កូវីដ-១៩ | ព័ត៌មានជាតិ | សុខភាព
លោក សេង ថៃ |០៧ សីហា ២០២១ |ម៉ោង ១៤:១១
VOD

វ៉ាក់សាំង AstraZeneca ដឹកដល់ខេត្តបន្ទាយមានជ័យនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលបានប្រកាសថា ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញ AstraZeneca ដល់មន្ត្រីរាជការ គ្រូពេទ្យ និងកងទ័ពជួរមុខ ដែលស្ថិតនៅក្នុងខេត្តជាប់ព្រំដែនចំនួន ៧ នឹងធ្វើឡើងព្រមៗគ្នា នៅថ្ងៃទី៨ ខែសីហា ស្អែកនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី៧ ខែសីហានេះ បានអំពាវនាវឱ្យអភិបាលខេត្ត និងប្រធានមន្ទីរសុខាភិបាលខេត្តទាំង៧ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ រៀបចំទីតាំងនិងគ្រូពេទ្យដើម្បីត្រៀមចាក់វ៉ាក់សាំងដូសទី៣ ឬ ដូសជម្រុញប្រភេទ AstraZeneca ដល់មន្ត្រីរាជការ និងកងកម្លាំងនៅជួរមុខទាំងអស់ចាប់ពីថ្ងៃទី៨ ខែសីហា តទៅ។ ការចាក់វ៉ាក់សាំងដូសទី៣ ឬ ដូសជម្រុញនេះ ដំបូង គឺសម្រាប់ក្រុមគ្រូពេទ្យជួរមុខ និងមន្ត្រីរាជការ កងទ័ព មន្ត្រីជាប់កិច្ចសន្យា គ្រួសារកងទ័ព កងនគរបាល និងអតីតយុទ្ធជន ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់រួចរាល់ និងកំពុងប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ក្រោយពេលមានពលករខ្មែរត្រឡប់មកពីប្រទេសថៃតែប៉ុណ្ណោះ។
បើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ការដឹកជញ្ជូនវ៉ាក់សាំង AstraZeneca នេះនឹងទៅដល់ខេត្តទាំង៧ នៅថ្ងៃទី៧ ខែសីហានេះ តាមរយៈឧទ្ធម្ភាគចក្រ២គ្រឿងរបស់រដ្ឋាភិបាលកម្ពុជា៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។