ដោយ ជុន ច័ន្ទបុត្រ
2021-09-17
RFA

អ្នកជំងឺកូវីដ-១៩ ចំនួន ១១នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យករណីស្លាប់ដោយសារជំងឺនេះកើនឡើងដល់ ២.០៨៩នាក់។ ចំពោះករណីឆ្លងថ្មីវិញ មាន ៦៩៨នាក់ នៅថ្ងៃដដែលនេះ ក្នុងនោះ ១៥១នាក់ ជាករណីនាំចូលពីក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី១៧ កញ្ញា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១សែននាក់ (១០២.៨៣៤) ក្នុងនោះអ្នកជាសះស្បើយមានជាង ៩ម៉ឺននាក់ (៩៦.២៧៥)។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី១៦ កញ្ញា រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ៩លាន ៨សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុប ១០លាននាក់។ ចំណែកកុមារ និងយុវជនដែលមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំវិញ ក្រសួងប្រកាសថា ចាក់វ៉ាក់សាំងបានជាង ១លាន ៧សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុបជិត ២លាននាក់។
រដ្ឋាភិបាលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី ៦ឆ្នាំដល់ ១១ឆ្នាំ នៅថ្ងៃទី១៧ កញ្ញានេះ សម្រាប់រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តកោះកុង ស្របពេលខេត្តទាំង២១ ផ្សេងទៀត ត្រូវចាប់ផ្តើមពីថ្ងៃទី១៨ កញ្ញា ស្អែកនេះតទៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីប្រកាសបើកយុទ្ធនាការ បានណែនាំដល់គណៈកម្មការចាក់វ៉ាក់សាំងឱ្យសិក្សាពីការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ ដែលមានចំនួនប្រមាណ ៩សែននាក់បន្ថែមទៀត ពីព្រោះពួកគេត្រូវចូលរៀនថ្នាក់មត្តេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។