ដោយ ខែ សុណង
2021-09-17
RFA

តំណាងប្រជាពលរដ្ឋក្នុងជម្លោះដីធ្លីនៅខេត្តស្វាយរៀងអ្នកស្រី ឥន្ទ សូត្រ និងអ្នកស្រី យស់ សោភ័ណ្ឌ ដែលត្រូវបានតុលាការដោះលែងនៅក្រៅឃុំវិញកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
តំណាងសហគមន៍ចេកមាសពីរនាក់ ស្នើដល់តុលាការខេត្តស្វាយរៀងឱ្យទម្លាក់ចោលការចោទប្រកាន់លើពួកគាត់ បន្ទាប់ពីតុលាការបានដោះលែងពួកគាត់ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីពេលថ្មីៗនេះ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សក៏ជំរុញឱ្យតុលាការខេត្តស្វាយរៀងទម្លាក់ចោលបទចោទចំពោះពលរដ្ឋទាំងពីរនាក់ដែរ ដើម្បីឲ្យពួកគាត់មានសេរីភាពពេញលេញក្នុងការប្រកបរបរចិញ្ចឹមគ្រួសារ។
តំណាងពលរដ្ឋម្នាក់លោកស្រី យស់ សុភ័ណ្ឌ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែកញ្ញាថា តុលាការបានដោះលែងលោកស្រី និងលោកស្រី ឥន្ទ សូត្រ ឲ្យបានជួបជុំក្រុមគ្រួសារវិញហើយ ក្រោយឃុំខ្លួនពួកលោកស្រីអស់រយៈពេល២០ថ្ងៃ។
លោកស្រីឲ្យដឹងថា ករណីវិវាទដីធ្លីរឿងធ្វើប្រឡាយទឹកនោះ នឹងមិនមានការតវ៉ាពីប្រជាពលរដ្ឋជិត១រយគ្រួសារតទៅទៀតទេ ដោយសារតែអ្នកភូមិចេកមាស ក្នុងឃុំឈើទាល និងអ្នកភូមិធ្នង់ ក្នុងឃុំស្វាយធំ យល់ព្រមផ្ដិតស្នាមមេដៃជូនអាជ្ញាធរមូលដ្ឋាន លក់ដីស្រែពួកគាត់ឲ្យក្រសួងធនធានទឹក ក្នុងតម្លៃដី១ម៉ែត្រការ៉េ ៩រយរៀល។
តំណាងពលរដ្ឋរូបនេះ ស្នើសុំតុលាការខេត្តស្វាយរៀងទម្លាក់ចោលបទចោទលើលោកស្រី និងតំណាងពលរដ្ឋម្នាក់ទៀត ដើម្បីឲ្យពួកលោកស្រីមានសេរីភាពពេញលេញប្រកបរបរចិញ្ចឹមគ្រួសារ៖ «សូមទម្លាក់ចោលនូវបទចោទទាំងអស់ហ្នឹងកុំឲ្យមានការរឹតត្បិតអីបន្តទៀត។ សូមឲ្យនៅក្រៅឃុំហើយ កុំមានបទចោទបន្តទៀតអី ព្រោះពួកខ្ញុំឥឡូវ ដោយសារតែរដូវកូវីដហ្នឹងផង អត់បានចេញទៅរកស៊ីឯណា ជីវភាពកាន់តែយ៉ាប់យ៉ឺនៗទៅ ព្រោះដោយសារតែកូវីដហ្នឹងផង។ ហើយរឹតត្បិតពាក់ព័ន្ធរឿងតវ៉ាដីធ្លីហ្នឹងធ្វើឲ្យពួកយើងកាន់តែវេទនាទៀតឥឡូវនេះ»។
សាលាដំបូងខេត្តស្វាយរៀងបានដោះលែងតំណាងសហគមន៍ចេកមាស២នាក់ គឺលោកស្រី ឥន្ទ សូត្រ និងលោកស្រី យស់ សុភ័ណ្ឌ នៅឲ្យក្រៅបណ្ដោះអាសន្ន កាលពីថ្ងៃទី១៥ ខែកញ្ញា។ ការដោះលែងឱ្យនៅក្រៅឃុំនេះ គឺបន្ទាប់ពីមេធាវីបានដាក់ពាក្យស្នើសុំនៅក្រៅឃុំ ហើយក្រុមគ្រួសាររបស់ពួកគាត់បានបង់ប្រាក់ផាកពិន័យម្នាក់២លានរៀលឲ្យអាជ្ញាធរ ពាក់ព័ន្ធនឹងការជួបជុំគ្នាតវ៉ាដីស្រែ ដែលអាជ្ញាធរចោទថា ល្មើសនឹងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យតុលាការខេត្តស្វាយរៀងលោក ទេព ផល្លា បានទេ ដោយហៅទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ទាក់ទងនឹងរឿងនេះ មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តស្វាយរៀង (Licadho) លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា បទល្មើសប្រឆាំងនឹងតំណាងពលរដ្ឋ២នាក់នេះ គឺជាបទល្មើសស្រាល ដែលតុលាការអាចអនុញ្ញាតឲ្យពួកគាត់អាចនៅក្រៅឃុំបណ្ដោះអាសន្នបាន៖ «បទល្មើស គ្រាន់តែផាកពិន័យគាត់ហ្នឹង វាគ្រប់គ្រាន់ហើយ។ បើយើងនិយាយមែនទែន ទម្លាក់បទព្រហ្មទណ្ឌចោលទៅ យើងផាកពិន័យគាត់។ ជាវិធានការ យើងផាកពិន័យគាត់ទៅ។ ក្នុងមាត្រា១០ហ្នឹងក៏ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌដែរ។ តែបើយើងនិយាយពីទោស វាតូចបំផុត។ អ៊ីចឹង! គាត់មានសិទ្ធិនៅក្រៅឃុំហើយ ទោះបីជាយ៉ាងណា គាត់មានមេធាវី ក៏គេអាចធានាគាត់នៅក្រៅឃុំបានដែរ»។
កាលពីថ្ងៃទី២៧ ខែសីហា សាលាដំបូងខេត្តស្វាយរៀងសម្រេចឃុំខ្លួនតំណាងសហគមន៍ចេកមាស ២នាក់ គឺលោកស្រី ឥន្ទ សូត្រ និងលោកស្រី យស់ សុភ័ណ្ឌ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោមបទចោទតាមមាត្រា១០ និង១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយសារមិនគោរពតាមវិធានការរដ្ឋបាលខេត្ត ដែលបានដាក់ចេញ។
ការចោទប្រកាន់នោះ ធ្វើតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តស្វាយរៀង ក្រោយពីមានពលរដ្ឋប្រមាណ៧០នាក់ បានប្រមូលផ្ដុំគ្នាលើកបដា ដោយមិនពាក់ម៉ាស់ នៅលើដីស្រែពួកគាត់ ដើម្បីទាមទារឱ្យអាជ្ញាធរផ្ដល់សំណងសមរម្យក្នុងជម្លោះដីធ្លី កាលពីថ្ងៃទី២ ខែសីហា។
ពលរដ្ឋជាង១រយគ្រួសារ ដែលរស់នៅអាស្រ័យផលធ្វើស្រែលើដីសរុបជិត ១០០ ហិកតារ តាំងពីឆ្នាំ១៩៧៩ នោះបានស្នើសុំអាជ្ញាធរខេត្តស្វាយរៀង និងក្រសួងធនធានទឹកប្ដូរគោលនយោបាយផ្ដល់សំណងឲ្យពលរដ្ឋពី ៩រយរៀល(៩០០)ក្នុងម៉ែត្រការ៉េ ទៅ ១ម៉ឺន ២ពាន់រៀល ឬ៣ដុល្លារក្នុង១ម៉ែត្រវិញ។ ប៉ុន្តែអាជ្ញាធរបដិសេធសំណើនេះ។
បើទោះបីជាងយ៉ាងណា អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សយល់ថា តុលាការខេត្តស្វាយរៀង គួរទម្លាក់ចោលបទចោទចំពោះតំណាងពលរដ្ឋទាំង២នាក់នេះ ព្រោះថា ប្រជាពលរដ្ឋនាំគ្នាយល់ព្រមទទួលយកសំណងពីអាជ្ញាធរ ដើម្បីបញ្ចប់ជម្លោះដីធ្លីនេះហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។