ទំនាក់ទំនងអន្តរជាតិ ព័ត៌មានជាតិ
លោក សេង ថៃ | ២៧ មេសា ២០២២ | ម៉ោង ១៥:០០
VOD

លោកឧត្តមសេនីយឯក ចនសេន ដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) ជួបពិភាក្សាជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព។ (ហ្វេសប៊ុកលោក ហ៊ុន សែន)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណប្រទេសអូស្ត្រាលីដែលទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ និងមិនគាំទ្រកៅអីរបបខ្មែរក្រហមនៅអង្គការសហប្រជាជាតិមុនគេ។
ការថ្លែងបែបនេះបានធ្វើឡើងក្នុងពេលលោកនាយករដ្ឋមន្ត្រីជួប លោកឧត្ដមសេនីយ៍ឯក ចន សេនដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះ លោក ចន សេនដឺសុន បានបង្ហាញទឹកចិត្តរំភើបដែលបានវិលត្រលប់មកកម្ពុជាវិញ ដើម្បីប្រារព្ធខួប៣០ឆ្នាំនៃប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា និងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ការទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ និងមិនទទួលស្គាល់កៅអីខ្មែរក្រហមនៅអង្គការសហប្រជាជាតិមុនគេ។ លោកបន្តថា ប្រទេសអូស្ត្រាលី ក៏ជាប្រទេសដែលជួយកម្ពុជាឱ្យទទួលបានឯករាជ្យ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
លោកឧត្ដមសេនីយ៍ឯក ចន សេនដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC) កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ មុនជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ចន សេនដឺសុន ក៏បានជួប រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃទី២៥ ខែមេសា ផងដែរ។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នឹងរៀបចំពិព័រណ៍រូបថតដើម្បីរំឭកខួបលើកទី៣០ឆ្នាំនៃបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC)។ ពិព័រណ៍នេះនឹងបើកជូនសាធារណជនទស្សនាដោយសេរី ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី២៨ ខែឧសភា នៅសណ្ឋាគាររ៉ាហ្វល ហូតែល ឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) ក្រុងភ្នំពេញ៕
អានអត្ថបទព័ត៌មានថ្មីៗជាភាសាអង់គ្លេស VODEnglish.news
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។