ដោយ ខែ សុណង
2020-12-03
RFA

ធនាគារ កាថេ យូណៃធីត (Cathay United Bank) នៅផ្លូវសម្ដេចប៉ាន ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានបិទ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីមានបុគ្គលិកឆ្លងជំងឺកូវីដ១៩។ រូប៖ ពលរដ្ឋ
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ២នាក់ទៀត នៅថ្ងៃទី៣ ធ្នូនេះ ដែលជាករណីឆ្លងរាលដាលក្នុងសហគមន៍។ ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ព្រួយបារម្ភកាន់តែខ្លាំងជុំវិញការកើនឡើងជាលំដាប់នៃអ្នកឆ្លងជំងឺកូវីដ-១៩ នេះ និងស្នើឱ្យរដ្ឋាភិបាលដាក់ចេញវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ករណីថ្មី ២នាក់ទៀត ដែលជាការឆ្លងរីករាលដាលក្នុងសហគមន៍ចេញពីព្រឹត្តិការណ៍ ២៨ វិច្ឆិកា។
ក្រសួងឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៣ ធ្នូថា អ្នកជំងឺទាំងពីរនោះ ម្នាក់ជាបុរសអាយុ២៣ បម្រើការនៅធនាគារចិន ដែលមានទីតាំងស្ថិតក្នុងអាគារកាណាឌីយ៉ា។ ចំណែក ម្នាក់ទៀតជាស្ត្រីអាយុ ២១ ឆ្នាំ គឺជាបុគ្គលិកធនាគារមួយកន្លែងទៀត ក្នុងរាជធានីភ្នំពេញ។ អ្នកជំងឺទាំងពីរ គឺជាបងប្អូនបង្កើតនឹងគ្នា។
ក្រោយរកឃើញករណីថ្មីទាំងពីរនេះ អាជ្ញាធរបានសម្រេចបិទទីតាំងអគារកាណាឌីយ៉ាទាំងមូល និងសាខាធនាគារឯកជនមួយកន្លែងទៀតនៅផ្លូវសម្តេចប៉ាន ក្នុងរាជធានីភ្នំពេញ ជាបណ្ដោះអាសន្នសិន ដើម្បីពិនិត្យសុខភាពអ្នកពាក់ព័ន្ធនៅតាមទីតាំងទាំងនោះ និងដាក់ឱ្យពួកគេធ្វើចត្តាឡឺស័ករយៈពេល១៤ ថ្ងៃ។
ចាប់តាំងពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃទី០២ ធ្នូ ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២៨ វិច្ឆិកា បានជាង៨ ពាន់នាក់ (៨.៧៦៦) ក្នុងនោះអ្នកឆ្លងកូវីដ-១៩ មានចំនួន១៩ នាក់។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងរដ្ឋសភា ជាច្រើននាក់ មានដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ប្រធានរដ្ឋសភា លោក ហេង សំរិន អនុប្រធានរដ្ឋសភាទី១ លោក ងួន ញ៉ិល និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត កំពុងបន្តធ្វើចត្តាឡឺស័កបន្ទាប់ពីមន្ត្រីទាំងនោះបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក ឆែម សាវុធ ដែលកំពុងមានផ្ទុកជំងឺកូវីដ-១៩ ។
ជុំវិញការកើនឡើងជាលំដាប់នៃចំនួនអ្នកឆ្លងរាលដាលក្នុងសហគមន៍នេះ ប្រជាពលរដ្ឋសម្តែងក្តីបារម្ភកាន់តែខ្លាំងអំពីសុវត្ថិភាព ជីវភាពរបស់ពួកគាត់ដែលកំពុងជួបការលំបាក។
អាជីវករ នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ លោកស្រី ហែម សិរីសោភា បារម្មណ៍ថា ការចម្លងចូលសហគមន៍អាចនឹងរីករាលដាលខ្លាំងជាងនេះ ហើយកាន់តែអសុវត្ថិភាពក្នុងការចេញពីផ្ទះ ប្រកបមុខរបរ ហើយកូនៗ លោកស្រីក៏ត្រូវផ្អាកការសិក្សាមួយរយៈ ដោយសារបារម្ភខ្លាចឆ្លងជំងឺនេះ។ ។ លោកស្រីត្អូញត្អែរថា លោកស្រីជំពាក់បំណុលធនាគារ និងការចំណាយផ្សេងៗជាច្រើនទៀតនៅក្នុងផ្ទះ ដែលធ្វើឲ្យលោកស្រីពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងត្រឡប់ ឬចាយវាយនោះទេ ប្រសិនបើវិបត្តិជំងឺកូវីដ-១៩នេះ អូសបន្លាយរយៈពេលយូរ៖ «អារឿងអស់ហ្នឹងបង តែងតែគិត តែងតែខ្លាចហើយ តែរោងចក្របិទអីអញ្ចឹងអ្នករកស៊ីក៏ពិបាក អត់មានអីត្រូវរកស៊ី អត់មានអីត្រូវលក់ដាច់ឲ្យទៅខាងណាខាងណីទេ។ អ៊ីចឹងអាហ្នឹងសុទ្ធតែការព្រួយបារម្ភហើយ។ សង្ឃឹមថា អាយើងបារម្ភហ្នឹងវាអត់អាចកើតឡើងទេណាបង។ ចេញក្រៅគឺខ្ញុំពាក់ម៉ាស់ មានអាល់កុល មានជែលអីនៅជាប់ខ្លួនរហូត ប៉ុន្តែអត់សូវចេញក្រៅទេ អត់ទៅផ្សារទេ។ ហើយអ្វីដែលអត់សំខាន់អត់ចាំបាច់ក៏ខ្ញុំអត់ចេញទៅដែរអ៊ីចឹងហ្អាស៎! តែគ្រាន់តែវាពិបាកនៅក្នុងផ្ទះហ្នឹងរហូតដោយសារតែឥឡូវវារៀងខ្លាំង ចាំថាវារៀងស្ងប់ស្ងាត់បន្តិចបានខ្ញុំចេញរកស៊ីវិញដែរអ៊ីចឹងណាបង»។
ចំណែក ពលរដ្ឋ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ លោកស្រី ទឹម បុប្ផា រៀបរាប់អំពីទុក្ខលំបាកថា បញ្ហាជំងឺកូវីដ-១៩ដែលអូសបន្លាយជាយូរមកហើយនេះ ធ្វើឲ្យលោកស្រីបាត់បង់ការងារ ដោយសារក្រុមហ៊ុនក្ស័យធន់ និងជួបការលំបាកក្នុងជីវភាពគ្រួសារជាខ្លាំង។ លោកស្រីលើកឡើងថា ការរីករាលដាលចូលដល់ក្នុងសហគមន៍នេះ លោកស្រីពុំហ៊ានចេញទៅណាមកណាបានដោយសេរីដូចមុននោះទេ គឺលោកស្រីប្រយ័ត្នជានិច្ច ដោយប្រើប្រាស់ម៉ាស់ ទឹកអាល់កុលលាងដៃ ឬជែលជាដើម។ លោកស្រីបារម្ភថា ក្រសួងការងារអាចនឹងប្រកាសបិទដំណើរការក្រុមហ៊ុន សហគ្រាស រោងចក្រមួយចំនួនទៀត ប្រសិនបើមានការឆ្លងរីករាលដាលខ្លាំងជាងនេះ ហើយកម្មករជាច្រើនទៀតនឹងជួបការលំបាក បាត់បង់ការងារជាដើម។ លោកស្រីស្នើសុំឲ្យក្រសួងការងារចាត់វិធានការឲ្យបានតឹងរឹងជាងនេះបន្ថែមទៀត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឲ្យធ្ងន់ធ្ងរជាងនេះ៖ «ខ្ញុំរាល់ថ្ងៃការពាររហូតដែរហ្នឹង ពាក់ម៉ាស់ បាញ់ទឹកអាល់កុល បារម្ភតែរាលដាលខ្លាចតែមកដល់ម្តុំខ្ញុំ ព្រោះអីវានៅកៀកៗដែរហើយ។ ខ្ញុំមិនចង់ឲ្យមានទេលោកអើយ ក្រោយពិបាក ពិបាករកការងារហើយពិបាករកស៊ីអីទៀត។ ស្ងាត់អស់ហើយហ្នឹង ឥឡូវអត់សូវមានអ្នកដើរទេ។ ប្រជាពលរដ្ឋទាំងអស់គ្នាជួយការពារទាំងអស់គ្នាទៅ កុំឲ្យថា មើលងាយចឹងទៅណា៎!ឲ្យវាឆាប់បាត់ទៅវិញឲ្យឆាប់ៗហ្នឹងទៅវាក៏ល្អទាំងអស់គ្នាដែរ»។
ទាក់ទងរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង មានប្រសាសន៍ថា បញ្ហានៃការចម្លងចូលសហគមន៍នេះ គឺជាក្តីបារម្ភមួយយ៉ាងធំ ហើយមិនអាចកំណត់បានថា វានឹងវិវត្តដល់កំរឹតណាទៀតនោះទេ។ លោកបន្តថា រដ្ឋាភិបាលគួរចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺនេះ និងគួរណែនាំចំពោះមន្ត្រីរដ្ឋាភិបាលឲ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវផងដែរ។ លោកស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ថែរក្សាអនាម័យឲ្យបានខ្ពស់ និងត្រូវពាក់ម៉ាស់ឲ្យបានជាប់ជានិច្ចមុននឹងចេញទៅណាមកណា៖ «មន្ត្រីរដ្ឋាភិបាលជាទូទៅលោកមានទំនាក់ទំនងជាមួយហ្នឹងមនុស្សជាច្រើន ទាំងជាតិ និងអន្តរជាតិនៅក្នុងកិច្ចប្រជុំ ហើយក៏ដូចគ្នាដែរនៅក្នុងការធ្វើដំណើរទៅក្រៅប្រទេស ឬក៏ទៅកំសាន្តអីផ្សេងៗ វាទាំងអស់ហ្នឹងហើយដែលពួកគាត់ហ្នឹងគឺមានហានិភ័យខ្ពស់ទាំងប្រជាពលរដ្ឋដែលគាត់នៅក្នុងចំណោមសហគមន៍ធម្មតាដែលគាត់គ្រាន់តែប្រកបរបររកស៊ីធម្មតាក្នុងការធ្វើស្រែធ្វើចំការហ្នឹង។ ចឹងបើសិនជាកាលដែលមន្ត្រីក៏គាត់គួរតែទទួលការណែនាំ ការរឹតបន្តឹងក្នុងការពាក់ម៉ាស់ ក៏ដូចជាការធ្វើអនាម័យផ្សេងៗ»។
គិតត្រឹមព្រឹកថ្ងៃទី៣ ខែធ្នូ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ៣៣១នាក់ ក្នុងនោះអ្នកបានជាសះស្បើយមានចំនួន ៣០៤នាក់ និងអ្នកកំពុងនៅសម្រាកព្យាបាលមានចំនួន ២៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។