៣ថ្ងៃ ហើយបានទៅពិនិត្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី២៨ វិច្ឆិកា ហើយលទ្ធផលតេស្តបង្ហាញថា វិជ្ជមានជំងឺកូវីដ-១៩។ ចំណែកប្តីរបស់លោកស្រី គឺជាប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក ឆែម សាវុធ រួមជាមួយសមាជិកគ្រួសារ០៤នាក់ទៀត ក៏ទទួលបានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់គ្នា បន្ទាប់ពីគ្រូពេទ្យពិនិត្យសំណាក។ បច្ចុប្បន្នពួកគេ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រោយរកឃើញថា ប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក ឆែម សាវុធ ផ្ទុកជំងឺកូវីដនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យមានការប្រមូលផ្តុំធ្វើតេស្តសុខភាព និងធ្វើចត្តាឡឺស័កបន្ទាន់សម្រាប់អ្នកពាក់ព័ន្ធ។ ក្នុងនោះរួមមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលបានប្រជុំជាមួយលោក ឆែម សាវុធ ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា គ្រូពេទ្យបានយកសំណាករបស់លោកទៅពិនិត្យរួចហើយ តែមិនទាន់ដឹងលទ្ធផលនៅឡើយ។ លោក ស ខេង ឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ លោកបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្ត្រី ។ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនាថ្ងៃនោះ ក៏មានវត្តមានលោក ឆែម សាវុធ ចូលរួមដែរ ហើយគាត់បានបង្ហើបម៉ាស់ចេញពីមាត់ចំនួន ១ដងដើម្បីមានមតិខ្លីមួយ និងបន្ទាប់មកលោក ឆែម សាវុធ ក៏បាននិយាយទល់មុខជាមួយលោក ស ខេង ផងដែរ។ ក្រោយពីកិច្ចប្រជុំនោះ លោក ឆែម សាវុធ ក៏បានបន្តបំពេញការងារទៅខេត្តមួយចំនួនដែរ ខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យដំណើរការផ្ទេរអ្នកទោសដែលបានផ្ទេរចេញមួយរយៈដោយសារជំនន់ទឹកភ្លៀងកន្លងមក។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ដើម្បីសួរនាំបន្ថែមពីករណីនេះបានទេ នៅថ្ងៃទី២៩ វិច្ឆិកា ដោយខលចូលពុំមានអ្នកទទួល។ រហូតមកពេលនេះ ក្រសួង សុខាភិបាល មិនទាន់បានបញ្ជាក់ថា ក្រុមគ្រួសារលោក ឆែម សាវុធ ឆ្លងជំងឺនេះពីប្រភពណានៅឡើយទេ ហើយមកដល់ពេលនេះ ក៏មិនទាន់ប្រកាសរកឃើញថា មានមនុស្សប៉ុន្មាននាក់ មានទំនាក់ទំនងដោយផ្ទាល់និងប្រយោលជាមួយអ្នកជំងឺទាំងនេះឡើយ។
ទោះជាយ៉ាងណា ក្រសួងសុខាភិបាលបានចេញវិធានការ និងការណែនាំជាបន្តបន្ទាប់ ដូចជា ប្រកាសបិទផ្សាយអ៊ីអន១ នៅរាជធានីភ្នំពេញជាបណ្ដោះអាសន្ន កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ក្រោយពីរកឃើញថា ប្រពន្ធរបស់មន្ត្រីពន្ធនាគារលោក ឆែម សាវុធ មានផ្ទុកមេរោគកូវីដ១៩ ចូលទៅទទួលទានអាហារ និងទិញអីវ៉ាន់នៅផ្សារអ៊ីអន១ នោះ។ សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែក្រោម ដែលកូនលោក ឆែម សាវុធ ទៅរៀននោះ ក៏ត្រូវបានក្រសួងអប់រំបញ្ជាឱ្យបិទជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍ ដើម្បីបង្ការការឆ្លងរាលដាលក្នុងសហគមន៍។ សណ្ឋាគារភ្នំពេញ ក៏ត្រូវបានប្រកាសឲ្យបិទផងដែរ ក្រោយពីអ្នកជំងឺខាងលើបានទៅហាត់ប្រាណ និងងូតទឹកនៅទីនោះ។
ក្រសួងសុខាភិបាលបានសម្រេចជ្រើសយកទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើតេស្តអ្នកដែលពាក់ព័ន្ធ ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកជំងឺខាងលើ រួមមាន ក្រសួងមហាផ្ទៃសម្រាប់មន្ត្រីរាជការ បរិវេណផ្សារអ៊ីអន១ សម្រាប់ប្រជាពលរដ្ឋទូទៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្រាប់គ្រូ សិស្ស និងអាណាព្យាបាលសាលាអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែ និងនៅពន្ធនាគារព្រៃស ជាដើម។
មុនការប្រកាសការរកឃើញនេះ មន្ត្រី និងសមាជិកគ្រួសារមន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើដំណើរទៅទីកន្លែងសាធារណៈដែលមានមនុស្សច្រើន និងការចុះសកម្មភាពការងារជាដើម ហើយក្រសួងសុខាភិបាលមិនទាន់បានបង្ហាញរបាយការណ៍ច្បាស់លាស់ពីការចម្លងនេះនៅឡើយ។
កាលពីដើមខែវិច្ឆិកា ថ្មីៗនេះ រដ្ឋាភិបាលបានធ្វេសប្រហែសម្តងរួចមកហើយ អំពីការទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដោយលោក ហ៊ុន សែន និងរដ្ឋមន្ត្រីកម្ពុជាមួយចំនួនទៀត មិនបានពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ-១៩ ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) កាលពីថ្ងៃទី៣ វិច្ឆិកា បណ្ដាលឲ្យមនុស្សបួននាក់ ឆ្លងជំងឺកូវីដ-១៩ ពីលោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) និងមនុស្សរាប់ពាន់នាក់ផ្សេងទៀតដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា ត្រូវធ្វើចត្តាឡឺស័ក។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថា ករណីជំងឺកូវីដ-១៩ លើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនេះ គឺនៅមានមន្ទិលសង្ស័យច្រើនលើការអនុវត្តវិធានការក្រសួងសុខាភិបាល ចំពោះមន្ត្រីនិងសមាជិកគ្រួសាររបស់ពួកគេ។ លោកបន្តថា ក្រសួងគួរតែបង្ហាញនូវរបាយការណ៍មួយឲ្យបានច្បាស់លាស់ អំពីការចម្លងជំងឺនេះថា ជាការនាំចូលពីបរទេស ឬជាការឆ្លងចូលក្នុងសហគមន៍ពិតមែន? លោកលើកឡើងថា នេះជាការធ្វេសប្រហែលមួយរបស់មន្ត្រីរដ្ឋាភិបាលដែលបង្កឲ្យមានការចម្លងចូលសហគមន៍៖ «សមាជិកគ្រួសារទាំងអស់ ជាពិសេសលោកអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃហ្នឹង គួរតែមានការបំភ្លឺ អំពីករណីរបស់ខ្លួន ដើម្បីឲ្យមហាជនបានស្ងប់ចិត្ត។ យើងទាមទារ ឬក៏យើងតែងតែស្នើតាំងពីដើមទីមកថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលហ្នឹងចាំបាច់ត្រូវតែសម្ដែងនូវភាពជាគំរូដល់គេដល់ឯង ក៏ប៉ុន្តែក្នុងករណីមួយនេះ គឺទុករហូតដល់ទៅមានការឆ្លងរហូតដល់ទៅសមាជិកគ្រួសារដទៃទៀត។ នោះមិនទាន់រាប់ទាំង អ្នកដែលគេមិនទាន់រកឃើញហើយជាអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ទៅលើឬក៏ជាមួយនឹងក្រុមគ្រួសារហ្នឹងទៀតផង»។
ទោះជាយ៉ាងណា ក្រសួងអំពាវនាវឲ្យអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវសហការ ដោយទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅទីតាំងខាងលើ និងនៅតាមមណ្ឌលខេត្ត ដូចជាខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តបន្ទាយមានជ័យជាដើម ត្រូវទៅធ្វើតេស្តជាចាំបាច់ និងត្រូវធ្វើចត្តាឡឺស័កនៅមណ្ឌល និងផ្ទះរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ លើសពីនោះអាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាលកំពុងរុករកអ្នកដែលបានប៉ះពាល់ផ្ទាល់មកធ្វើចត្តាឡឺស័កផងដែរ។
គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ៣១៥នាក់ ក្នុងនោះអ្នកជាសះស្បើយមាន ៣០១នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។