អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​បង្កើត​គោល​នយោបាយ​ជាតិ​គាំពារ​មាតុភាព សម្រាប់​ស្ត្រី​គ្រប់​រូប ដោយ​គ្មាន​ការរើសអើង

ដោយ សុជីវី
2021-09-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​បង្កើត​គោល​នយោបាយ​ជាតិ​គាំពារ​មាតុភាព សម្រាប់​ស្ត្រី​គ្រប់​រូប ដោយ​គ្មាន​ការរើសអើង

រូបតំណាង បង្ហាញ​អំពី​ក្រុមស្ត្រីរើសអេតចាយនៅក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែលមានកូនតូច និង​ (ស្ដាំ) ពលការិនី​រោងចក្រកាត់ដេរ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ផ្ទៃពោះ ចេញ​តវ៉ា​អំពី​លក្ខណ្ឌ​ការងារ កាល​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១៩។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ក្រុម​អង្គការ​សង្គម​ស៊ីវិល​ការពារ​សិទ្ធិការងារ​សម្រាប់​ស្ត្រី ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រព័ន្ធ​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ បង្កើត​គោលនយោបាយ​ជាតិ​គាំពារ​មាតុភាព​ សម្រាប់​ស្ត្រី​គ្រប់រូប ដោយ​គ្មាន​ការរើសអើង។ ការ​អំពាវនាវ​នេះ​បន្ទាប់ពី​អង្គការ​អុកស្វាម (Oxfam) បាន​បិទ​បញ្ចប់​យុទ្ធនាការ​តាម​អនឡាញ ឬ​ហៅ​ថា យុទ្ធនាការ​ឌីជីថល (Digital) ស្ដីពី “កិច្ច​គាំពារ​មាតុភាព”។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ដល់​សាធារណជន និយោជក និង​ម្ចាស់​អាជីវកម្ម និង​អ្នក​បង្កើត​គោលនយោបាយ​ជាតិ រួមគ្នា​ធានា​ឱ្យ​បាន​ថា ស្ត្រី​កម្មករ​ទាំង​អស់ អាច​ទទួល​បាន​ការ​គាំពារ​មាតុភាព​គ្រប់ៗ គ្នា ក្នុង​នោះ ក៏​ត្រូវរាប់បញ្ចូល​ទាំង​ស្ត្រី ដែលធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែរ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កិច្ច​គាំពារ​មាតុភាព​គួរតែ​ត្រូវ​រដ្ឋាភិបាល​ធានា​ផ្ដល់​ឱ្យ​ស្ត្រី​គ្រប់រូប​រួម​ទាំង​ស្ត្រី​ក្នុង​វិស័យ​សេវាកម្ម​កម្សាន្ត​ដែរ។ អ្នកស្រី​ពន្យល់​ថា កិច្ច​គាំពារ​មាតុភាព គឺ​រាប់​ចាប់​តាំង​ពី​មុន​ពេល​ស្ត្រី​មាន​ផ្ទៃពោះ ពេល​មាន​ផ្ទៃពោះ ពេល​សម្រាល​កូន និង​ក្រោយ​ពេល​សម្រាល។ ប៉ុន្តែ​អ្នកស្រី​ថា រហូត​មក​ដល់​បច្ចុប្បន្ន ស្ត្រី​ក្នុង​វិស័យ​សេវាកម្ម​កម្សាន្ត​មិន​ទទួល​បាន​កិច្ច​គាំពារ​ទេ នៅ​គ្រប់​ដំណាក់កាល​ទាំងអស់​នេះ៖ «ស្ត្រី​ផ្នែក​សេវាកម្ម​កម្សាន្ត​ភាគ​ច្រើន​មាន​វ័យ​ក្មេង ប៉ុន្តែ​យើង​មិន​ឃើញ​ស្រី​ណា​មួយ​ធ្វើការ​នៅ​ពេល ដែល​គាត់​មាន​ផ្ទៃពោះ​ទេ ដោយសារ​ទី១ និយោជក​រើសអើង​រួច​ទៅ​ហើយ​ទី១ គឺ​មាន​ផ្ទៃពោះ​មិន​នាំ​សំណាង ឬ​នាំ​ចង្រៃ។ ដំណាក់​កាលទី២ អ្នក​ខ្លះ​គាត់​យក​កូន​ចេញ ដោយសារ​តែ​គាត់​ចង់​បាន​ការងារ។ យើង​សង្វេគ​ខ្លាំង​ណាស់ គឺ​គាត់​ត្រូវ​បង្ខំ​ចិត្ត នៅ​ពេល​គាត់​ទៅ​ធ្វើ​ការ​ពេល​យប់​គាត់​អត់​មាន​អ្នកមើលកូន​ គឺ​គាត់​ចាក់​សោ​កូន​ចោល​ក្នុង​បន្ទប់​ ដើម្បី​គាត់​ទៅ​ធ្វើការ ដោយ​អត់​មាន​នរណា​ជួយ​មើល មាន​ន័យ​ថា គាត់​ទាល់​ដៃ​ទាល់​ជើង។ គាត់​ទិញ​នំ​អី​ទុក​ឱ្យ​កូន​ញ៉ាំ​ទម្រាំ​គាត់​បាន​ត្រឡប់​មក​វិញ។ ការ​ទទួល​ខុស​ត្រូវ​របស់​ម្ដាយ ភាគ​ច្រើន​គេ​បន្ទោស​មក​ពី​ម្ដាយ​ តែ​បើ​ខ្ញុំ​វិញ ខ្ញុំ​បន្ទោស​រដ្ឋ»

បើ​តាម​អ្នកស្រី អ៊ូ ទេពផល្លីន ស្ត្រី​ធ្វើ​ការ​នៅ​ផ្នែក​សេវាកម្ម កម្សាន្ត​ជា​ច្រើន​ម៉ឺន​នាក់​ពុំបាន​ការ​គាំពារ​ពី​រដ្ឋាភិបាល​ទេ ទាំង​ក្នុង​ស្ថានភាព​នៅ​មុន និង​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩។

ចំណែក​ប្រធាន​សមាគម​ប្រជាធិបតេយ្យ ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ មាន​ប្រសាសន៍​ថា ក្រុម​ស្ត្រី​ធ្វើ​ការងារ​ផ្នែក​ក្រៅ​ប្រព័ន្ធ​ផ្សេង​ទៀត ដូច​ជា អ្នក​លក់ដូរ​តាម​ផ្លូវ អ្នក​អូស​រទេះ អ្នក​រើស​សំរាម​ជា​ដើម ភាគ​ច្រើន ក៏​មិន​ទទួល​បាន​ការ​គាំពារ​ពី​រដ្ឋាភិបាល​ដែរ។ លោក​ថា ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ អ្នក​ភាគ​តិច ដែល​ធ្លាប់​ទទួល​បាន​ប័ណ្ណ​សមធម៌​សម្រាប់​ការ​ពិនិត្យ​សុខភាព ឆ្លង​ទន្លេ​ដោយ​មិន​បង់​ប្រាក់ ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល នោះ ក៏​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ផ្ដល់​ឱ្យ​ពួកគេ​តទៅ​ទៀត​ដែរ៖ «តាម​ការ​មើល​ឃើញ កញ្ចប់​ថវិកា​រដ្ឋ​ប្រចាំ​ឆ្នាំ ដែល​រដ្ឋ​រៀបចំ មិន​មាន​រំលេច កញ្ចប់​គាំពារ​សម្រាប់​ស្ត្រី​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​ទេ ចំណុច​ទី១។ ចំណុចទី២ ដោយសារ​គេ​ថា ពួក​យើង​ក្រៅ​ប្រព័ន្ធ​អត់​បាន​បង់​លុយ​ចូល ប..ស ដូច​អ្នក​ក្នុង​ប្រព័ន្ធ ហេតុដូច្នេះហើយ ជា​បញ្ហា​មួយ ដែល​យើង​មិន​បាន​ទទួល​កញ្ចប់​ថវិកា​គាំពារ​មាតុភាព ផ្សេងៗ ទៀត គាំពារ​សុខភាព គាំពារ​កូន​តូចៗ របស់​គាត់ អត់​មាន​មជ្ឈមណ្ឌល​ថែទាំ​កូន ថែទាំ​ក្មេង​អី​ហ្នឹង»

កាលពី​ថ្ងៃ​ទី១៥ ខែកញ្ញា អង្គការ​អុកស្វាម​បាន​បញ្ចប់​យុទ្ធនាការ ដែល​មាន​ចំណងជើង​ថា “កិច្ច​គាំពារ​មាតុភាព” បន្ទាប់​ពី​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​លើ​បញ្ហា​កិច្ច​គាំពារ​មាតុភាព​នៅ​ក្នុង​តំបន់​អាស៊ាន។ យុទ្ធនាការ​នេះ​ចាប់​ផ្ដើម​នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​ទី១ ខែឧសភា។ យុទ្ធនាការ​នេះ​គាំទ្រ​ដល់​ស្ត្រី​កម្មករ​ក្រៅ​ប្រព័ន្ធ និង​ស្ត្រី ដែល​មាន​របរ​ចិញ្ចឹម​ជីវិត ដោយ​ខ្លួន​ឯង ដែល​មាន​ចំនួន​ប្រមាណ ៩០% នៃ​ស្ត្រី​ក្នុង​កម្លាំង​ពលកម្ម​នៅ​កម្ពុជា។ អង្គការ​នេះ​បញ្ជាក់​ថា ពួក​គេ​មិន​ទទួល​បាន​អត្ថប្រយោជន៍ លើ​កិច្ច​គាំពារ​មាតុភាព​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ពួកគេ​ក្លាយ​ជា​ជន​ងាយ​រង​គ្រោះ​ដោយសារ​ជំងឺ និង​ភាព​ក្រីក្រ​រ៉ាំរ៉ៃ។

Oxfam_campaign_on_the_rights_of_women.jpg
ប័ណ្ណ​ផ្សព្វផ្សាយ​យុទ្ធនាការឌីជីថល នៃ​​អង្គការ អុកស្វាម ស្ដីពី កិច្ចគាំពារមាតុភាព។ រូប៖ ហ្វេសប៊ុកអង្គការ អុកស្វាម

តាមរយៈ​យុទ្ធនាការ​នេះ អង្គការ​អុកស្វាម និង​ដៃគូ មាន​បំណង​បំផុស​ការ​ចូលរួម​របស់​សាធារណជន និយោជក និង​ម្ចាស់​អាជីវកម្ម អ្នក​បង្កើត​គោល​នយោបាយ​ជាតិ ដើម្បី​រួម​គ្នា​ជជែក​ពិភាក្សា​អំពី​ការធានា​ឱ្យ​បាន​ថា ស្ត្រី​កម្មករ​ទាំង​អស់​ក្នុង​ប្រទេស កម្ពុជា​អាច​ទទួល​បានការ​គាំពារ​មាតុភាព​គ្រប់ៗគ្នា។ បន្ទាប់​ពី​ដំណើរការ​អស់​រយៈ​ពេល​ជាង ៣ខែ កន្លង​ទៅ​នេះ យុទ្ធនាការ​នេះ​បាន​ផ្សព្វផ្សាយ​ទៅ​ដល់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជិត ៣លាននាក់។

នាយិកា​អង្គការ​អុកស្វាម (Oxfam) អ្នកស្រី លឹម សូលីន មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​នេះ​ថា កិច្ច​គាំពារ​មាតុភាព គឺ​ជា​បញ្ហា​មួយ ដែល​មាន​ផល​ប៉ះពាល់​ដល់​យើង​ទាំង​អស់​គ្នា។នៅ​ពេល​ដែល​អ្នក​ម្ដាយ បង​ប្អូន​ស្រី និង​ស្ត្រី​ជា​ភរិយា​មាន​សុខភាព​ល្អ និង​មាន​សុវត្ថិភាព ពួក​យើង​ក៏​មាន​សុខភាព​ល្អ និង​មាន​សុវត្ថិភាព​ដូច​គ្នា​ដែរ។ ប៉ុន្តែ​នៅ​ពេល​ពួក​គាត់​ឈឺ​មាន​របួស​នៅ​កន្លែង​ធ្វើ​ការ ឬ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ ដោយសារ​តែ​យើង​មិន​គាំទ្រ​ពួក​គាត់ ក្នុង​អំឡុង​ពេល​ពួក​គាត់​ពពោះ សម្រាល​កូន និង​ចិញ្ចឹម​បីបាច់​កូន នោះ​គ្រួសារ និង​សង្គម​ក៏​រង​ការឈឺចាប់​ដូច​គ្នា​ដែរ។

នៅ​ក្នុង​រឿង​នេះ អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម លោក ឌិត ចនណារិទ្ធ អះអាង​ប្រាប់​អង្គការ​អុកស្វាម (Oxfam) ថា កិច្ច​គាំពារ​មាតុភាព ជា​ពិសេស សម្រាប់​ស្ត្រី​ក្នុង​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ដែល​បច្ចុប្បន្ន​នេះ ស្ថិត​ក្នុង​របៀបវារៈ​ចម្បង​មួយ​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា មាន​ដូច​ជា កម្មវិធី​ឧប្បត្តិ​សាច់​ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោយ​អាយុ ២ឆ្នាំ។

បើ​ទោះ​ជា​យ៉ាង​ណា​ក្រុម​អង្គការ​សង្គម​ស៊ីវិល មើល​ឃើញ​ថា មិន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ព្រោះ​ពលរដ្ឋ​ជា​ពិសេស​ស្ត្រី​ជា​ច្រើន ក្នុង​ផ្នែក​ក្រៅ​ប្រព័ន្ធ ដែល​ជួប​ការ​លំបាក​បាត់បង់​ការងារ នៅ​មិន​ទាន់​ត្រូវ​បាន​បញ្ចូល​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រដ្ឋាភិបាល។

អ្នកស្រី អ៊ូ ទេពផល្លីន លើកឡើង​ថា នៅ​ពេល​រដ្ឋាភិបាល​មិន​ទាន់​មាន​គោល​នយោបាយ​ជាតិ​គាំពារ​មាតុភាព​ជាក់លាក់​សម្រាប់​ស្ត្រី​គ្រប់រូប​នេះ អ្នកស្រី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រើប្រាស់​ក្របខ័ណ្ឌ​ច្បាប់ ដែល​មាន​ស្រាប់​ពិសេស គឺ​ច្បាប់​ការងារ។ លើស​ពី​នេះ​អ្នកស្រី​ស្នើ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើត​មតេយ្យ​សហគមន៍​សម្រាប់​កុមារ ដោយ​គ្មាន​ការ​រើសអើង ដែល​អាច​ឱ្យ​ម្ដាយ​គ្រប់រូប​មានលទ្ធភាព​ទៅ​ធ្វើការ ដោយមាន​ទំនុក​ចិត្ត​ពី​សុវត្ថិភាព​របស់​កូនៗ៖ «អ៊ីចឹង​រដ្ឋ​ត្រូវ​តែ​បក​មក​វិញ សេវា​របស់​រដ្ឋ​ហ្នឹង​ត្រូវ​តែ​មាន​សុវត្ថិភាព ហើយ​កសាង​ទំនុក​ចិត្ត​​ធ្វើ​ឱ្យ​ពលរដ្ឋ​ទុក​ចិត្ត​បាន មត្តេយ្យ​សហគមន៍​នៅ​តាម​មូលដ្ឋាន នៅ​តាម​ឃុំ​សង្កាត់ ពី​ព្រោះ​យើង​មើល​ឃើញ​ឃុំសង្កាត់​មាន តែ​បែរ​ជា​អត់​បាន​ដើរ​តួនាទី​ជិតស្និទ្ធ​ជាមួយ​ពលរដ្ឋ ធ្វើ​សេវាកម្ម​ណា​មួយ ​ដែល​ពលរដ្ឋ​ គឺ​ឃុំសង្កាត់​ធ្វើ​តែ​រឿង​បោះ​ឆ្នោត រឿង​របស់​បក្ស​អី​វិញ»

ចំណែក​លោក វន់ ពៅ វិញ ​លោក​ស្នើ​រដ្ឋាភិបាល​កំណត់​កម្រិតជីវភាព​របស់​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឱ្យ​ស្ត្រី ដែល​ក្រីក្រ​ពិត​ប្រាកដ អ្នក​ដែល​ធ្វើការ​នៅ​ផ្នែក​ក្រៅ​ប្រព័ន្ធ​បាន​ទទួល​អត្ថប្រយោជន៍ ឱ្យ​សមស្រប​នឹង​ពាក្យ​ថា​ ពួក​គេ​មិន​ត្រូវ​បាន​ទុកចោល៖ «ហ្នឹងហើយ​រដ្ឋ​ត្រូវ​កំណត់​ថា តើ​មនុស្ស​ហ្នឹង​នៅ​កម្រិត​ជីវភាព​ណារដ្ឋ​ត្រូវ​មាន​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ ដើម្បី​វាយតម្លៃ​ពី​កម្រិត​ជីវភាព​ពលរដ្ឋ ដែល​កម្រិត​ណា​រដ្ឋ​មិន​គិត​តម្លៃ កម្រិត​ណា​ដែល​រដ្ឋ​ត្រូវ​ឱ្យ​បង់​លុយ​បដិភាគ​ខ្លះ ដើម្បី​ទទួល​បាន​កិច្ច​គាំពារ​សង្គម? ​មួយ​ទៀត ត្រូវ​មាន​កញ្ចប់​ថវិកា​ទាក់ទង​នឹង​កិច្ច​គាំពារ​សង្គម និង​គាំពារ​មាតុភាព​ឱ្យ​បាន​ច្បាស់»

រដ្ឋមន្ត្រី​ក្រសួង​ផែនការ​ធ្លាប់​បញ្ជាក់​ថា ​ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩ មាន​ការ​ប៉ាន់​ប្រមាណ​ថា កម្មករ​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​ប្រមាណ​ជា ៦,១ លាន នាក់​បាន​បាត់​បង់​ការងារ ឬ​ប្រឈម​នឹង​ការ​បាត់បង់​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles