កូរ៉ូណាវីរុស | ព័ត៌មានជាតិ
លោកស្រី ពេជ្រ សុធារី | ០៤ ធ្នូ ២០២០ |ម៉ោង ០៧:៥៣
VOD

មន្ត្រីក្រសួងសុខាភិបាល បំពេញការងារករណីកូវីដ១៩។ រូបពី cdc
ក្រសួងសុខាភិបាល រកឃើញមនុស្ស ៤នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងនោះមាន ២នាក់ ជាបុគ្គលិកហាង ឌីមកំព្យូទ័រ និងហាង Pedro នៅផ្លូវព្រះសីហនុ រាជធានីភ្នំពេញ។
សេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ឱ្យដឹងថា អ្នកដែលបានឆ្លងជំងឺកូវីដ១៩ ទាំង ៤រូបនោះ រួមមាន បុរសអាយុ ៣៩ឆ្នាំ ជាបុគ្គលិកហាង ឌីមកំព្យូទ័រ ស្ត្រីអាយុ ៣២ឆ្នាំ និងកុមារាអាយុ ៣ឆ្នាំ ដែលត្រូវជាប្តី-ប្រពន្ធ និងកូន រស់នៅបុរីលឹម ឈាង ហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងបុរសអាយុ ២២ឆ្នាំ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ រាជធានីភ្នំពេញ។
ក្រសួងបញ្ជាក់ដែរថា បុរសអាយុ ៣៩ឆ្នាំ និងភរិយាអាយុ៣២ឆ្នាំ រួមទាំងកុមារាអាយុ៣ឆ្នាំ ដែលឆ្លងជំងឺកូវីដ១៩នោះ ត្រូវជាបងប្អូនជីដូនមួយ និងក្មួយរបស់អ្នកជំងឺកូវីដ១៩ ដែលបានរកឃើញកាលពីថ្ងៃទី០២ខែធ្នូ។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះ ក្រសួងបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា មកដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ ចំនួន ៩ ៧៩៣នាក់ ក្នុងនោះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ២៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ដោយសារមានការកើនឡើងនូវចំនួនអ្នកជំងឺកូវីដ១៩ ដែលមានការចម្លងបន្តគ្នាពីកន្លែងមួយទៅកន្លែងមួយនោះ ក្រសួងសុខាភិបាល បានក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ជាពិសេសអ្នកដែលប៉ះពាល់អ្នកជំងឺដែលធ្វើការនៅធនាគារកាថេ (ផ្លូវសម្តេចប៉ាន) និងធនាគារចិន(អគារកាណាឌីយ៉ា ផ្លូវព្រះមុនីវង្ស) ត្រូវធ្វើចត្តាឡីស័កឱ្យបានគ្រប់ចំនួន១៤ថ្ងៃ និងអនុវត្តវិធានការការពារខ្លួន កុំឱ្យចម្លងទៅអ្នកដទៃ។
ក្រសួងក៏ណែនាំដល់ប្រជាពលរដ្ឋទូទៅ បន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូឬអាល់កុលឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ជាពិសេសក្នុងកាលៈទេសៈនេះ បើមិនចាំបាច់ កុំដើរចេញក្រៅផ្ទះ។
បើតាមក្រសួងសុខាភិបាល គិតមកដល់ម៉ោង ៧ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៣៥នាក់ ក្នុងនោះព្យាបាលសះស្បើយចំនួន ៣០៤នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣១នាក់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។