ដោយ ជាតិ ចំណាន
2022-03-13
RFA

អាជ្ញាធរបន្តរុញច្រានបុគ្គលិកណាហ្គាវើលដ៍ជាស្ត្រីម្នាក់បញ្ចូលរថយន្តក្រុង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្ដល់ឲ្យ
ក្រុមកូដករណាហ្គាវើលដ៍ (Naga World) ចាត់ទុកទង្វើអាជ្ញាធរក្រុងភ្នំពេញដែលបានបង្រ្កាបប្រើហិង្សាវាយដុំក្រុមកូដករ គឺជាអំពើអមនុស្សធម៌ និងបានរំលោភសិទ្ធិមូលដ្ឋានពួកគេក្នុងការទាមទារឱ្យមានដំណោះស្រាយពីថៅកែក្រុមហ៊ុន។ ពួកគេអំពាវនាវឱ្យក្រសួងពាក់ព័ន្ធចាត់វិធានការលើក្រុមអាជ្ញាធរដែលអនុវត្តតួនាទីគ្មានវិជ្ជាជីវៈ។
ក្រុមកូដករបុគ្គលិកណាហ្គាវើលដ៍ (Naga World) ថាការធ្វើបាបដោយប្រើអំពើហិង្សាគ្រប់ទម្រង់របស់អាជ្ញាធរកន្លងមកនេះ គឺមានចេតនាគាប់សង្កត់ក្រុមកូដករមិនឱ្យងើបតវ៉ារកដំណោះស្រាយ។ ពួកគេនៅតែប្រកាន់ជំហរថាមិនចុះញ៉ាមនឹងការបង្ក្រាបរបស់អាជ្ញាធរក្នុងចេញធ្វើកូដកម្មដោយសន្តិវិធី ដរាបណាគ្មានដំណោះស្រាយ និងគ្មានការដោះលែងតំណាងពួកគេឱ្យមានសេរីភាពវិញនោះ។
កូដករ និងជាបុគ្គលិកណាហ្គាវើលដ៍លោកស្រី ចាន់ បូរ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ខែមីនា ថាក្រុមកូដករនៅតែមានជំហររ៉ឹងមាំទោះបីជាអាជ្ញាធរប្រឹងប្រែងរារាំងប្រើអំពើហិង្សាយ៉ាងណាក្តី ក៍ក្រុមកូដករនៅតែបន្តតស៊ូធ្វើកូដកម្មដោយសន្តិវិធី និងទាមទារឱ្យតុលាការដោះលែងតំណាងពួកគេឱ្យមានសេរីភាព។ លោកស្រីបន្តថា ក្រោយពីអាជ្ញាធរដោះលែងកូដករទាំងអស់ពីមណ្ឌលចត្តាឡីស័ក ក្រុមកូដករភាគច្រើនជាស្ត្រីមានសុខភាពទ្រុឌទ្រោម និងមានស្នាមរបួសជាំលើដងខ្លួន និងបំពង់ករ ដោយសារតែក្រុមកម្លាំងអាជ្ញាធរបង្រ្កាបប្រើអំពើហិង្សាចាប់ទាញរុញច្រានក្រុមកូដករទាំងកម្រោលបង្ខំធ្វើចត្តាឡីស័ក។
លោកស្រីចាត់ទុកការបង្រា្កបរបស់អាជ្ញាធរបែបនេះ ថាជារូបភាពអាក្រក់មួយក្នុងសង្គមដែលអាជ្ញាធរប្រឹងប្រែងកាងអំណាចឱ្យក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរារាំងមិនឱ្យក្រុមកូដករទាមទារដំណោះស្រាយពីថៅកែក្រុមហ៊ុន។ លោកស្រីទាមទារឱ្យអាជ្ញាធរបញ្ឈប់ធ្វើទុកបុកម្នេញលើក្រុមកូដករតទៅទៀត៖ «ពួកយើងមិនទាន់បាននិយាយអីផង អាជ្ញាធរចាប់មានរបួសស្នាមម្នាក់ៗជាំដៃជើង។ សូមឱ្យក្រសួងពាក់ព័ន្ធជួយដឹង និងស្នើឱ្យជួយរកដំណោះស្រាយនិងជួយក្រុមកូដករជាស្ត្រី។ តំណាងពួកយើងដែលជាអ្នកចរចាក្នុងវិវាទហ្នឹងអាជ្ញាធរចាប់ទៅអស់ហើយគ្មានតំណាងទៀតទេ»។
កាលពីថ្ងៃទី១១ ខែមីនា កម្លាំងអាជ្ញាធររាប់រយនាក់បានចាប់ខ្លួនក្រុមបុគ្គលិកណាហ្គាវើលដ៍ (Naga World) ជាង១០០នាក់ (១៥៨) នាក់ ញាត់ចូលក្នុងរថយន្តក្រុងទាំងកម្រោលដឹកធ្វើចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅម្ដងទៀត នៅពេលពួកគាត់ធ្វើកូដកម្មទាមទារដំណោះស្រាយការងារពីក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។ ក្រុមកូដករអះអាងថា ការបង្ក្រាបរបស់អាជ្ញាធរបានធ្វើឱ្យកូដករភាគច្រើនជាស្រី្តរងរបួសជាំពេញរាងកាយ និងបានបង្ខាំងក្រុមកូដករមិនឱ្យចុះចេញពីរថយន្តភ្លាមៗឡើយនៅពេលដល់កន្លែងធ្វើចត្តាឡីស័ក។
អ្នកជំនាញសិទ្ធិមនុស្សជាតិ និងអន្តរជាតិមើលឃើញថា នេះជាការរំលោភទាំងស្រុងលើសិទ្ធិប្រមូលផ្ដុំដោយសន្តិវិធីរបស់ក្រុមកូដករណាហ្គាវើលដ៍។ ក្រុមសហជីព ក៍បានរិះគន់ចំណាត់ការដដែលៗដោយយកវិធានសុខាភិបាលមកបង្រ្កាបក្រុមកូដករនេះ ថាជាលេសដើម្បីធ្វើទារុណកម្មក្រុមកូដករមិនឱ្យទាមទារដំណោះស្រាយតែប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ដើម្បីបំភ្លឺបញ្ហានេះបានទេ នៅថ្ងៃទី១២ ខែមីនា។
ប៉ុន្តែ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន ប្រាប់វិទ្យុអាស៊ីសេរីថាបើសិនក្រុមកូដករមានភស្តុតាងគ្រប់គ្រាន់ដោយការរងអំពើហិង្សាពីអាជ្ញាធរ លោកជំរុញឱ្យក្រុមកូដករដាក់ពាក្យប្ដឹងទៅកាន់ស្ថាប័នតុលាការ។ លោកបន្តថា មូលហេតុវិវាទការនេះអូសបន្លាយពេលដោយសារក្រុមកូដករមិនព្រមចាត់តាំងតំណាងថ្មីដើម្បីចូលរួមសម្របសម្រួលជាក្រសួងការងារ៖ «រឿងណាហ្គាវើលដ៍បានអូសបន្លាយពេលយូរមកហើយ។ ប៉ុន្តែអ្វីដែលសំខាន់កូដករមានរាប់រយនាក់ ដូច្នោះបើតំណាងមានបញ្ហាផ្លូវច្បាប់ត្រូវចាត់តាំងតំណាងផ្សេងដើម្បីដោះស្រាយវិវាទការងារ»។
ប៉ុន្តែក្រុមកូដករប្រកាន់ជំហរថា លុះត្រាតែមានការដោះលែងតំណាងពួកគេឱ្យមានសេរីភាពទើបពួកគាត់យល់ព្រមចូលតុចរចាទាមទារលក្ខខណ្ឌទាំង៩ចំណុច។
លោក កត្តា អ៊ន បន្ថែមថាការបង្រ្កាបក្រុមកូដករជាងសាធារណៈជនផ្សេងទៀតនោះ គឺជាការអនុវត្តវិធានសុខាភិបាលមិនមែនជាទម្រង់គាប់សង្កត់រឹតត្បិតសិទ្ធសេរីភាពឡើយ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក សឹង សែនករុណា មានប្រសាសន៍ថាចំណាត់ការបង្រ្កាបរបស់អាជ្ញាធរបង្រ្កាបមកលើក្រុមកូដករដដែលនេះនៅតែជាទម្រង់ធ្វើបាបរំលោភសិទ្ធិដល់ក្រុមកូដករ។ លោកសង្កត់ធ្ងន់ថា អាជ្ញាធរយកវិធានសុខាភិបាលមកបង្រា្កបក្រុមកូដករគ្រាន់ជាលេសដើម្បីគេចវេសរកដំណោះស្រាយពិតប្រាកដតែប៉ុណ្ណោះ៖ «កូដករទាមទារតវ៉ាគឺចង់ឱ្យដោះលែងតំណាងទាំង១១នាក់ និងដំណោះស្រាយទាំង០៩ចំណុច។ ប៉ុន្តែដំណោះស្រាយទាំងអស់ហ្នឹងហាក់ដូចជាមិនគិតគូរដោះស្រាយទេ បែរជាមានការចាប់ខ្លួនដោយយកហេតុផលទប់ស្កាត់កូវីដហាក់ធ្វើឡើងក្ដោបតែក្រុមកូដករ ខណៈពិធីផ្សេងៗអត់មានការរឹតត្បិត»។
មកដល់ពេលនេះមានតំណាងសហជីព និងកម្មករណាហ្កាវើលដ៍ចំនួន ១១នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារក្រោមបទចោទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងល្មើសវិធានសុខាភិបាល ដោយសារតែពួកគេធ្វើកូដកម្មដោយសន្តិវិធីទាមទាររកដំណោះស្រាយរឿងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍បញ្ឈប់បុគ្គលិក ៣៦៥នាក់ ពីការងារ និងរើសអើងសហជីពក្នុងកន្លែងធ្វើការ។
ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល និងក្រុមសហជីពរិះគន់ថា អាជ្ញាធរក្រុងភ្នំពេញកំពុងអនុវត្តវិធានការសុខាភិបាលដែលមានស្តង់ដារ២ផ្សេងគ្នា ដែលបង្ហាញថាអាជ្ញាធរប្រឹងប្រែងរារាំងសកម្មភាពស្របច្បាប់របស់កូដករ។ ម្យ៉ាងវិញទៀតទង្វើបង្ក្រាបរបស់អាជ្ញាធរម្ដងហើយម្ដងទៀតនេះ ត្រូវបានក្រុមអ្នកការពារសិទ្ធិមនុស្សចាត់ទុកថា ជាការអនុវត្តផ្ទុយពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ពួកគេអំពាវនាវឱ្យអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញក្រុមកូដករ និងស្នើឱ្យក្រសួងការងារជួយរកយុត្តិធម៌ដល់ក្រុមកូដករ និងជំរុញឱ្យភាគីក្រុមហ៊ុនណាហ្គាវើលដ៍ចេញមុខដោះស្រាយបញ្ហាវិវាទការងារនេះ ព្រមទាំងដោះលែងតំណាងសហជីពទាំង ១១នាក់ឱ្យមានសេរីភាពវិញដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។