ដោយ ខែ សុណង
2021-09-19
RFA

អ្នកស្រី អេនហ្យឺលីណា យូលី (Angelina Jolie) តារាភាពយន្តល្បីល្បាញហូលីវ៉ូដ(Hollywood) ប្រេសិតពិសេស UNHCR បានធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាកាលពីទសវត្សកន្លងទៅ ហើយគាត់តែងតែលើកសរសើរ និងជាប់ចិត្តស្រឡាញ់ប្រទេសកម្ពុជា។ រូប៖ UNHCR
តារាភាពយន្តល្បីល្បាញហូលីវ៉ូដ(Hollywood)អ្នកស្រី អេនហ្យឺលីណា យូលី (Angelina Jolie) មានគំរោងទៅប្រទេសកម្ពុជានៅឆ្នាំ២០២២ ខាងមុខដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសំរាប់ស្ត្រី នៅតំបន់សំឡូត ខេត្តបាត់ដំបង។
ទីភ្នាក់ងារសារព័ត៌មាន Cross Road Today ចុះផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឲ្យដឹងថា អ្នកស្រី អេនហ្យឺលីណា យូលី (Angelina Jolie) អាយុ ៤៦ ឆ្នាំ មានគំរោងហ្វឹកហាត់ដល់ស្ត្រីខ្មែរចំនួន ៥០ នាក់ ពីការចិញ្ចឹមថែរក្សាឃ្មុំ ក្នុងអំឡុង ៥ ឆ្នាំខាងមុខ។ កម្មវិធីនេះ គ្រោងបង្កើតសំបុកឃ្មុំ ចំនួន ២ពាន់៥រយកន្លែង ដែលអាចផ្ទុកសត្វឃ្មុំប្រមាណជាង ១២៥ លានឃ្មុំ នៅក្នុងជីវមណ្ឌលចំនួន ២៥ នៅតាមបណ្តាប្រទេសមួយចំនួន និងនៅប្រទេសកម្ពុជា។ អ្នកស្រីបន្តថា កម្មវិធីចិញ្ចឹមឃ្មុំនេះ អ្នកស្រីនឹងសហការជាមួយអង្គការយូណេស្កូ (UNESCO) ដើម្បីពិនិត្យមើលពីលទ្ធភាព ដើម្បីពង្រីកជីវមណ្ឌលចិញ្ចឹមឃ្មុំ នៅប្រទេសផ្សេងៗទៀត។
អ្នកស្រីសង្ឃឹមថា ការហ្វឹកហាត់និងរៀនសូត្រ ពីរបៀបចិញ្ចឹមឃ្មុំនេះ នឹងជួយពង្រឹងសមត្ថភាពរបស់ស្ត្រីដើម្បីអាចរកប្រាក់ចំណូលផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។
កាលពីឆ្នាំ២០០២ តារាភាពយន្តល្បីល្បាញរូបនេះ បានយកកូនខ្មែរម្នាក់មកចិញ្ចឹម ដោយដាក់ឈ្មោះថា Maddox តាំងពីកុមាររូបនោះអាយុបាន៧ខែ ពីមជ្ឈមណ្ឌលកុមារកំព្រា។ បច្ចុប្បន្ន អ្នកស្រីក៏មានផ្ទះនៅសំឡូតផងដែរ។ បន្ថែមពីនេះ អ្នកស្រី អេនហ្យឺលីណា យូលី ក៏បានបង្កើតមូលនិធិអឹមចេភី (MJP)ដោយដាក់ឈ្មោះកូនប្រុសនោះកាលពីឆ្នាំ២០០៣ ក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍសហគមន៍ នៅក្នុងតំបន់ការពារសំឡូត ខេត្តបាត់ដំបង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។