ដោយ ជុន ច័ន្ទបុត្រ
2022-03-13
RFA

លោក ហ៊ុន សែន បានថ្លែងនៅក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក SMP
នារយៈពេលចុងក្រោយនេះ រឿងរ៉ាវទឹកដីកម្ពុជាក្រោមត្រូវបានអ្នកនយោបាយប្រឆាំង និងពលរដ្ឋដែលឈឺឆ្អាលអំពីបញ្ហាទឹកដីកម្ពុជាក្រោមបានចេញមុខបញ្ចេញទស្សនៈ ហើយដែលភាគច្រើនបានរិះគន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងជាថ្មី កាលពីថ្ងៃទី៣ ខែមីនា ព្រមានអ្នកចង់ទៅធ្វើសង្រ្គាមវាយយកទឹកដីកម្ពុជាក្រោមពីវៀតណាម ជាការទៅរកសេចក្តីស្លាប់។ លោក ហ៊ុន សែន ថែមទាំងបញ្ជាក់ថា នឹងត្រៀមក្តារមឈូស សម្រាប់ដាក់ខ្មោចអ្នកចង់ទៅ ទាមទារយកទឹកដីខ្មែរដែលបាត់បង់ទៅវៀតណាមនោះទៀតផង។ ប៉ុន្តែសំណួរនៅត្រង់ថា បើទោះជាមិនប្រើសង្រ្គាមវាយយកទឹកដីកម្ពុជាក្រោមពីវៀតណាមវិញ ក៏ដោយចុះ តើរដ្ឋាភិបាលកម្ពុជាអាចធ្វើអ្វីខ្លះបានដើម្បីជួយពលរដ្ឋខ្មែរក្រោមដែលជាឈាម ជ័រជាខ្មែរដូចគ្នា?
បើទោះជាទឹកដីកម្ពុជាក្រោមត្រូវបានជនជាតិវៀតណាមចូលទន្រ្ទានឈ្លានពានកាន់កាប់ពីប្រទេសកម្ពុជាបន្តិចម្តងៗចាប់តាំងពីជាង ៤០០ ឆ្នាំមុន និងត្រូវបានអាណានិគមបារំាងផ្ទេរទៅឱ្យវៀតណាមត្រួតត្រាបន្តដោយខុសច្បាប់នៅឆ្នាំ ១៩៤៩ ក្តី បញ្ហាទឹកដីកម្ពុជាក្រោមនៅតែបន្តជាប្រធានបទរសើប និងចំរូងចំរាស់បំផុតមួយនៅក្នុងនយោបាយកម្ពុជា និងក្នុងចំណោមពលរដ្ឋ ខ្មែរដែលយកចិត្តទុកដាក់ពីប្រវត្តិសាស្រ្តនៃទឹកដីខ្មែរមួយផ្នែកនេះ។
បញ្ហាទឹកដីកម្ពុជាក្រោមត្រូវបានសាធារណជនលើកឡើងនិយាយជាថ្មីទៀតក្រោយពីលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរំលឹកពីការឆ្លើយតបរបស់លោកទៅកាន់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ដែលបានចូលបញ្ចេញទស្សនៈស្នើឱ្យលោក ហ៊ុន សែន លើកទ័ពចូលវាយយក ទឹកដីកម្ពុជាក្រោមមកវិញ ស្របពេលដែលសង្រ្គាមរវាងប្រទេសរុស្សី(Russia) និងអ៊ុយក្រែន (Ukraine)កំពុងកើតមានឡើង។
ជាការឆ្លើយតប លោក ហ៊ុន សែន ថាលោកមិនទៅវាយយកកម្ពុជាក្រោមនោះទេ ហើយបើ អ្នកណាពូកែ ទៅវាយយកចុះ លោកជួយចេញលុយធ្វើបុណ្យសពទៀតផង៖ «មានមួយនោះមកឆ្កុយទៅហ្មង សម្តេច សូមលើកទ័ពទៅវាយយកកម្ពុជាក្រោម។ ឆ្លើយតបទៅវិញទៅវាយយកខ្លួនឯងទៅ។បិះថែមមួយបន្ទាត់ទៀតទៅវាយខ្លួនឯងទៅខ្ញុំជួយធ្វើក្តារមឈូសនិងកប់ខ្មោចឱ្យ[…] អ្នកណាពូកែសូមអញ្ជើញទៅហើយខ្ញុំជួយក្នុងការធ្វើក្តារមឈូសនិងជួយកប់ខ្មោចឱ្យហើយរឿងហ្នឹងខ្ញុំបាននិយាយតាំងពីឆ្នាំ ៩៥–៩៦ នៅពេលនោះមានការព្យាយាមចង់ធ្វើហើយខ្ញុំប្រកាសត្រង់ៗតែម្តង។រឿងអតីតកាលវាបានកន្លងផុតមិនដឹងថាផុតទៅឯណានោះ»។
ជាការពិតណាស់ នៅក្នុងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្ស ត្រូវបានវៀតណាមជ្រោមជ្រែងឱ្យឡើងកាន់អំណាចចាប់តាំងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មិនដែលមាននិយាយអ្វីដែលពាក់ព័ន្ធនឹងការសើរើបញ្ហាទឹកដីកម្ពុជាក្រោម ឬក៏ជួយយកចិត្តទុកដាក់ ចំពោះខ្មែរក្រោមដែលកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមនោះទេ បើទោះបីជាទាំងរដ្ឋធម្មនុញ្ញ និងច្បាប់សញ្ជាតិរបស់ប្រទេសកម្ពុជា សុទ្ធតែធានាអំពីការគាំពារ របស់រដ្ឋដោយគ្រប់មធ្យោបាយការទូតចំពោះរាល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសក្តី។
ជាការពិតណាស់ បើប្រៀបជាមួយប្រទេសវៀតណាម ទាំងទំហំទឹកដី ទាំងចំនួនប្រជាជន ទំាងកម្លាំងសេដ្ឋកិច្ច និងកម្លាំងយោធា វាអាចមិនមែនជារឿងងាយស្រួលសម្រាប់កម្ពុជានោះទេ ប្រសិនបើប្រើកម្លាំងទ័ពវាយយកទឹកដីកម្ពុជាក្រោមមកវិញ។ នេះគេនៅមិន ទាន់និយាយដល់គោលការណ៍អន្តរជាតិដែលមិនសូវជាលើកទឹកចិត្តឱ្យប្រើកម្លាំងយោធាដោះស្រាយបញ្ហានៅក្នុងពេលបច្ចុប្បន្នផងនោះ។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (Facebook) ម្នាក់ដែលបញ្ចេញទស្សនៈឱ្យលោក ហ៊ុន សែន លើកទ័ពទៅវាយយកកម្ពុជាក្រោមនោះ អាចប្រហែលជាចង់ឌឺដងឱ្យលោក ហ៊ុន សែន ក៏អាចថាបាន ដោយសារតែលោក ហ៊ុន សែន តាំងតែពីដើមមកហាក់មិន បានយកចិត្តទុកដាក់ពីរឿងសុខទុក្ខរបស់ពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោមនោះឡើយ។
ចំណែកពីខាងលោក ហ៊ុន សែន វិញ ដែលឆ្លើយតបថា បើខ្លាំងទៅវាយយកខ្លួនឯងទៅនោះ ក៏ហាក់ជាការឌឺដងទៅវិញដែរ។ ក៏ប៉ុន្តែការឆ្លើយតបរបស់លោក ហ៊ុន សែន បែបនេះ ក៏បាន ទទួលនូវការរិះគន់មិនតិចដែរទេ ដោយអ្នកខ្លះបាននិយាយចោទលោក ហ៊ុន សែន ថា នៅតែជាអាយ៉ងរបស់វៀតណាម និងជាមេដឹកនាំខ្មែរដែលគ្មានការទទួលខុសត្រូវចំពោះទឹកដី ដូនតាដែលត្រូវបានបរទេសដណ្តើមឈ្លានពានយកទៅគ្រប់គ្រង។
បន្ថែមពីលើនេះ ក៏មានមតិខ្លះលើកឡើងថា ក្នុងករណីនេះ លោក ហ៊ុន សែន គួរជ្រើសយកផ្លូវ នៅស្ងៀមមិនឆ្លើយ មិនឆ្លងប្រសើរជាង ព្រោះថាការឆ្លើយតបបែបនេះវាមិនបានចំណេញអ្វី ដល់ផលប្រយោជន៍ជាតិច្រើននោះទេ។ ផ្ទុយទៅវិញ វាហាក់ដូចជាការបន្ទុចបង្អាក់បំបាក់ ស្មារតីស្នេហាជាតិរបស់មនុស្សមួយចំនួនជាពិសេស គឺពលរដ្ឋខ្មែរក្រោមដែលកំពុងតស៊ូមតិ ទាមទារសិទ្ធិសេរីភាពនៅដែនដីកម្ពុជាក្រោម និងហាក់បង្ហាញនូវភាពចុះចាញ់ ឬអស់សង្ឃឹម ថាទឹកដីកម្ពុជាក្រោមលែងមានឱកាសអាចក្លាយជារបស់កម្ពុជាវិញដែរ។ លើសពីនេះ ការឆ្លើយតបរបស់លោក ហ៊ុន សែន ក៏ហាក់ជាការចេញមុខជួយនិយាយការពារការទន្រ្ទានទឹកដីរបស់ជនជាតិវៀតណាម និងហាក់ចាត់ទុកថា ការលេបយកទឹកដីខ្មែរដោយវៀតណាមជារឿងខ្មែរមិនគួរសើរើឡើងវិញដែរ។
លោក ហ៊ុន សែន ធ្លាប់បានថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋសភាកាលពីឆ្នាំ២០១២ ដែលនៅពេលនោះ លោកបានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងទឹកដីកម្ពុជាក្រោម រួមទាំងកោះត្រល់ផង ដែលថា កម្ពុជាបានបាត់បង់ ហើយមិនអាចទាមទារយកមកវិញបាន ក្រៅតែពីការពារទឹកដីដែលមានសេសសល់នៅពេលបច្ចុប្បន្ន។
ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សមួយចំនួនយល់ឃើញដែរថា កម្ពុជាគួរចងក្រង ឯកសារពិនិត្យលទ្ធភាពប្តឹងប្រទេសវៀតណាមទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដើម្បីសើរើ បញ្ហាទឹកដីកម្ពុជាក្រោមដើម្បីឱ្យខ្មែរគ្រប់ភាគី និងគ្រប់និន្នាការមានការអស់ចិត្ត ដូចដែល សម្តេចព្រះនរោត្តម សីហនុ ធ្លាប់ធ្វើជាមួយប្រទេសថៃ ទាមទារយកប្រាសាទព្រះវិហារមកវិញ កាលពីឆ្នាំ១៩៦២។
ដូច្នេះ ប្រហែលជាគេអាចនិយាយបានថា ការជ្រើសរើសផ្លូវប្រើកម្លាំងទ័ពវាយយកទឹកដី កម្ពុជាក្រោម ប្រហែលមិនមែនជាជំរើសល្អនោះទេ ប៉ុន្តែការសាកល្បងប្រើប្រាស់យន្តការប្តឹង ផ្តល់តាមច្បាប់ទៅកាន់តុលាការអន្តរជាតិ សើរើរឿងទឹកដីប្រហែលអាចជាជម្រើសដ៏ប្រសើរមួយ ដើម្បីតតាំងជាមួយប្រទេសវៀតណាមផង និងដើម្បីឱ្យខ្មែរគ្រប់និន្នាការទទួលយកបានផង ប្រសិនបើកម្ពុជាយល់ថា ខ្លួនមានឯកសាររឹងមាំអាចតតាំងឈ្នះក្តីលើប្រទេសវៀតណាម។
ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិនេះ ប្រសិនទទួលបានជោគជ័យវានឹងជាប្រយោជន៍ ធំធេងសម្រាប់ជាតិ តែបើមិនជោគជ័យទេ វាក៏បានបង្ហាញឱ្យឃើញពីឆន្ទៈទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំកម្ពុជា ចំពោះប្រជាជននិងទឹកដីខ្មែរដែលត្រូវបានបរទេសឈ្លានពានគ្រប់គ្រង និងក៏អាចជាការបំផុសនូវស្មារតីសាមគ្គី ឯកភាពជាតិ ជាពិសេសរវាងពលរដ្ឋខ្មែរក្រោម និងមេដឹកនាំកម្ពុជាផងដែរ។
លោកបណ្ឌិត កែម ឡី កាលនៅមានជីវិតនៅឡើយ ធ្លាប់លើកឡើងជាហូរហែរថា មានកត្តាច្រើនណាស់ដែលកម្ពុជាអាចមានប្រៀបក្នុងការទាមទារយកទឹកដីកម្ពុជាក្រោមនេះពីវៀតណាមមកវិញបាន។ ជាបន្តទៅទៀតនេះ គឺជាប្រសាសន៍របស់លោកបណ្ឌិតកែម ឡី ដែលធ្លាប់លើកឡើងក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី៖ «ធ្វើយ៉ាងម៉េចដើម្បីបានទឹកដីកម្ពុជាក្រោមមកវិញ?ខ្ញុំថាបាន។ ដោយសារអី? យើងមានទាំងកត្តានយោបាយយើងមានទាំងកត្តាច្បាប់យើងមានទាំងកត្តាភូមិសាស្ត្រ វិទ្យាសាស្ត្រ ប្រជាសាស្រ្ត ហើយកត្តាវប្បធម៌ទៅទៀត វត្តអារាម ប្រពៃណិយ៍ ទំនៀមទំលាប់ យើងនៅច្រើនណាស់។ គឺយើងអាចប្តឹងផ្តល់បាន។ ដូចផ្លូវច្បាប់យើងមានផែនទីតម្កល់នៅអង្គការសហប្រជាជាតិតើ»។
ទាក់ទងនឹងការដែលសំអាងថា វាហួសពេលក្នុងការទាមទារទឹកដីកម្ពុជាក្រោមមកវិញ ដោយសារបារាំងបានកាត់ទឹកដីនេះប្រគល់ទៅអោយវៀតណាមរួចទៅហើយនោះ លោកបណ្ឌិត កែម ឡី លើកឡើងថា ទង្វើរបស់បារាំងនេះមិនត្រឹមត្រូវតាមច្បាប់នោះឡើយ៖ «ញុំគិតថាជំនាន់ហ្នឹង គឺមានន័យថា រដ្ឋាភិបាលកម្ពុជាមិនបានប្រគល់អោយទេ។គឺមានប្រទេសមួយប្រគល់អោយ។ អញ្ចឹងបើសិនជាមានប្រទេសមួយប្រគល់អោយអញ្ចឹងខ្ញុំអាចប្រគល់អាមេរិកហ្នឹងទៅអោយចិនបានហើយចិនអាចទៅគ្រប់គ្រងអាមេរិកបាន…អត់បានទេទាល់តែអាមេរិកហ្នឹងប្រគល់អោយដែរ»។
យ៉ាងណាក៏ដោយចុះ មកដល់ត្រង់នេះ បើទោះជាថាទឹកដីកម្ពុជាក្រោមនៅបន្តឋិតក្រោមការ គ្រប់គ្រងរបស់វៀតណាមក្តី រដ្ឋាភិបាលកម្ពុជាក៏ប្រហែល ជានៅតែអាចជួយខ្មែរក្រោមបានដដែល ទាំងពលរដ្ឋខ្មែរក្រោមឡើងមករស់នៅលើទឹកដីកម្ពុជា និងខ្មែរក្រោមដែលកំពុងរស់ នៅលើទឹកដីកម្ពុជាក្រោមការគ្រប់គ្រងដោយវៀតណាម។
សម្រាប់ខ្មែរក្រោមឡើងមកកម្ពុជា ខ្មែរក្រោមតែងស្នើឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់ភាពស្របច្បាប់ ដល់ពួកគាត់ដូចពលរដ្ឋខ្មែរទូទៅ និងផ្តល់ឱកាសដល់ពួកគាត់កសាងជីវិតនៅលើទឹកកម្ពុជា ដោយគ្មានការគំរាមកំហែង ឬបំភិតបំភ័យ។ ចំពោះពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅដែនដីកម្ពុជាក្រោមឯណោះវិញ រដ្ឋាភិបាលកម្ពុជា ក៏ប្រហែលជាអាចជួយគាំពារពួកគាត់តាមរយៈ ការស្នើទៅកាន់រដ្ឋាភិបាលវៀតណាមឱ្យយកចិត្តទុកដាក់ពលរដ្ឋខ្មែរក្រោមដូចដែលវៀតណាមស្នើកម្ពុជាយកចិត្តទុកដាក់ចំពោះជនជាតិវៀតណាមរស់នៅក្នុងទឹកដីកម្ពុជាដូច្នោះដែរ។ លើសពីនេះ នៅពេលមានការរំលោភបំពានសិទ្ធិខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាម រដ្ឋាភិបាល កម្ពុជាក៏គួរប្រើប្រាស់គ្រប់មធ្យោបាយការទូតដើម្បីជួយខ្មែរក្រោមផងដែរ។
លោកបណ្ឌិត កែម ឡី ក៏ធ្លាប់លើកឡើងពីចំនុចនេះដែរ។ លោកមានប្រសាសន៍ថា ច្បាប់អន្តរជាតិ តម្រូវអោយប្រទេសនីមួយៗការពារជនជាតិដើមភាគតិច។ លោកអះអាងទៀតថា បើរដ្ឋាភិបាលមានឆន្ទៈចង់ជួយដល់ខ្មែរក្រោមមែន បើមិនអាចទាមទារយកមកទឹកដីមកវិញបាន ក៏អាចទាមទារអោយទឹកដីកម្ពុជាក្រោមក្លាយជារដ្ឋឯករាជ្យមួយបានដែរ។ លោកថា នៅលើពិភពលោក មានគេធ្វើបែបនេះជាច្រើនករណីហើយដែរ៖ «កន្លែងហ្នឹងខ្ញុំគិតថា រដ្ឋាភិបាលអាចធ្វើបានហើយអត់ខុសពីច្បាប់អន្តរជាតិទេ។អោយវៀតណាមហ្នឹងផ្តល់ព័ត៌មានជាប្រវត្តិសាស្រ្តហ្នឹងអោយបានត្រឹមត្រូវហើយអោយវៀតណាមហ្នឹងគោរពសិទ្ធិជាមូលដ្ឋាននៅក្នុងកម្ពុជាក្រោមហ្នឹង។អាហ្នឹងក៏ជាអាចថាបានដែរ។ នៅក្នុងកាលៈទេសៈនេះខ្ញុំគិតថា រដ្ឋាភិបាលខ្មែរយើងអាចទាញប្រយោជន៍ច្រើន។ប្រសិនបើក្នុងកាលៈទេសៈនេះរដ្ឋាភិបាលមួយការពារប្រយោជន៍ជនជាតិខ្មែរមែនការពារប្រទេសកម្ពុជាមែន អាចចាត់វិធានការអោយវៀតណាមហ្នឹងគោរពសិទ្ធិខ្មែរកម្ពុជាក្រោមឬមួយក៏រៀបចំធ្វើម៉េចអោយកម្ពុជាក្រោមជាទឹកដីខ្មែរយើងហ្នឹងអោយទៅជារដ្ឋឯករាជ្យមួយ។ រដ្ឋាភិបាលកម្ពុជាអាចទាមទារអាហ្នឹងបាន។ បើយើងមិនទាមទារទឹកដីមកវិញក៏អាចទាមទារជារដ្ឋឯករាជ្យពីព្រោះម៉ូដែលនៅលើពិភពលោកច្រើនដែលលេចចេញរូបរាងហ្នឹងពីព្រោះជនជាតិខ្មែរយើងរស់នៅហ្នឹងច្រើន»។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាហាក់មិនបានយកចិត្តទុកដាក់ចំពោះទុក្ខលំបាក ឬការរំលោភសិទ្ធិមនុស្សខ្មែរក្រោមដោយអាជ្ញាធរវៀតណាមនោះឡើយ ហើយគេក៏ មិនដែលឃើញរដ្ឋាភិបាលកម្ពុជានិយាយជាសាធារណៈស្នើទៅកាន់រដ្ឋាភិបាលវៀតណាមឱ្យគិតគូរពីខ្មែរក្រោម ឬកុំឱ្យមានការរំលោភបំពានសិទ្ធិមនុស្សខ្មែរក្រោមនោះដែរ។
សរុបសេចក្តីមក ដរាបណារដ្ឋាភិបាលរបស់លោក ហ៊ុន សែន នៅតែមិនខ្វល់ខ្វាយ ឬឈឺឆ្អាល ពីទុក្ខលំបាករបស់ខ្មែរក្រោម ប្រាកដណាស់ លោក ហ៊ុន សែន នឹងនៅតែបន្តទទួលនូវការរិះ គន់ថា ហាក់កំពុងបោះបង់ពលរដ្ឋខ្មែរក្រោមដែលជាឈាមជ័រខ្មែរតែមួយចោល និងជា រដ្ឋាភិបាលដែលមិនមានការទទួលខុសត្រូវចំពោះជនជាតិខ្លួនរស់នៅឯបរទេសដែលការពារ ដោយរដ្ឋធម្មនុញ្ញកម្ពុជា។ លើសពីនេះ លោក ហ៊ុន សែន ក៏ប្រហែលជានៅតែត្រូវគេនិយាយ ចោទប្រកាន់ថា ជាអាយ៉ងរបស់វៀតណាម ប្រសិនបើលោកនៅតែមិនហ៊ានលេងស្មើមុខស្មើ មាត់ជាមួយរដ្ឋាភិបាលវៀតណាមទាក់ទងនឹងបញ្ហាទឹកដីកម្ពុជាក្រោម និងជាពិសេសការ រំលោភបំពានសិទ្ធិខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
no this guy can not help any Cambodian he only can kill but Vietnamese he can help them