កូរ៉ូណាវីរុស | ព័ត៌មានជាតិ
លោក សូរ្យ ជ័យឧត្ដម | ០១ ធ្នូ ២០២០ |ម៉ោង ១៣:៤៤
VOD

ទិដ្ឋភាពនៅពីមុខរដ្ឋសភាកម្ពុជា កាលពីពេលកន្លងទៅ។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឡូយ សុផាត បានឱ្យដឹងថា រូបលោកនិងសមាជិកក្រុមគ្រួសារដល់ទៅជាង៨០នាក់ កំពុងរក្សាខ្លួននៅដាច់ដោយឡែកតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីរូបលោកបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយមន្ត្រីក្រសួងមហាផ្ទៃដែលត្រូវបានធ្វើតេស្តរកឃើញឆ្លងជំងឺកូវីដ១៩។
លិខិតរបស់អគ្គលេខាធិការសភា លោក ឡេង ប៉េងឡុង ដែលផ្ញើទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃម្សិលមិញនេះ បង្ហាញថា តំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង លោក ឡូយ សុផាត បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ឆែម សាវុធ ដែលត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩។
លោក ឡូយ សុផាត បានប្រាប់វីអូឌីនៅថ្ងៃនេះថា លោកបានចាប់ដៃលោក ឆែម សាវុធ នៅពេលជួបគ្នាអំឡុងពេលហាត់ប្រាណនៅសណ្ឋាគារភ្នំពេញក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងមកនេះ នៅមុនពេលលោក ឆែម សាវុធ និងភរិយារបស់លោក ត្រូវបានធ្វើតេស្តរកឃើញឆ្លងជំងឺកូវីដ១៩។
តំណាងរាស្ត្ររូបនេះបានឱ្យដឹងទៀតថា លោកនិងសមាជិកក្រុមគ្រួសារសរុបជាង៨០នាក់ កំពុងធ្វើចត្តាឡីស័កឬរក្សាខ្លួននៅដាច់ដោយឡែកនៅក្នុងគេហដ្ឋានរបស់លោកនៅភ្នំពេញនិងនៅខេត្តស្ទឹងត្រែង បន្ទាប់ពីបានធ្វើតេស្តពិនិត្យសុខភាពរួចហើយ ហើយលទ្ធផលតេស្តបង្ហាញសញ្ញាអវិជ្ជមានទាំងអស់។
លោក ឡូយ សុផាត ប្រាប់ថា៖ «ចត្តាឡីស័កហ្នឹងនៅតាមផ្ទះទេ នៅខេត្ត។ ធ្វើតេស្តទាំងអស់អវិជ្ជមានពីម្សិលដែរ»។
លោក ឡូយ សុផាត អាយុ៧១ឆ្នាំ បានប្រាប់ថា លោកបានចូលរួមកិច្ចប្រជុំនៅរដ្ឋសភា និងបានប្រាស្រ័យទាក់ទងជាមួយមន្ត្រីជាច្រើននៅក្នុងស្ថាប័នមួយនេះ ២ថ្ងៃបន្ទាប់ពីលោកបានប្រាស្រ័យទាក់ទងជាមួយលោក ឆែម សាវុធ។
បើតាមលិខិតរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា សមាជិកសភា១៧រូប ក្នុងនោះមានទាំងប្រធានរដ្ឋសភា លោក ហេង សំរិន ផងដែរ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មន្ត្រីរដ្ឋសភា និងមនុស្សសរុបដល់ទៅ៤៩រូបទៀត បានប្រាស្រ័យទាក់ទងជាមួយលោក ឡូយ សុផាត។
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់ថា ក្រៅពីលោក ឡូយ សុផាត មនុស្សពាក់ព័ន្ធនៅក្នុងរដ្ឋសភាទាំងអស់ មិនទាន់ត្រូវបានធ្វើតេស្តពិនិត្យសុខភាពនៅឡើយទេ ប៉ុន្តែលោកថា នឹងត្រូវធ្វើតេស្តពិនិត្យសុខភាពនៅបរិវេណវិមានរដ្ឋសភានៅរសៀលថ្ងៃនេះ។
លោក ប៉េងឡុង បានឱ្យដឹងផងដែរថា បន្ទាប់ពីធ្វើតេស្តហើយ សមាជិកសភានិងមន្ត្រីទាំងអស់ដែលពាក់ព័ន្ធនឹងលោក ឡូយ សុផាត នឹងតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះឬនៅតាមមណ្ឌលចត្តាឡីស័កដែលត្រូវបានរៀបចំដោយរដ្ឋ។
គិតត្រឹមថ្ងៃនេះ មនុស្ស១៧នាក់ហើយត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីកម្ពុជាបានរកឃើញករណីឆ្លងក្នុងសហគមន៍លើកដំបូងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន នៅពេលដែលភរិយាលោក ឆែម សាវុធ ត្រូវបានរកឃើញផ្ទុកជំងឺកូវីដ១៩៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។