សកម្មជន​បរិស្ថាន​រិះគន់​របប​លោក ហ៊ុន សែន ថា កំពុង​ទទួល​រង​នូវ​ភាព​អាម៉ាស់ និង​បរាជ័យ​ក្នុង​វិស័យ​ប្រេងកាត

ដោយ ឡេង ម៉ាលី
2021-06-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​បរិស្ថាន​រិះគន់​របប​លោក ហ៊ុន សែន ថា កំពុង​ទទួល​រង​នូវ​ភាព​អាម៉ាស់ និង​បរាជ័យ​ក្នុង​វិស័យ​ប្រេងកាត

ស្ថានីយ​បូម​ប្រេង​របស់​ក្រុមហ៊ុនប្រេង​ គ្រី​ស ​អែ​ណឺ​ជី​ (Kr​i​s​ Energy​) នៅ​ខេត្ត​ព្រះសីហនុ ដែលបូមបានតំណក់ប្រេងដំបូងនៅកម្ពុជា កាលពី​ចុង​ឆ្នាំ២០២០ តែ​ឥឡូវប្រកាស​ក្ស័យធន​។ រូប៖ Kr​i​s​ Energy​


សកម្មជន​បរិស្ថាន​មិន​រំពឹង​ថា​ធនធាន​​ប្រេង​កាតអាច​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ និងផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ នោះ​ឡើយ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រញ៉ាប់ប្រញាល​រៀបចំ​ពិធី​ប្រគល់ ទទួល​កែវ​ផ្ទុក​ប្រេង​ដំណក់​លើក​ដំបូង​របស់​កម្ពុជា​ភ្លាមៗ ក្រោយ​ពេល​ក្រុមហ៊ុន​បូម​ប្រេង ​គ្រីស អែណឺជី (Kris Energy) បាន​ប្រកាស​ក្ស័យ​ធន។ ពួក​គេ​អះអាង​ថា របប​លោក ហ៊ុន សែន កំពុង​ទទួល​រង​ភាព​អាម៉ាស់​និង​បរា​ជ័យ​ក្នុង​វិស័យ​ប្រេង​កាត។

របប​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៩ មិថុនា ប្រញាប់ប្រញាល់​រៀបចំ​ពិធី​តម្កល់​កែវ​ផ្ទុក​ប្រេង​ដំណក់​ដំបូង​របស់​កម្ពុជា ដែល​រក​ឃើញ​ដោយ​ក្រុមហ៊ុន គ្រីស អែណឺជី (Kris Energy) នៅ​ចុង​ឆ្នាំ២០២០ ពេល​ដែល​ក្រុម​ហ៊ុន​ប្រេង​នេះ​ប្រកាស​ក្ស័យ​ធន។

សកម្មជន​បរិស្ថាន​យល់​ថា នេះ​គឺ​ជា​សញ្ញា​អវិជ្ជមាន​សម្រាប់​វិស័យ​ប្រេង​កាត​នៅ​កម្ពុជា ដែល​បង្ហាញ​ពី​ភាព​អា​ម៉ាស និង​បរា​ជ័យ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​តែងតែ​យក​បញ្ហា​ប្រេងនេះ ធ្វើ​ជា​យុទ្ធនាការ​អួតអាង​ពី​ជោគជ័យ​នៃ​ការ​គ្រប់គ្រង​ប្រទេស​ក្រោម​ម្លប់ «សន្តិភាព» របស់​បក្ខពួក​ខ្លួន។

ស្ថាបនិក​អង្គការ​មាតា​ធម្ម​ជាតិ​លោក អាឡិច​ហាន់​ដ្រូ ហ្កន់​ហ្សា​ឡេស ដេវីដសុន (Alejandro Gonzalez-Davidson) ​ហួស​ចិត្ត​ដែល​របប​លោក ហ៊ុន សែន រៀប​ចំ​ពិធី​ប្រគល់ និង​ទទួល​ប្រេង​ដំណក់​ដំបូង​របស់​កម្ពុជា​នេះ ប្រជែង​គ្នា​ក្នុង​ពេល​ដែល​ក្រុម​ហ៊ុន​វិនិយោគ​លើ​វិស័យ​នេះ​បាន​ប្រកាស​ក្ស័យ​ធន។ លោក​មិន​សង្ឃឹម​ថា​ក្រុម​ហ៊ុន​បូម​ប្រេង​កាត​នៅ​កម្ពុជា​អាច​ដំណើរ​ការ​ទៅ​មុខ​នោះ​ទេ ព្រោះ​ប្រេង​កាត​នៅ​កម្ពុជា​តិច ហើយ​បច្ចុប្បន្ន​តម្លៃ​ប្រេង​កាត​លើ​ទី​ផ្សារ​ក៏​ទាប​ទៀត​ផង។ លោក​ហៅ​ដំណក់​ប្រេង​កាត​ដំបូង​របស់​រដ្ឋាភិបាល​ដែល​ប្រកាស​ប្រាប់​គេ​ឯង​នោះ ថា អាច​នឹង​ក្លាយ​ជា​ដំណក់​ប្រេង​កាត​ចុង​ក្រោយ​របស់​របប​លោក ហ៊ុន សែន៖ «មិន​ឃើញ​ចំណុច​ណា​មួយ​ដែល​មោទនភាព ឬ​ដែល​មាន​ពរជ័យ​អី​សម្រាប់​ប្រជា​ជន​ខ្មែរ​ទេ គឺ​មាន​តែ​រឿង​អាម៉ាស៣៣ ប៉ុន្តែ​មិន​មែន​អាម៉ាស់​សម្រាប់​កម្ពុជា ហើយ​ក៏​មិន​មែន​អា​ម៉ាស​ដល់​ប្រជា​ជន​ខ្មែរ​ទេ គឺ​អាម៉ាស់​ដល់​របប​លោក ហ៊ុន សែន ហើយ​ប្រសិន​ជា​លោក ហ៊ុន សែន នៅ​មាន​សេចក្ដី​ថ្លៃ​ថ្នូរ គាត់​ចង់​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​រឿង​ហ្នឹង​គឺ​គាត់​សុំ​ទោស​ដល់​ប្រជាជន​ខ្មែរ ហើយ​មក​ស្រាយ​ឱ្យ​ក្បោះ​ក្បាយ តើ​ហេតុ​អ្វី​ប៉ុន្មាន​ខែ​មុន​យើង​ថា នឹង​មាន​លុយ​ប៉ុណ្ណេះៗ លាន យើង​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ផលិត​ប្រេង​កាត​បែរ​ឥឡូវ​ក្រុម​ហ៊ុន​គ្រីស អែណឺជី ក្ស័យ​ធន»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អគ្គ​នាយកដ្ឋាន​ប្រេង​កាត នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក ជៀប សួរ ដើម្បី​សុំ​ការ​បក​ស្រាយ​​​ជុំវិញ​រឿង​​​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៩ មិថុនា ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​រវល់។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ថ្លែង​ទទួល​ស្គាល់​នៅ​ក្នុង​ពិធី​ប្រគល់​ទទួល​ដំណក់​ប្រេង​ដំបូង​ថា ដំណើរ​ការ​ទាញ​យក​ប្រេង​កាត​នេះ​អាច​ជួប​បញ្ហា​ខ្លះ ប៉ុន្តែ លោក​ថា អាច​ដោះស្រាយ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង។ បន្ថែម​ពី​នេះ លោក​ឆ្លៀត​ចោទ​ប្រកាន់​អ្នក​ដែល​មាន​មតិ​ផ្ទុយ​រដ្ឋាភិបាល​ថា​រក​មធ្យោបាយ​ប្រឌិត​រឿង បំផ្លិច​បំផ្លាញ និង​រារាំង​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជា​ដើម៖« មាន​អ្នក​បក​ស្រាយ​ផ្ទុយ​ដើម្បី​បំផ្លិច​បំផ្លាញ ឬ​ក៏​មាន​មហិច្ឆតា​រារាំង​នូវ​ការ​អភិវឌ្ឍ ការ​រីក​ចម្រើន​របស់​ប្រទេស​យើង ដែល​គេ​តែងតែ​ឃើញ​ថា​ជា​ផល​ប្រយោជន៍​នៃ​ការ​បំផ្លិច​បំផ្លាញ​ជាតិ​បាន​គេ​ធ្វើ​ហើយ »

ទោះ​យ៉ាង​ជា​​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​បាត់​ដំបង លោកស្រី ធុយ គឹមល័ក្ខ ប្រាប់​ថា លោកស្រី​ក៏​តាម​ដាន​រឿង​បូម​ប្រេង​នៅ​កម្ពុជា​ដែរ ដោយ​លោក​ស្រី​សង្កេត​ឃើញ​ថា​រដ្ឋាភិបាល​នៅ​មិន​ទាន់​បង្ហាញ​លទ្ធផល​ជាក់​ស្ដែង​ដូច​ការ​អះ​អាង​ដល់​ពលរដ្ឋ​នៅ​ឡើយ​ទេ៖ «ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ខ្ញុំ​ចង់​ឱ្យ​គាត់​បង្ហាញ​ជាក់​ស្ដែង​ពី​ដំណក់​ប្រេង​ដែល​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ឱ្យ​ជាក់​ស្ដែង​មក សំខាន់​ប្រជាពលរដ្ឋ​រាល់​ថ្ងៃ​ទិញ​ប្រេង​មក​សម្រាប់​ធ្វើ​ការ បើ​ប្រទេស​យើង​បាន​ប្រេង​នឹង​ទទួល​ផល​បាន តែ​អត់​បាន​អ៊ីចឹង​នៅ​ដដែល​អ៊ីចឹង»

ដោយ​ឡែក​សមាជិក​បណ្ដាញ​យុវជន​កម្ពុជា លោក សាន់ ម៉ាឡា មើល​ឃើញ​ថា​ក្រុម​ហ៊ុន​ប្រេង គ្រីស អែណឺជី (Kris Energy) ប្រកាស​ក្ស័យ​ធន​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​មុខ​មាត់​របស់​រដ្ឋាភិបាល ខណៈ​រដ្ឋាភិបាល​កំពុង​មោទនភាព និង​អបអរ​សាទរ​ចំពោះ​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា។ លោក​យល់​ថា រដ្ឋាភិបាល​គួរ​ចាប់​ផ្ដើម​កិច្ច​សន្ទនា​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ឡើង​វិញ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព និង​តម្លាភាព ជា​ពិសេស នឹង​សម្រេច​ចិត្ត​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុម​ហ៊ុន​វិនិយោគ​លើ​វិស័យ​ប្រេង​កាត​ណា​មួយ​នៅ​កម្ពុជា៖ «វា​ធ្វើ​ឱ្យ​យើង​កើត​ជា​ការ​ងឿង​ឆ្ងល់​អំពី​នីតិ​វិធី​បែប ឬ​ក៏​របៀប​ដែល​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​នេះ​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម​ប្រេង ថា​តើ​រដ្ឋាភិបាល​បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​បាន​ច្បាស់​លាស់ ឬ​ក៏​មានការ​សម្រេច​ចិត្ត​ខ្វះ​ចន្លោះ​ណា​មួយ​ដែល​ទេ ព្រោះ​តាម​ដឹង​ក្រុម​ហ៊ុន​នេះ​មាន​រឿង​អាស្រូវ​ជា​ច្រើន»

ក្រសួង​រ៉ែ និង​ថាមពល​ធ្លាប់​លើក​ឡើង​ថា កម្ពុជា​គ្រោង​នាំ​ចេញ​ប្រេង​ឆៅ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុង​ដំណាក់​កាល​ដំបូង ក្នុង​បរិមាណ​ពី ២៧ម៉ឺន ទៅ ៣០ម៉ឺន​បារោះល កាល​ពី​ចុង​ខែឧសភា។ ក៏ប៉ុន្តែ ជាក់ស្ដែង ទិន្នផល​ប្រេង​​នៅ​​ឈូង​សមុទ្រ​ខ្មែរ បូម​បាន​មិន​ដល់ ៣ពាន់​ធុង (២.៨៨៣ធុង) ផង ក្នុង​មួយ​ថ្ងៃ។ ចំនួន​នេះ​តិច​ជាង​ការ​រំពឹង​ទុក​ជាង​ពាក់​កណ្ដាល។ ដំបូង ភាគី​ក្រុមហ៊ុន គ្រីស អែណឺជី អះអាង​ថា ​នឹង​​អាច​​ផលិត​បាន​ប្រេង ៧.៥០០ធុង​ក្នុង​មួយ​ថ្ងៃ។ ក៏ប៉ុន្តែ ក្រុមហ៊ុន​នេះ​បាន​​ប្រកាស​​ក្ស័យ​ធន​កាល​ពី​ថ្ងៃ​ទី៤ ខែមិថុនា ដោយ​សារ​រក​ឃើញ​បរិមាណ​ប្រេង​តិច និង​គ្មាន​លទ្ធភាព​​សង​បំណុល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles