ការងារ ព័ត៌មានជាតិ
កញ្ញា ប៉ា សុខេង | ២៧ មេសា ២០២២ | ម៉ោង ១៨:៣២
VOD

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ ឬ C-CAWDU) លោក គង់ អាទិត្យ ថ្លែងក្នុងសន្និសីទកាសែតស្ដីពី «ការទាមទារឱ្យកម្មករនិយោជិត១ ៤០៨នាក់បានចូលធ្វើការវិញ និងសងរំឭកប្រាក់ឈ្នួល» ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)
សហជីពដែលធ្វើការលើកកម្ពស់សិទ្ធិកម្មករអះអាងថា ដរាបណារដ្ឋាភិបាល តាមរយៈក្រសួងការងារ មិនប្រើអំណាចដាក់សម្ពាធលើថៅកែឱ្យគោរពច្បាប់ការងារទេ កម្មករនៅតែបាត់បង់អត្ថប្រយោជន៍និងបន្តរងគ្រោះពីការរំលោភសិទ្ធិការងារបន្ថែមទៀត។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីសហជីពមួយរកឃើញថា មានករណីកេងប្រវ័ញ្ចនិងបញ្ឈប់កម្មករដោយគ្មានហេតុផលត្រឹមត្រូវនៅរោងចក្រចំនួន២៣ ដែលស្មើនឹងកម្មករនិយោជិតសរុប១ ៤០៨នាក់។ ការបញ្ឈប់កម្មករដែលសហជីពអះអាងថាដោយខុសច្បាប់នោះ ក្រោយពីពួកគេប្រើប្រាស់សិទ្ធិក្នុងការបង្កើតសហជីពឬអង្គវិជ្ជាជីវៈក្នុងសហគ្រាសដែលពួកគេកំពុងធ្វើការ ខណៈរោងចក្រខ្លះទៀតត្រូវបានបិទទ្វារ ដោយថៅកែមិនបានទូទាត់ប្រាក់ជូនកម្មករតាមច្បាប់ការងារឡើយ។
ថ្លែងក្នុងសន្និសីទកាសែតស្ដីពី «ការទាមទារឱ្យកម្មករនិយោជិត១ ៤០៨នាក់បានចូលធ្វើការវិញ និងសងរំឭកប្រាក់ឈ្នួល» ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ ឬ C-CAWDU) លោក គង់ អាទិត្យ លើកឡើងថា ប្រព័ន្ធនៃការដោះស្រាយវិវាទការងារនៅកម្ពុជាមានភាពទន់ខ្សោយតាមដំណាក់កាល មិនថាក្រសួងការងារ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងតុលាការ។ លោកបន្តថា កម្ពុជាពុំមានតុលាការការងារ ដូច្នេះចំណាត់ការកាន់តែយឺតយ៉ាវទៅទៀត ដែលធ្វើឱ្យកម្មកររាប់ពាន់នាក់ទន្ទឹងរង់ចាំដំណោះស្រាយជាច្រើនឆ្នាំ។
លោកថា នៅរោងចក្រសហគ្រាសមួយចំនួននៅទូទាំងប្រទេស ឱ្យតែមានសហជីពឯករាជ្យ ឬសហជីពការពារសិទ្ធិកម្មករនៅក្នុងគ្រឹះស្ថាននោះ ថៅកែចេះតែរើសអើង បញ្ឈប់កម្មករទាំងគ្មានហេតុផលសមរម្យក្រោមរូបភាពផ្សេងៗ។
បញ្ហានេះ ប្រធានសហជីពស៊ីខៅឌូថា ធ្វើឱ្យការបំពានសិទ្ធិកម្មករចេះតែកើតឡើងដដែលៗ និងច្រើនឡើងៗ ហើយអ្នកដែលរងគ្រោះគឺនយោជិតតូចតាច។
លោកថា៖ «និយោជកគាត់អត់ខ្លាច! ទី១ កើតឡើងដោយសារច្បាប់យើងនូវការអនុវត្តទៅ វាទន់ខ្សោយ។ ទី២ គឺការដាក់ពិន័យ វានៅតិច វាអត់មានសម្ពាធអីធំទៅលើនិយោជក។ អ៊ីចឹងបានយើងសំណូមពរដែរថា បើសិនជាមានការដំឡើងនូវសម្ពាធដាក់ពិន័យ ដែលចុះទៅអធិការកិច្ចហ្នឹង ប្រហែលជាវិវាទហ្នឹងវាអាចកាត់បន្ថយ។ ដោយសារអី? ដោយសារនិយោជកគាត់រាងខ្លាច! យើងមិនមែនដល់ថ្នាក់ទៅចាប់ចងនិយោជកអីទេ ពីព្រោះជាករណីស៊ីវិល។ អ៊ីចឹងករណីស៊ីវិល យើងត្រូវប្រើប្រព័ន្ធស៊ីវិលដើម្បីធ្វើឱ្យច្បាប់តឹងរ៉ឹង»។
លោកថា ករណីថៅកែបញ្ឈប់កម្មករដោយផ្ទុយពីនីតិវិធី គឺមានចេតនាគេចវេះមិនផ្ដល់សំណងតាមច្បាប់ដល់កម្មករ។ បញ្ហានេះ ដែលទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ដាក់សម្ពាធលើថៅកែ ធ្វើយ៉ាងណាឱ្យពួកគេគោរពច្បាប់ការងារដោយតម្លាភាព តាមរយៈការផាកពិន័យ រឹតបន្តឹងឱ្យនិយោជកមានការខ្លាចរអាចំពោះការបំពានសិទ្ធិកម្មករ។
បើមិនដូច្នេះទេ លោកថា កម្មករស្លូតត្រង់ដែលបានចំណាយពេលវេលាធ្វើការជាច្រើនឆ្នាំ ត្រូវបានថៅកែបញ្ឈប់ដោយពុំមានសំណងប្រាក់អត្ថប្រយោជន៍តាមច្បាប់ ធ្វើឱ្យប៉ះពាល់ដល់ជីវភាព ប្រឈមបញ្ហាសុខភាព អត្រាភាពក្រីក្រកើនឡើង ហើយចំណូលពន្ធជាតិក៏ត្រូវខាតបង់ផងដែរ។
អតីតកម្មការិនីផ្នែករៀបអំបោះនៅរោងចក្រ ឃីងវេយ៍ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល អ្នកស្រី សយ ម៉េងហ៊ ថ្លែងថា អ្នកស្រីត្រូវបានថៅកែបញ្ឈប់ពីការងារតាំងពីខែឧសភា ឆ្នាំ២០១៧ ដោយពុំទទួលបានប្រាក់អតីតភាពការងារនិងប្រាក់អត្ថប្រយោជន៍ បើទោះគាត់បានធ្វើការនៅទីនោះជាង៧ឆ្នាំក្ដី។
អ្នកស្រីបន្ថែមថា មូលហេតុរោងចក្របញ្ឈប់គាត់ពីការងារ ដោយសារអ្នកស្រីបានចូលជាសមាជិកសហជីពស៊ីខៅឌូ ហើយក្រោយមកកម្មករដែលពាក់ព័ន្ធនឹងសហជីពនេះក៏ត្រូវបានបញ្ឈប់ជាបន្តបន្ទាប់ ក្រោមហេតុផលថាគ្មានការងារឱ្យធ្វើ។
យ៉ាងណា អ្នកស្រីចាត់ទុកហេតុផលនេះ គឺមិនសមស្របឡើយ ប៉ុន្តែជាការរើសអើងកម្មករដែលជាសមាជិកសហជីពច្រើនជាង។
កម្មការិនីរូបនេះថា៖ «ខាងនិយោជកគាត់អត់ធ្វើដឹង[អត់ធ្វើ]ឮមែន! ពេលខាងក្រសួងហៅពួកខ្ញុំទៅជុំគ្នាជាមួយគាត់ គាត់ឆ្លើយថាគាត់រវល់។ គាត់តែងតែរកលេសថាគាត់រវល់ណាស់ គាត់មកអត់បានទេ ឬមួយគាត់ថាមានបញ្ហាអីផ្សេងៗ។ អ៊ីចឹងនិយាយឱ្យចំយ៉ាងខ្លី គឺគាត់គេចវេះ គាត់អត់មានដំណោះស្រាយអី។ អ៊ីចឹងបានក្រសួងការងារ ឬមួយរដ្ឋាភិបាលយើង [គួរ] ដាក់គំនាប ថាឥលូវ [បើ] គាត់អត់មកដោះស្រាយដូចថ្ងៃដែលណាត់ អញ្ចេះមួយអញ្ចេះពីរ គាត់[ក្រសួង]មានវិធានការចាត់ចែងមួយថា ដាក់ជាការផាកពិន័យ ឬមួយអី ប្រហែលជាគាត់[ថៅកែ]ខ្លាច»។
ទោះបីជាដឹងថាការបញ្ឈប់ពីការងារនោះជារឿងអយុត្តិធម៌សម្រាប់កម្មករក៏ដោយ ប៉ុន្តែអ្នកស្រីថាមានកម្មករខ្លះបានបង្ខំចិត្តទទួលយកត្រឹមប្រាក់ខែចុងក្រោយពីថៅកែ ដោយបារម្ភខ្លាចមិនទទួលបានអ្វីសោះ។
កម្មករផ្នែកអ៊ុតសម្លៀកបំពាក់នៅរោងចក្រ នីអូមេរីឌាន អ៊ិនដាសស្រ្ទី ក្នុងស្រុកស្អាង ខេត្តកណ្ដាល លោក មាន សាមុត អះអាងថា លោកត្រូវបានថៅកែបញ្ឈប់ពីការងារដោយគ្មានមូលហេតុកាលពីឆ្នាំ២០២០ ដោយពុំមានសំណងប្រាក់ទាល់តែសោះ ដែលផ្ទុយពីច្បាប់ការងារ ខណៈលោកបានធ្វើការនៅរោងចក្រនោះ ៩ឆ្នាំមកហើយ។
ក្រៅពីករណីបញ្ឈប់ពីការងារដោយអយុត្តិធម៌ហើយ កម្មកររូបនេះបញ្ជាក់ថា គាត់ក៏ប្រឈមបញ្ហាពិបាករកការងារធ្វើដែរ ដោយសារលោកជាសមាជិកសហជីពស៊ីខៅឌូកន្លងមក។
លោកថា៖ «ពិបាករកការងារណាស់! ពួកខ្ញុំទៅ [រកការងារ] កន្លែងណា ក៏គេអត់ចង់យកដែរ ព្រោះពួកខ្ញុំពាក់ព័ន្ធជាមួយសហជីព ដោយសារមានការរើសអើងជាមួយពួកខ្ញុំអ៊ីចឹង។ រើសអើងដូចថា ឧទាហរណ៍ថាបើសិនជាពួកខ្ញុំចូលទៅរោងចក្រផ្សេងទៀតអ៊ីចឹង គេមើលមកយើងថាអានេះធ្លាប់ចូលទៅ[ធ្វើការនៅ]នេះ [ខ្លាច]ទៅបំផុសកម្មករគេឱ្យចូលសហជីព[ស៊ីខៅឌូ]ទៀត។ អ៊ីចឹងទៅ ពេលហើយគេអត់ចង់យកយើងទេ។ គេដឹង[ថាយើងពាក់ព័ន្ធសហជីព] ព្រោះថាគេឆែកមើលក្នុង[ឯកសារ]នេះរបស់គេ គេដឹង»។
បើទោះជាយ៉ាងនេះក្តី លោក មាន សាមុត ថាគាត់មិនស្ដាយក្រោយទេដែលចូលជាសមាជិកសហជីពស៊ីខៅឌូ ព្រោះចង់ការពារសិទ្ធិសេរីភាពរបស់ខ្លួននិងកម្មករដទៃទៀត។
លោកស្នើទៅប្រមុខរដ្ឋាភិបាលគួរដាក់សម្ពាធទៅថៅកែឱ្យគោរពសិទ្ធិកម្មករ និងច្បាប់ការងារ ដោយអនុញ្ញាតឱ្យលោកនិងកម្មករផ្សេងទៀតបានចូលធ្វើការវិញ ព្រមទាំងទទួលបានសំណងតាមច្បាប់ការងារ។
វីអូឌី មិនអាចទាក់ទងភាគីរោងចក្រ នីអូមេរីឌាន អ៊ិនដាសស្រ្ទី បានទេ។ ដោយឡែក បុរសម្នាក់ដែលអះអាងថាជាបុគ្គលិករដ្ឋបាលរបស់រោងចក្រ ឃីងវេយ៍ លោក អៀម វិសាល ថ្លែងថា រោងចក្រនេះបានបិទទ្វារហើយតាំងពីចុងឆ្នាំ២០១៨។ យ៉ាងនេះក្តី លោកថា ថៅកែបានទូទាត់សំណងដល់កម្មករទាំងអស់ដែលបានបញ្ឈប់ពីការងារហើយដែរ។
លោកថា៖ «រោងចក្រនេះបានបិទហើយ! ដូចអត់មាន [រឿងដែលបញ្ឈប់កម្មករដោយសារពាក់ព័ន្ធសហជីព]។ បិទទ្វារចុងឆ្នាំ២០១៨ ដើមឆ្នាំ ២០១៩! មិនច្បាស់ថារោងចក្របិទទ្វារដោយសារអីទេ។ គេសងទាំងអស់តើ! មានសំណងទាំងអស់»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ថ្លែងថា កាលពីម្សិលមិញ ក្រសួងការងារបានជួបជាមួយសហជីពស៊ីខៅឌូ ដើម្បីសុំព័ត៌មានបន្ថែម ថាតើជាវិវាទរួម ឬវិវាទបគ្គល ដែលនាំទៅដល់ការបញ្ឈប់បុគ្គលិក និងសុំការពន្យល់អំពីករណីរោងចក្រដែលបិទទ្វារ។
លោកថា៖ «រីឯរោងចក្រដែលប្តូរឈ្មោះ គឺយើងត្រូវពិនិត្យលើឯកសារ តើជាការគ្រាន់តែប្តូរឈ្មោះ ឬយ៉ាងម៉េច។ ចំពោះរោងចក្រដែលកំពុងដំណើរការ គឺយើងក៏សុំព័ត៌មានបន្ថែមដើម្បីពិនិត្យ តើជាការបញ្ឈប់ដោយសារមូលហេតុអ្វី! ហើយករណីនោះជាវិវាទរួម ឬវិវាទបុគ្គល ដែលនាំទៅដល់ការបញ្ឈប់បុគ្គលិកនេះ»។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ក្រសួងការងារដដែលអះអាងថា មន្ត្រីជំនាញនឹងបន្តជួបជាមួយភាគីសហជីពលើករណីនេះបន្ថែមទៀត៕
អានអត្ថបទព័ត៌មានថ្មីៗជាភាសាអង់គ្លេស VODEnglish.news
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។