ដោយ សុជីវី
2020-12-14
RFA

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រូប៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
កងរាជអាវុធហត្ថខេត្តស្វាយរៀង សម្រេចបញ្ជូនមនុស្ស ៤នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនបាន តាមរយៈខ្សែបណ្ដាញនៅខេត្តស្វាយរៀង និងនៅភ្នំពេញ ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៤ ធ្នូ ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀន ជិត ១០គីឡូក្រាម។ សង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរអនុវត្តច្បាប់ ឲ្យតឹងរ៉ឹង ដើម្បីបង្ក្រាបឈ្មួញគ្រឿងញៀនឲ្យរាងចាល។
អ្នកនាំពាក្យតុលាការខេត្តស្វាយរៀង លោក ទេព ផល្លា ប្រាប់អាស៊ីសេរីថា សំណុំរឿងគ្រឿងញៀននេះ កំពុងស្ថិតនៅដំណាក់កាលតំណាងអយ្យការ ដោយសារប៉េអិម ទើបបានបញ្ជូនជនសង្ស័យ មក នៅព្រឹកថ្ងៃទី១៤ ធ្នូ។ លោកថា តំណាងអយ្យការមិនទាន់សម្រេចបែបណានៅឡើយទេ៖ «រឿងហ្នឹង អាវុធទើបបញ្ជូនពីព្រឹកមិញទេ។ នីតិវិធីនៅព្រះរាជអាជ្ញាលោកកំពុងធ្វើការ។ ការចោទប្រកាន់នៅទេ»។
ជនសង្ស័យទាំង ៤នាក់ មានបុរសម្នាក់ អាយុ ៥៩ឆ្នាំ ជាជនជាតិចិន មុខរបរជាបុគ្គលិកកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) នៅភ្នំពេញ ជនជាតិវៀតណាម ២នាក់ ម្នាក់ប្រុស ម្នាក់ស្រី មានមុខរបរមិនប្រាកដ និងបុរសជនជាតិខ្មែរម្នាក់ អាយុ២៨ឆ្នាំ ឈ្មោះ តាម សុធាណា មុខរបរជាកម្មករ នៅខេត្តស្វាយរៀង។
ជនសង្ស័យជាជនជាតិចិន និងជនជាតិវៀតណាម ត្រូវបានចាប់ខ្លួន នៅភ្នំពេញ។ ឯជនសង្ស័យជនជាតិខ្មែរ ចាប់ខ្លួននៅម្ដុំកាស៊ីណូ ក្នុងសង្កាត់បាវិត ខេត្តស្វាយរៀង។ អ្នកទាំង៤ ត្រូវបាន សមត្ថកិច្ចតាមស្រាវជ្រាវ និងចាប់ខ្លួន ជាបន្តបន្ទាប់ តាំងពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១១ ធ្នូ។
របាយការណ៍របស់សមត្ថកិច្ច បង្ហាញថា កាលពីថ្ងៃទី៧ ធ្នូ ជនសង្ស័យម្នាក់ ដែលជាជនជាតិវៀតណាម បានហក់ចោលម៉ូតូ កំពុងបើកបរ រត់គេចខ្លួនបាត់ នៅពេលឃើញប៉េអិមជិះល្បាត នៅម្ដុំផ្សារប្រសូតិ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ជនជាតិវៀតណាមនោះ បានបន្សល់ទុកបាវមួយ មានគ្រឿងញៀន ចំនួន ៩កញ្ចប់ ដែលមានទម្ងន់សរុបជិតដប់ (៩,០៨២ក្រាម) គីឡូក្រាម។
សមត្ថកិច្ចបានស្រាវជ្រាវ ហើយបានតាមចាប់ខ្លួនជនសង្ស័យនៅភ្នំពេញ និងខេត្តស្វាយរៀង ជាបន្តបន្ទាប់។
អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ដែលតាមដានករណីនេះ ឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ច និងតុលាការ បានសហការគ្នា ពង្រីកវិសាលភាពស៊ើបអង្កេត សំណុំរឿងគ្រឿងញៀនមួយនេះ។
លោកសង្កេតឃើញថា មួយរយៈចុងក្រោយនេះ គ្រឿងញៀន ត្រូវបាននាំចូលពីប្រទេសជិតខាង មានថៃ និងវៀតណាម គួរឲ្យសម្គាល់ ហើយអាជ្ញាធរ ក៏បង្ក្រាបខ្លាំងដែរ តែមិនថមថយទេ។ លោក បន្តថា អ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់ នៅតែបន្តមានច្រើនដដែល ហើយកំណើនចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ក៏នៅតែច្រើន៖ «ផ្ដោតសំខាន់ទៅលើនីតិវិធីច្បាប់ ឲ្យច្បាប់ហ្នឹងធ្វើយ៉ាងម៉េច អនុវត្តកាត់ទោសទៅតាមហ្នឹងទៅ យើងគិតថា បទល្មើសគ្រឿងញៀនត្រូវថយហើយ។ តែបើយើងមិនអាចអនុវត្តទៅតាមច្បាប់ឲ្យបានត្រឹមត្រូវទេ អ្នកដែលចាប់ទៅគាត់មានលុយច្រើន គាត់រួចនៅអត់បានយូរអ៊ីចឹង។ យូរតែអ្នកកំប៉ិកកំប៉ុក ជួញដូរអីតិចតួចអ៊ីចឹង។ អ្នកដែលរកស៊ីធំ វាអត់ខ្លាចទេ។ វាថាចាប់ទៅ តែប៉ុន្មានរួច។ បទល្មើសវាអត់ថយទេ ត្រូវពង្រឹងលើនីតិវិធីហ្នឹង ជាប់ទោសប៉ុន្មានឆ្នាំយើងកាត់ទៅតាមហ្នឹង។ អ៊ីចឹង! វាអាចរៀងចាលហើយ»។
របាយការណ៍របស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៥ ខែធ្នូ សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀន បានជិតមួយម៉ឺន (៩.៧០៩) ករណី ឃាត់ខ្លួនមនុស្សជិតពីរម៉ឺន (១៩.៨១៨) នាក់ ក្នុងនោះស្ត្រី មានជាងមួយពាន់ (១.២១៧) នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។