លោក ហ៊ុន សែន ព្រមានបិទទីតាំងលក់អាជីវកម្មដែលមិនអនុវត្តវិធានការការពារកូវីដ

ព័ត៌មានជាតិ
លោក ណាត សុភាព | ០៦ ធ្នូ ២០២០ |ម៉ោង ១០:៥៩
VOD

រូបលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលបង្ហោះលើហ្វេសប៊ុករបស់លោកនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។

រូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបង្ហោះលើហ្វេសប៊ុករបស់លោកនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានបិទទីតាំងអាជីវកម្មទាំងឡាយដែលមិនអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ក្នុងសារសំឡេងផ្សព្វផ្សាយលើហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន បានឱ្យដឹងនៅថ្ងៃនេះថា  ការចម្លងនៅក្នុងហាងសម្លៀកបំពាក់មួយក្នុងរាជធានីភ្នំពេញកន្លងមក គឺបណ្តាលមកពីការអនុវត្តន៍មិនបានត្រឹមត្រូវទៅតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។

ករណីនេះ លោកនាយករដ្ឋមន្ត្រី រំលឹកអភិបាលខេត្ត រាជធានីទាំងអស់ ចុះតាមដានត្រួតពិនិត្យនៅទីតាំងលក់ដូរទាំងអស់ទាំងផ្សារ ទាំងអគារលក់ដូរនានា ហើយផ្តល់ការណែនាំឱ្យពួកគាត់អនុវត្តន៍ឱ្យបានត្រឹមត្រូវនូវវិធានការនានាដែលចេញដោយក្រសួងសុខាភិបាល។ ប្រសិនបើទីកន្លែងនោះមិនព្រមអនុវត្តន៍ទេ ត្រូវប្រើអំណាចរបស់រដ្ឋ បិទហាងនោះជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

បន្ថែមពីនេះលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋាភិបាលក៏បានព្រាងនូវព្រះរាជក្រឹត្យ និងសារលិខិតរួចរាល់ហើយក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីអះអាងថា មិនចង់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះទេ ព្រោះធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាជាប់គាំង ហើយអ្នកដែលរងគ្រោះប្រជាពលរដ្ឋ។

ទោះជាបែបនេះក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវទៅប្រជាពលរដ្ឋឱ្យរួមគ្នាធ្វើតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធិភាពខ្ពស់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles