សមត្ថកិច្ច​រាជធានីភ្នំពេញ​​បន្ត​​ដាក់​រនាំង​និង​​​កម្លាំង​ ដើម្បីរារាំង​ក្រុមកូដករ​ណា​ហ្គា​វើលដ៍

ការងារ ព័ត៌មានជាតិ សង្គម
កញ្ញា ខាន់ លក្ខិណា | ២៨ មិថុនា ២០២២ | ម៉ោង ២១:៣៨
VOD

កូដករប្រមាណ១០០នាក់បានព្យាយាមទៅប្រមូលផ្ដុំធ្វើកូដកម្ម​ជាថ្មីទៀត នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ប៉ុន្តែត្រូវបានសមត្ថកិច្ចជាច្រើននាក់រារាំង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

កូដករប្រមាណ១០០នាក់បានព្យាយាមទៅប្រមូលផ្ដុំធ្វើកូដកម្ម​ជាថ្មីទៀត នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ប៉ុន្តែត្រូវបានសមត្ថកិច្ចជាច្រើននាក់រារាំង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)​


សមត្ថកិច្ចចម្រុះ​រាជធានីភ្នំពេញ​ជាច្រើននាក់ បានបន្ត​ដាក់រនាំង​ដើម្បីរារាំង​ក្រុម​កូដករក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានចេញធ្វើកូដកម្មទាមទាររកដំណោះស្រាយ​វិវាទការងារជាមួយក្រុមហ៊ុន។

ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណ១០០នាក់ នាថ្ងៃអង្គារ​នេះ បានចេញធ្វើកូដកម្មជាថ្មីទៀត បើទោះបីរងការរុញច្រាន និង​រារាំងពីសំណាក់​អាជ្ញាធររាជធានីភ្នំពេញក៏ដោយ។

កូដករម្នាក់​ក្នុងចំណោមកូដករជាង ១០០នាក់ បានប្រាប់អ្នកសារព័ត៌មាន​នៅជិតស្ថានទូតរុស្ស៊ី អំឡុងសមត្ថកិច្ចរារាំង​ពួកគេមិនឱ្យដើរទៅជិតក្រុមហ៊ុន​ថា សមត្ថកិច្ចមិនបានជួយសម្រួល​ផ្លូវ និង​ការពារពួកគាត់ទេ​ ហើយ​ថែមទាំងប្រើប្រាស់អំពើហិ​ង្សាលើពួកគាត់ទៀត។ កញ្ញាបង្ហាញការខកចិត្តដែល​ក្រុ​មសមត្ថកិច្ចជាបុរសប្រើប្រាស់ អំពើហិង្សា និង​បន្តរារាំងពួកគាត់ទៅប្រមូលផ្ដុំតវ៉ានៅក្រុមហ៊ុន។

កញ្ញាបញ្ជាក់​ថា ពួកគាត់បន្តចេញធ្វើកូដកម្មនេះ ដោយសារ​វិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ មិនទាន់ត្រូវបានដោះស្រាយ បើទោះបីជា​កន្ល​ង​មក ពួកគាត់បាននាំគ្នាស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធឱ្យជួយក៏ដោយ។

កាលពីសប្តាហ៍មុន កូដករ​ណាហ្គា បាននាំគ្នាដាក់ញត្តិទៅកាន់ខុទ្ទ​កាល័យ​នាយករដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីស្នើ​ដល់ប្រមុខរដ្ឋាភិបាលនិងស្ថាប័នមួយនេះ​ ជួយ​អន្តរាគមន៍រកដំណោះស្រាយ​វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍​ ដែលអូសបន្លាយជាង១ឆ្នាំមក​ហើយ​។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះ បានកើតឡើងក្រោយ​ពេល​ដែល​ក្រុម​ហ៊ុន​នេះ​បាន​បញ្ឈប់​បុគ្គលិក​ចំនួន​១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិក​សរុប​ជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូ​វីដ-១៩៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles