ដោយ សន ចាន់រដ្ឋា
2022-03-13
RFA

ស្លាកគណបក្សភ្លើងទៀន។ រូប៖ ហ្វេសប៊ុកបក្សភ្លើងទៀនខេត្តប៉ៃលិន
មន្ត្រីគណបក្សភ្លើងទៀនខេត្តប៉ៃលិន គ្រោងប្ដឹងគណៈកម្មការរៀបចំការបោះឆ្នោតខេត្តនេះទៅគ.ជ.ប ដើម្បីឱ្យបញ្ឈប់រើសអើងនិន្នាការបក្សនយោបាយបន្តទៀត។ ប្រតិកម្មរបស់គណបក្សភ្លើងទៀននេះធ្វើឡើងក្រោយពីគណបក្សកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ហៅកាត់ថា ប៉ិច មិនបានដោះស្រាយបណ្ដឹងតាមការស្នើសុំរបស់គណបក្សនេះ។
មន្ត្រីគណបក្សភ្លើងទៀន រិះគន់ការដោះស្រាយបណ្ដឹងរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តនេះថា ជាការអនុវត្តតួនាទីលំអៀងទៅរកគណបក្សកាន់អំណាច។
ប្រធានស្ដីទីគណបក្សភ្លើងទៀន ខេត្តប៉ៃលិន ខឹម មុនីកុសល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ មីនា ថា លោកមិនអាចទទួលយកបាននោះទេ ចំពោះការដោះស្រាយរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ឬហៅកាត់ថា ប៉ិចនោះទេ ព្រោះមិនបានរកយុត្តិធម៌តាមច្បាប់ការបោះឆ្នោតឡើយ។ លោកបញ្ជាក់ថា គណបក្សភ្លើងទៀនរបស់លោកបានប្ដឹងទៅប៉ិចខេត្តនេះឱ្យជួយរកយុត្តិធម៌ ដែលគណៈកម្មការរៀបចំការបោះឆ្នោតឃុំស្ទឹងកាច់ស្រុកសាលាក្រៅ បានរារាំង និងបង្កការលំបាកដល់បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំស្ទឹងកាច់ចំនួន ៧នាក់កាលពីពេលថ្មីៗនេះ។ លោកបន្តថា គណៈកម្មការបោះឆ្នោតឃុំបានបង្កការលំបាកជាច្រើនក្នុងពេលចុះឈ្មោះ ដូចជាចាប់កំហុសតាំងពីការសរសេរប្រវត្តិរូបរបស់បេក្ខជននិងការសរសេរទឹកប៊ិចខុសគ្នាជាដើម។លោកយល់ថា ទង្វើបែបនេះជាការអនុវត្តលំអៀងទៅគណបក្សកាន់អំណាច និងជាការរារាំងដល់សកម្មជនរបស់បក្សលោក ដូច្នេះលោកនឹងប្ដឹងបញ្ហានេះទៅគ.ជ.បនៅថ្ងៃទី១៤មីនា ដើម្បីឱ្យប៉ិចខេត្តនេះអនុវត្តតួនាទីឱ្យបានស្មើភាពគ្នាគ្រប់និន្នាការគណបក្សនយោបាយ៖ «វាជាការរើសអើងគណបក្សនយោបាយហ្នឹងឯងពីព្រោះគណបក្សផ្សេងយកទៅដាក់ដូចជារលូន បើគណបក្សភ្លើងទៀនយកទៅដាក់ខុសនេះខុសនោះតាំងពីក្បាលទីដំបូង។ ប៉ុន្តែយើងចេះតែសម្រួលបកស្រាយតាមផ្លូវច្បាប់ទៅគេទទួលយកអស់ទៅប៉ុន្តែជជែកគ្នាតឹងសរសៃកដែរហ្នឹង។ ខ្ញុំចង់ឱ្យប៉ិចហ្នឹងគាត់ព្រមានឬក៏អីដល់ស៊ិចហ្នឹងកុំឱ្យចេះតែទាមទារឱ្យគេកែនោះកែនេះ ដោយមិនសមហេតុផល។ អីចឹងវាជាទម្លាប់ហើយ អីចឹងយើងគណបក្សនយោបាយតូចតាចងាយរងគ្រោះណាស់បើគាត់ថា ខុសបន្តិចគាត់មិនយកយើងត្រូវបាត់បេក្ខភាពយើងមួយឃុំ»។
ប្រតិកម្មរបស់គណបក្សភ្លើងទៀននេះធ្វើឡើងក្រោយពីប្រធានស្ដីទីប៉ិចខេត្តប៉ៃលិន លោក គង់ ជី បានចេញលិខិតជូនដំណឹងតបនឹងគណបក្សភ្លើងទៀននៅថ្ងៃទី១២ មីនាថា បានចុះស្រាវជ្រាវតាមបណ្ដឹងរបស់គណបក្សនេះរួចហើយ ដោយពិនិត្យឃើញថា គណៈកម្មការបោះឆ្នោតឃុំស្ទឹងកាច់ពុំបានរារាំង និងអនុវត្តខុសច្បាប់ដូចការលើកឡើងរបស់បក្សភ្លើងទៀននោះទេ ដូច្នេះប៉ិចខេត្តនឹងមិនលើកយកបណ្ដឹងនេះមកដោះស្រាយឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានស្ដីទីប៉ិចខេត្តប៉ៃលិន គង់ ជី ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញការប្ដឹងទៅគ.ជ.បរបស់បក្សភ្លៀងទៀននេះបានទេនៅថ្ងៃទី១៣ មីនា។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគម ការពារសិទ្ធិមនុស្សអាដហុកខេត្តបាត់ដំបងនិងខេត្តប៉ៃលិន លោក យិន ម៉េងលី សង្កេតឃើញថា ការអនុវត្តតួនាទីរបស់មន្ត្រីរៀបចំការបោះឆ្នោតឃុំសង្កាត់នៅខេត្តប៉ៃលិនភាគច្រើនលំអៀងទៅរកគណបក្សកាន់អំណាច ដោយបង្កការលំបាកផ្សេងៗដល់គណបក្សជាដៃគូប្រកួតប្រជែងជាមួយគណបក្សនេះ។ លោកចាត់ទុកទង្វើបែបនេះថា ជាការអនុវត្តខុសច្បាប់បោះឆ្នោត៖ «ខ្ញុំចង់ឱ្យស៊ិច និងប៉ិចខេត្តក្ដីលោកបំពេញតួនាទីរបស់លោកឱ្យស្របទៅតាមអ្វីដែលច្បាប់មានចែង កុំប្រើប្រាស់តួនាទីអំណាចរបស់ខ្លួនឱ្យហួសព្រំដែន ដែលច្បាប់មានចែង។ ទី២ ខ្ញុំសុំឱ្យប្រាកដថា ខ្លួនគឺជាអាជ្ញាកណ្ដាល ខ្លួនមិនមែនជាភាគីរបស់គណបក្សនយោបាយណាទេ ។ កាលណាស៊ច និងប៉ិចខេត្តទាំងអស់ហ្នឹងធ្វើខ្លួនមិនបានល្អវា ធ្វើឱ្យជះឥទ្ធិពលមិនល្អនៃការបោះឆ្នោតធ្វើឱ្យគណបក្សនយោបាយអាចឈ្លោះគ្នាដោយសារតែការបំពេញតួនាទីមុខងាររបស់ខ្លួន»។
ដោយឡែកនៅឯខេត្តពោធិ៍សាត់ឯណោះវិញ អាជ្ញាធរបានបញ្ជូនសកម្មជនគណបក្សភ្លើងទៀនម្នាក់ទៀត គឺលោក អ៊ុក សៅវារិន ទៅឃុំខ្លួននៅពន្ធនាគារខេត្តកាលពីរសៀលថ្ងៃទី១១ មីនា ដោយចោទប្រកាន់ពីបទក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
ប៉ុន្តែអនុប្រធានស្ដីទីក្រុមការងារគណបក្សភ្លើងទៀនខេត្តពោធិ៍សាត់ លោក ឈុន ប៊ុនឃាង ចាត់ទុកការចោទប្រកាន់នេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ពីព្រោះលោកថា លោក អ៊ុក សៅវារិន មិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទនោះឡើយ៖ «រឿងតែមួយរឿងដែលខ្ញុំដឹងគឺរឿងដាក់បេក្ខជន បើសិនជាធ្វើយ៉ាងណាឱ្យបេក្ខជនរបស់គណបក្សភ្លើងទៀនហ្នឹងមិនអាចធ្វើទៅកើតអាហ្នឹងជាជ័យជំនះមួយរបស់គណបក្សប្រជាជន»។
មកទល់ពេលនេះបេក្ខជនរបស់គណបក្សភ្លើងទៀននៅខេត្តពោធិ៍សាត់ចំនួនពីរនាក់ហើយដែលត្រូវបានអាជ្ញាធរខេត្តនេះ ឃុំខ្លួនក្នុងពន្ធនាគារ។ កាលពីថ្ងៃទី៧ ខែមីនា អាជ្ញាធរខេត្តពោធិ៍សាត់ បានចាប់ខ្លួនបេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀននៅឃុំស្រែស្តុក ស្រុកកណ្ដៀង គឺលោក ឈួន ឈឿង អាយុ៥៩ឆ្នាំ ពីបទក្លែងបន្លំឯកសារដូចគ្នានេះដែរ។ លោកត្រូវបានបញ្ជូនទៅឃុំខ្លួននៅ ក្នុងពន្ធនាគារខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែមីនា។
ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ មិថុនាខាងមុខ។ ស្របពេលដែលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់គណបក្សភ្លើងទៀនស្ទើរតែគ្រប់ខេត្តត្រូវបានអាជ្ញាធរគណបក្សកាន់អំណាចរារាំង និងគំរាមកំហែងដល់បេក្ខជនឈ្មោះបោះឆ្នោតនៅពេលខាងមុខ។ មន្ត្រីសង្គមស៊ីវិលយល់ថា ប្រសិនបើបរិយាកាសនៅតែបន្តអាប់អួរបែបនេះនឹងធ្វើឱ្យដំណើរការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះនឹងមិនប្រកបដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។