រដ្ឋា​ភិបាល​​បន្ត​​បិទ​​ការ​​ជួប​ជុំ​​ដែល​​មាន​​មនុស្ស​​ចាប់​ពី​២០​នាក់​ ដើម្បី​​ទប់​ស្កាត់​​ព្រឹត្តិ​​ការណ៍​​សហ​គមន៍​២៨​វិច្ឆិកា​

កូវីដ-១៩ | ព័ត៌មានជាតិ | អភិបាលកិច្ច
លោក ញឹម សុខន |១៥ ធ្នូ ២០២០ |ម៉ោង ១៤:៣០
VOD

បុគ្គលិក​បម្រើការ​ងារ​ក្រុមហ៊ុន​ដែល​មាន​ការិយាល័យ​នៅក្នុង​អគា​កា​ណា​ឌី​យ៉ា ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​ការិយាល័យ ក្រោយ​រក​មាន​អ្នក​ឆ្លង​កូ​វីដ១៩ជា​បុគ្គលិក​បម្រើការ​ងារ​នៅក្នុង​អគារ​នេះ នា​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។ (Michael Dickison​)

បុគ្គលិក​បម្រើការ​ងារ​ក្រុមហ៊ុន​ដែល​មាន​ការិយាល័យ​នៅក្នុង​អគា​កា​ណា​ឌី​យ៉ា ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​ការិយាល័យ ក្រោយ​រក​មាន​អ្នក​ឆ្លង​កូ​វីដ១៩ជា​បុគ្គលិក​បម្រើការ​ងារ​នៅក្នុង​អគារ​នេះ នា​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។ (Michael Dickison​)


​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឱ្យ​បន្ត​បិទ​ការ​ជួបជុំដែល​មាន​មនុស្ស​ចាប់ពី២០​នាក់ឡើង​ទៅ ដូច​ស្ថានភាព​បច្ចុប្បន្ន ដើម្បី​រក្សាសុខ​ភាព​សាធារណៈ ខណៈ​លោក​ថា បញ្ហា​មួយចំនួន រួម​ទាំង​អ្នក​ប៉ះពាល់​ព្រឹត្តិ​ការណ៍​ឆ្លង​សហគមន៍២៨វិច្ឆិកា នៅ​មិនទាន់​បង្ហាញខ្លួន​អស់​នៅឡើយ។

ភ្លាម​ៗក្រោយពី​ផ្ទុះឡើង​នូវ​ការ​ឆ្លង​ជំងឺ​កូ​វី​ដក្នុង​ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា រដ្ឋាភិបាលធ្លាប់​បាន​ស្នើ​ឱ្យ​ផ្អាក​ការ​ជួបជុំ​មនុស្ស​ចាប់ពី២០នាក់​ឡើង​ទៅ ក្នុង​នោះមាន​ទាំង​មង្គលការ ពិធីបុណ្យ​តាម​បែប​សាសនា និង​ការ​ជួបជុំ​កម្ម​វិ​ធី​ផ្សេង​ៗ ដោយ​ផ្តោត​សំខាន់​នៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​នេះ។

ផ្សាយ​ផ្ទាល់​ពិសេស​នៅ​ថ្ងៃអង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍​ថា កម្ពុជា​អាច​គ្រប់គ្រង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា​បាន​ហើយ ក៏ប៉ុន្តែ​មិនទាន់​អាច​បញ្ចប់​បានទេ ដោយ​ថា​ រដ្ឋាភិបាល​ត្រូវការ​ពេល​បន្ថែម​ទៀត ដើម្បី​ធានា​ថា ​កូ​វីដ១៩ដែល​បាន​ឆ្លង​ចូល​សហគមន៍២៨វិច្ឆិកា​ បាន​ផុត​រលត់ពិត​ប្រាកដ។

លោក​បាន​គូសបញ្ជាក់​ថា បញ្ហា​ទំា​ងនោះ ដូចជា សំណាក​មួយចំនួន​មិនទាន់​ធ្វើតេស្ត​អស់ អ្នក​ឆ្លង​កូ​វីដ​ខ្លះ​នៅ​មិនទាន់​ប្រាប់​អស់​ថាខ្លួន​បាន​ដើរទៅ​ដល់ទី​ណាខ្លះ​មុន​រក​ឃើញ​រោគសញ្ញា អ្នក​ប៉ះពាល់​ខ្លះទៀតមិនទាន់​ហ៊ាន​បង្ហាញមុខ​នៅឡើយ និង​អ្នក​ធ្វើ​ចត្តាឡីស័​កខ្លះ​មិនទាន់​ដល់​ថ្ងៃ​ធ្វើតេស្ត​លើក​ទី២និង​លើក​ទី៣នៅឡើយ គិត​ត្រឹម​ថ្ងៃទី១៤ ខែធ្នូ​នេះ។

លោក​ថា៖ «ក្នុងនាម​រាជរដ្ឋាភិបាល សុំ​ការយោគយល់​ពី​ព្រះសង្ឃ​ពី​ប្រជាពលរដ្ឋ ដើម្បី​សុំ​រក្សា​ស្ថានភាព​ដូចសព្វថ្ងៃ​មួយ​រយៈ ដើម្បី​ធានា​ឱ្យ​ប្រាកដ​ថា​ កូ​វីដ១៩ដែល​បាន​ឆ្លង​ចូល​សហគមន៍២៨វិច្ឆិកា បាន​ផុតរលត់​ពិតប្រាកដ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា»។

លោក​បាន​ក្រើនរំឭកដែរ​ថា៖ «ពេលនេះ​យើង​ត្រូវ​ជ្រើសរើស​ហើយ រវាង​ការ​ឆ្លង​មក​លើ​ខ្លួន​យើង ការ​ស្លាប់ ការ​រីក​រាលដាល​ក្នុង​សហគមន៍ ជាមួយ​នឹង​ការកម្សាន្ត​សប្បាយ​សម្រាប់​ណូអែល​ និង​បុណ្យចូលឆ្នាំ ​[ឆ្នាំ​សកល​]»។

លោកនាយក​រដ្ឋមន្ត្រី ក៏​ចេញ​បញ្ជា​ទៅ​ក្រសួងសុខាភិបាល ឱ្យ​បញ្ជូន​សម្ភារនិង​បរិ​ក្ខារ​វេ​ជ្ជសាស្ត្រ​សង្គ្រោះ ទៅកាន់​មន្ទីរ​សុខាភិបាលនៅ​តាម​បណ្តា​រាជធានី-ខេត្ត រួម​ទាំង​បង្កើន​សមត្ថភាព​គ្រូពេទ្យនិង​ចំនួន​គ្រូពេទ្យ ដើម្បី​ត្រៀម​ឆ្លើយតបក្នុងករណី​ដែល​មាន​ផ្ទុះឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាយថាហេតុ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles