ករណីពុលស្រា-ស​នៅខេត្តកំពង់ឆ្នាំង ​​អ្នកស្លាប់កើនដល់៦នាក់និងជាង១០០នាក់បានព្យាបាលនៅមន្ទីរពេទ្យ

ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ៣០ វិច្ឆិកា ២០២០ |ម៉ោង ១២:៥៤
VOD

ស្រាសរកំពង់ឆ្នាំង

(រូបភាព​ពី ផេក CCF)


មន្ត្រីសុខាភិបាលខេត្តកំពង់ឆ្នាំង ឱ្យដឹងថា គិត​មកដល់​ព្រឹកថ្ងៃចន្ទនេះ ករណីអ្នកស្លាប់​ដោយ​សង្ស័យ​ពុលស្រាស បាន​កើន​ដល់​ចំនួន ៥នាក់ និងជាង១០០នាក់ បានធ្លាក់ខ្លួនឈឺព្យាបាលនៅមន្ទីរពេទ្យ​។

ករណីសង្ស័យ​ពុលស្រា-ស នេះ បាន​កើតឡើង​កាលពីថ្ងៃ២៨ ខែវិច្ឆិកាឆ្នាំ២០២០ អំឡុង​ពេល​អ្នក​ភូមិ​ជាច្រើន​នាក់ចូលរួមកំដរបុណ្យសពមួយកន្លែងស្ថិតក្នុងឃុំខ្លុងពពក  ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វ៉ុន ប្រាប់វីអូឌីថា គិតត្រឹមម៉ោង១១កន្លះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺមានអ្នករងគ្រោះដោយសង្ស័យពុលស្រាស សរុប​ចំនួន ១២៣នាក់ ក្នុងនោះ ស្រី៦នាក់ និងបានស្លាប់ចំនួន ៦​នាក់។

បើតាមប្រធានមន្ទីរសុខាភិបាលរូបនេះ ក្នុង​ចំណោម​ជន​​រងគ្រោះដែលស្លាប់ទាំង៦នាក់​នោះ មាន​ ២នាក់បានស្លាប់ នៅផ្ទះ ២នាក់ស្លាប់ ពេលបញ្ជូនមកដល់មន្ទីរពេទ្យ និង២នាក់ទៀត ស្លាប់តាមផ្លូវ ខណៈបញ្ជូនទៅព្យាបាលនៅភ្នំពេញ។

លោក ប្រាក់ វ៉ុន បញ្ជាក់ដែរ​ថា គិត​មកដល់ព្រឹកនេះដែរ មានមនុស្ស៩០នាក់ បានធូរស្បើយ និងបានត្រឡប់ទៅផ្ទះវិញ ខណៈ២៧នាក់ កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ក្នុងនោះ ១ម្នាក់កំពុងមានស្ថានភាពធ្ងន់​ធ្ងរ។

លោកបន្ថែមថា៖ «ឥលូវមន្ត្រីជំនាញបានយកស្រាហ្នឹង ទៅ​ពិនិត្យនៅវិទ្យាស្ថានជាតិហើយ»។

អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន  ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធ Telegram ថា ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធករណីសង្ស័យពុលស្រានេះ ថ្នាក់ដឹកនាំក្រសួងសុខាភិបាលចាត់មន្ត្រីជាន់ខ្ពស់ ៣នាក់ ចុះទៅ​ខេត្តកំពង់ឆ្នាំ ដើម្បីជួយដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។

លោកស្រី ឱ វណ្ណឌីន បានឱ្យ​ដឹងថា ក្រសួងសុខាភិបាល បានចាត់វិធានការណ៍​ហាមការផឹកស្រាស  និងបញ្ឈប់ការ​ធ្វើចរាចរ​លក់ដូរស្រាស​ជាបន្ទាន់ ហើយក្រុមការងារក្រសួងសុខាភិបាល បានបន្តអប់រំសុខភាពប្រជាពលរដ្ឋជាបន្តទៀត ជាពិសេស មិនត្រូវពិសា​ស្រា ស ដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ។

ដោយឡែក កាលពីថ្ងៃទី២៧ខែវិច្ឆកាឆ្នាំ២០២០ ក៏មានស្ត្រី​២​នាក់​បាន​ស្លាប់ និង​អ្នក​ភូមិ១២​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តដែរ បន្ទាប់​ពី​ពួក​គេនាំគ្នា​ផឹក​ទឹក​អណ្ដូង​នៅ​ក្នុង​ចម្ការ​ឪឡឹក​មួយ​កន្លែងនៅឯវាលស្រែស្ថិតក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។

កាលពីចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ នៅខេត្តបន្ទាយ​មានជ័យ ក៏មានមនុស្សចំនួន ៧នាក់ បានស្លាប់ និង​ជិត ៤០នាក់ទៀត ត្រូវបាន​បញ្ជូនទៅសង្គ្រោះបន្ទាន់​នៅមន្ទីរ​ពេទ្យ ក្រោយពីពួកគេបានទទួលទានស្រាថ្នាំ យីហោម៉ាក «តាំងគួយ»


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles