តុលាការ និងច្បាប់ ព័ត៌មានជាតិ
លោក ម៉ម មុនីរតន៍ | ២៩ មិថុនា ២០២២ | ម៉ោង ១២:០៥
VOD

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិភាពត្រូវរ៉ូវជាមួយរដ្ឋបរទេស» ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានស្នើទៅកាន់ចៅក្រមជំនុំជម្រះ ឱ្យឃុំខ្លួនលោក កឹម សុខា ជាបណ្ដោះអាសន្នឡើងវិញ ដោយព្រះរាជអាជ្ញាចោទប្រកាន់លោក កឹម សុខា ថាបានបំពានបម្រាមរបស់តុលាការ ក្រោយលោក កឹម សុខា បានចុះជួបអ្នកគាំទ្ររបស់ខ្លួនកាលពីពេលកន្លងទៅ។
ការប្រកាសស្នើរបស់ព្រះរាជអាជ្ញានេះ ធ្វើឡើងក្នុងពេលចៅក្រមសាលាដំបូងរាជធានីភ្នំពេញកំពុងបើកសវនាការលើកទី៤៦ ជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា។
អ្នករាយការណ៍ព័ត៌មានវីអូឌី លោក ម៉ម មុនីរតន៍ ដែលកំពុងចូលរួមតាមដានយកព័ត៌មានក្នុងបន្ទប់សវនាការ បានឱ្យដឹងមុននេះបន្តិចថា ចៅក្រមកំពុងទុកពេលវេលា ៣០នាទី ដើម្បីឱ្យភាគីទាំងសងខាងធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ មុនពេលចៅក្រមធ្វើសេចក្តីសម្រេចថាត្រូវឃុំឬមិនឃុំខ្លួនលោក កឹម សុខា ជាថ្មីនោះ។
បើទោះជាលោក កឹម សុខា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែលោកត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយហាមមិនឱ្យធ្វើសកម្មភាពមួយចំនួន រួមមាន មិនឱ្យធ្វើសកម្មភាពនយោបាយ ត្រូវបង្ហាញខ្លួនរាល់ពេលមានការកោះរបស់តុលាការ និងហាមមិនឱ្យធ្វើដំណើរចេញទៅក្រៅប្រទេស។
ទោះជាយ៉ាងណា ព្រះរាជអាជ្ញាបានលើកឡើងថា លោក កឹម សុខា បានបំពានបម្រាមរបស់តុលាការ បន្ទាប់ពីមេបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយរូបនេះ បានចុះជួបសំណេះសំណាលជាមួយអ្នកគាំទ្ររបស់ខ្លួនកាលពីពេលថ្មីៗនេះ។
លោក កឹម សុខា ត្រូវបានរងការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពត្រូវរ៉ូវជាមួយរដ្ឋបរទេស» ចង់ផ្តួលរំលំរដ្ឋាភិបាល។ លោកត្រូវបានតុលាការបិទសិទ្ធិធ្វើនយោបាយប្រមាណ៤ឆ្នាំមកហើយ គិតចាប់ពីថ្ងៃចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។