តុលាការ និងច្បាប់, ព័ត៌មានជាតិ, សេរីភាពបញ្ចេញមតិ
លោក សេង ថៃ |២១ កញ្ញា ២០២១ |ម៉ោង ១៦:៤៦
VOD

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី ថ្លែងក្នុងវេទិការសិទ្ធិមនុស្ស ក្នុងថ្ងៃខួបទី៧២ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)
សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារនេះ បានចេញដីកាបញ្ឈប់ការតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវនិងឃ្លាំមើលការអភិវឌ្ឍសង្គម បន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
យោងតាមដីកាបញ្ឈប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្គាប់មកកងកម្លាំងមានសមត្ថកិច្ចបញ្ឈប់ការចាប់ខ្លួនលោកបណ្ឌិត សេង សារី។
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោកបណ្ឌិត សេង សារី ពីបទ «រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
ការចេញដីកាបញ្ឈប់ការចាប់ខ្លួនលោកបណ្ឌិត សេង សារី នេះ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់តុលាការ កាលពីថ្ងៃទី២០ ខែកញ្ញា ឱ្យពិចារណាទម្លាក់ចោលការចោទប្រកាន់ទៅលើអ្នកស្រាវជ្រាវសង្គមនិងវិភាគនយោបាយ លោកបណ្ឌិត សេង សារី ដោយថា ការអត្ថាធិប្បាយបែបវិភាគរបស់បណ្ឌិតរូបនេះជាការវិភាគបែបសេណារីយ៉ូ មិនមែនគាំទ្រគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលផ្តួចផ្តើមដោយអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី នោះទេ។
លោកបណ្ឌិត សេង សារី បច្ចុប្បន្នត្រូវបានគេដឹងថា កំពុងស្ថិតនៅក្នុងប្រទេសថៃ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។